អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបម្រើការលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាតាំងពីឆ្នាំ១៩៥៩ នឹងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលេចរូបរាងឡើងនូវអាកាសយានដ្ឋានអន្តរជាតិថ្មី ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរិវុត្ថា បានលើកឡើងថា បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងផ្ទេរជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។
លោកអះអាងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះមានតម្លៃ ១៥០០លានដុល្លារ ហើយថាការកំណត់ថ្ងៃ ឬពេលវេលាជាក់លាក់នៃការបិទព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ គឺវាអាស្រ័យទៅលើការវាយតម្លៃចុងក្រោយ និងសវនកម្មលើកទី២ របស់ក្រុមការងារបច្ចេកទេស ដែលធ្វើឡើងនៅដំណាច់ខែឧសភា ខាងមុខនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា បានអះអាងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងបិទដំណើរការនៅម៉ោង ០០:០០យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នោះ គឺដោយសារប្រតិបត្តិការទាំងអស់ ត្រូវរើទាំងស្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ តាមការគ្រោងទុក។
លោកបញ្ជាក់ថា ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺជាជើងហោះហើរ Korean Air។
គម្រោងវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយមានទុនវិនិយោគប្រមាណ ១៥០០លានដុល្លារ (មិនគិតបញ្ចូលតម្លៃដី) ដែលជាការវិនិយោគរវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០% និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ១០%។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុបទំហំ ២៦០០ហិកតា ស្ថិតនៅចម្ងាយប្រមាណជា ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិខ្នាតធំលំដាប់ 4F នេះ អាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗ ដូចជា Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។
អាកាសយានដ្ឋាននេះរចនាឡើងជា ៣ដំណាក់កាល ដោយដំណាក់កាល១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ អាចទទួលភ្ញៀវបានចំនួន ១៥លាននាក់។ ដំណាក់កាលទី២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ទទួលភ្ញៀវបាន ៣០លាននាក់ និងដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០៥០ អាចទទួលភ្ញៀវបាន ៤៥លាននាក់។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានសាងសង់ជាលើកដំបូងដោយបារាំង នៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ដោយមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង»។
ដើម្បីឆ្លើយតបនឹងកំណើនចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស អាកាសយានដ្ឋាននេះត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន SCA ឬ (Société de Concession de l’Aéroport)។ អាកាសយានដ្ឋានបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០០២ មានលទ្ធភាពទទួលអ្នកដំណើរបាន ៥លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
