The Cambodia Daily Khmer

សមាជិក​សភា​ជប៉ុន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​សួរនាំ​លោក ហ៊ុន ម៉ាណែត អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៃ​រដ្ឋាភិបាល​ជប៉ុន លោក ណាតូ សាកាគូឈិ (Naoto Sakaguchi) និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៃ​រដ្ឋាភិបាល​ជប៉ុន លោក ណាតូ សាកាគូឈិ (Naoto Sakaguchi) និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា

សមាជិក​សភា​ជប៉ុន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន លើកឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន នា​ខែ​ឧសភា នេះ ដើម្បី​ជា​លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​បន្ត​ទៅ​ទៀត។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ណាតូ សាកាគូឈិ (Naoto Sakaguchi) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​សភា​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​សង្កត់​ធ្ងន់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន សួរនាំ​លោក ហ៊ុន ម៉ាណែត ដោយ​ចំ​មុខ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​នា​ចុង​ខែ​នេះ។

លោក ណាតូ សាកាគូឈិ បាន​រិះគន់​សកម្មភាព​នានា​របស់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន លោក ទុយ រី ចំពោះ​ការ​ឃ្លាំមើល និង​ដាក់​សម្ពាធ​មក​លើ​ប្រជាជន​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន សព្វថ្ងៃ​នេះ​ផង​ដែរ។

ក្រៅពី​នេះ​ទៀត លោក​ក៏​បាន​លើកឡើង​ពី​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ក្នុង​ប្រទេស​ជប៉ុន ក្រោម​កិច្ច​អន្តរាគមន៍​ពី​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន លោក ទុយ រី ថែម​ទៀត។

លោក ណាតូ សាកាគូឈិ បាន​ជំរុញ​យ៉ាង​ខ្លាំង​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក អ៊ិវ៉ាយ៉ា តាកិស៊ិ (IWAYA Takeshi) ឱ្យ​ជំរុញ​លោក ហ៊ុន ម៉ាណែត កែលំអ​ស្ថានភាព​សិទ្ធិមនុស្ស​ជាបន្ទាន់ ដើម្បី​ជា​លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​បន្ត​ទៀត។

យោង​តាម​ក្រសួង​ការបរទេស​ជប៉ុន បាន​ឱ្យ​ដឹង​ថា កាលពី​ដើម​សប្តាហ៍​នេះ លោក ហ៊ុន ម៉ាណែត គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៤​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កម្មវិធី​សន្និសីទ​អន្តរជាតិ​លើក​ទី​៣០ ស្ដីពី «អនាគត​ទ្វីប​អាស៊ី» ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​សារព័ត៌មាន Nikkei Inc. ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៥ ខាងមុខ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ ឧសភា នេះ​ថា ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ជុំវិញ​ការ​បិទ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​គំរាមកំហែង​ឆ្លងដែន​ពី​សំណាក់​សមាជិក​សភា​ជប៉ុន គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​រាជាណាចក្រ​កម្ពុជា​ពិត​ជា​ញាំញី​ទៅ​ដោយ​ការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ប្រាកដ​មែន។

លោក អ៊ុំ សំអាន លើកឡើង​ថា សិទ្ធិ​ពលរដ្ឋ​គ្រប់​បែប​យ៉ាង​នៅ​ស្រុក​ខ្មែរ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន បិទ​ខ្ទប់​គ្រប់​បែប​យ៉ាង ដែល​ជា​ទង្វើ​ផ្ទុយ​ពី​មាត្រា​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ការទូត​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ​ប្រទេស​ជា​មិត្ត​ដែល​មាន​បំណង​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version