The Cambodia Daily Khmer

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​ហោះហើរ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៥

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ស្ថាបនា​ដោយ​ថវិកា​ចិន ពី​គម្រោង​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ចំនួន ១៥០០​លាន​ដុល្លារ គ្រោង​នឹង​បើក​ដំណើរការ​ហោះហើរ​ចុះ​ឡើង​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួរ នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា។

សង់​ហើយ ចិន​នឹង​គ្រប់គ្រង ចាត់ចែង​រក​ចំណូល​វិញ​ក្នុង​រយៈពេល ៥០​ឆ្នាំ ទើប​ប្រគល់​ឲ្យ​មក​ខាង​ខ្មែរ​វិញ។ វាល​យន្តហោះ​ដ៏​ទំនើប​នេះ សង់​អស់​ថវិកា​ជិត ១​ពាន់​លាន​ដុល្លារ​ហើយ ប៉ុន្តែ​ទើប​នឹង​សង់​បាន ៦៦% ប៉ុណ្ណោះ លើ​ផ្ទៃដី ២៦០០​ហិកតា​ក្នុង​ខេត្ត​កណ្តាល ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ហើយ​មាន​វិស្វករ​ចំនួន ៣៥០០​នាក់។

គេ​ចាត់ទុក​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ថ្នាក់ 4F ដែល​មាន​សមត្ថភាព​ឲ្យ​យន្តហោះ​ដឹក​អ្នក​ដំណើរ និង​ដឹក​ទំនិញ​ប្រភេទ Boeing-747 Airbus-380 ចុះ​ឡើង​បាន ដោយ​ថ្នល់​ហោះហើរ​ឡើង​ចុះ​ប្រវែង​យ៉ាងតិច ៣០០០​ម៉ែត្រ ឬ ៣​គីឡូម៉ែត្រ សម្រាប់​យន្តហោះ​រត់​ល្បឿន​ពី ២២៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅ ២៦១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ប្រទេស​ចិន មាន​អាកាសយានដ្ឋាន​ប្រភេទ 4F នេះ​ចំនួន​៩។ បន្ទាប់​មក អាកាសយានដ្ឋាន​ឆាងអ៊ី សិង្ហបុរី; ហាម៉ាដ នៅ​ដូហា ប្រទេស​កាតារ; ហានីដា នៅ​ជប៉ុន និង​តេជោ នៅ​រាជាណាចក្រ​កម្ពុជា។

មន្ត្រី​អាកាសចរណ៍​ស៊ីវិល អះអាង​ថា អាកាសយានដ្ឋាន​តេជោ នឹង​ទទួល​រ៉ាប់រង​បម្រើ​ទេសចរ ១៣​លាន​នាក់ ចាប់ពី​ឆ្នាំ​២០២៥; ៣០​លាន​នាក់​នៅ​ឆ្នាំ​២០៣០ និង ៥០​លាន​នាក់​នៅ​ឆ្នាំ​២០៥០។

ទោះជា​យ៉ាងណាក៏ដោយ មាន​បញ្ហា​មួយ​ចំនួន​ដោះស្រាយ​មិន​ទាន់​បាន​ជោគជ័យ ដែល​អាច​ធ្វើ​ឲ្យ​ទេសចរ​បរទេស​ស្ទាក់ស្ទើរ​មិន​ហ៊ាន​មក​លេង​ប្រទេស​កម្ពុជា គឺ​ប្រទេស​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួន គ្រាន់តែ​មាន​រន្ទះ​បាញ់​ក្នុង​ពិធី​ជំនឿ​មួយ​នៅ​លើ​ប្រាង្គ​ប្រាសាទ​អង្គរ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ប្រមាណ​ជាង ១០​នាក់​កាលពី​ថ្ងៃ​សុក្រ ទី​១៦ ឧសភា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ហួត ហាក់ បញ្ជា​ឲ្យ​ពលរដ្ឋ​លុប​រូបថត និង​ហាម​មិន​ឲ្យ​បង្ហោះ​តាម​ហ្វេសប៊ុក យូធូប អំពី​ហេតុការណ៍​នោះ ខ្លាច​ទេសចរ​លែង​ទៅ​ទស្សនា​អង្គរវត្ត។

លោក​គួរតែ​ហាម​អ្នក​កាន់​ជំនឿ កុំ​ឲ្យ​ឡើង​ទៅ​ទី​ខ្ពស់​នា​រដូវវស្សា ខ្លាច​រន្ទះ​បាញ់ ពីព្រោះ​ប្រាសាទ​អង្គរវត្ត​ពុំ​មាន​ប្រព័ន្ធ​ខ្សែ​បញ្ចៀស​ចរន្ត​អគ្គិសនី​ដូច​អគារ​ខ្ពស់ៗ​សម័យ​ទំនើប​នេះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version