The Cambodia Daily Khmer

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ត​ពី​ឪពុក​ប្រកាស​ថា ទំនាក់ទំនង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា (ស្ដាំ) ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស-២០២៥ រវាង​កងទ័ព​កម្ពុជា-ចិន នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា (ស្ដាំ) ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស-២០២៥ រវាង​កងទ័ព​កម្ពុជា-ចិន នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា អះអាង​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ​ដាច់ខាត គឺ​មាន​តែ​រីកចម្រើន និង​រឹងមាំ​ខ្លាំង​ជាង​មុន ជាពិសេស​គឺ​កិច្ចសហការ​រវាង​កងទ័ព និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។

លោក ទៀ សីហា លើកឡើង​នៅ​ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៥ រវាង​កងទ័ព​កម្ពុជា-ចិន ដែល​បាន​ធ្វើឡើង​នៅ​ភ្នំ​ជុំសែនរីករាយ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​រឹងមាំ ដូច្នេះ​ការ​វាយប្រហារ​ដើម្បី​បំបែក​សាមគ្គីភាព​រវាង​កម្ពុជា និង​ចិន គឺ​មិន​អាច​ជោគជ័យ​បាន​ឡើយ។

លោក ទៀ សីហា បាន​ច្រានចោល​នូវ​ការ​លើកឡើង​ដែល​ថា ទំនាក់ទំនង​រវាង​កម្ពុជា-ចិន មាន​ការ​ថយ​ចុះ​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ងាក​ទៅ​ពឹង​ផ្អែក​លើ​ប្រទេស​ផ្សេងៗ​ជំនួស​ឱ្យ​ការ​ពឹងផ្អែក​ចិន។

មន្ត្រី​យោធា​ជាន់ខ្ពស់​រូប​នេះ​បញ្ជាក់​ថា ផ្អែក​តាម​សមិទ្ធផល និង​លំហូរ​ពាណិជ្ជកម្ម រួម​ទាំង​ការ​ឧបត្ថម្ភ​ផ្នែក​យោធា​ដែល​កម្ពុជា​ទទួល​បាន​ពី​មិត្ត​ចិន និង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង មក​កម្ពុជា​ទៀត​នោះ គឺ​រឹតតែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ជិតស្និទ្ធ និង​ការ​ពង្រឹង​នូវ​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ឈាន​ទៅ​មុខ​ខ្ពស់​ឡើង​ជា​លំដាប់។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ចាត់ទុក​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​លើកឡើង​អំពី​ការ​រឹតចំណង​ទំនាក់ទំនង​កម្ពុជា-ចិន ថា​ជា​ការ​និយាយ​ត្រាប់​តាម​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា ពិត​មែន​តែ​មន្ត្រី​ទាំងនោះ​លើកឡើង​ពី​ភាព​ប្រសើរ​នៃ​ការ​រឹតចំណង​មិត្តភាព​រវាង​កម្ពុជា-ចិន ដោយ​មើល​ត្រឹមតែ​ជំនួយ​ចិន កម្ចី​ចិន ប៉ុន្តែ​ទំនាក់ទំនង​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ស៊ីជម្រៅ​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​ចិន បែប​ណា​នោះ ពួកគេ​ប្រាកដជា​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​អះអាង​ថា គោលបំណង​សំខាន់​របស់​លោក ហ៊ុន សែន ចំពោះ​ទំនាក់ទំនង​ចិន ពិតប្រាកដ គឺ​ដើម្បី​តែ​ពឹង​ចិន ឱ្យ​ជួយ​ការពារ​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៅ​កូន​របស់​គាត់ និង​ពូជ​របស់​គាត់​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​តែប៉ុណ្ណោះ មិនមែន​ដើម្បី​ភាព​រុងរឿង​របស់​កម្ពុជា ហើយ​ក៏​មិនមែន​ដើម្បី​ពលរដ្ឋ​ខ្មែរ​នោះ​ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​អះអាង​ថា ទំនាក់ទំនង​កម្ពុជា-ចិន ដែល​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​យូរអង្វែង បាន​រីកចម្រើន​រហូត​ដល់​កម្រិត​ដែល​មិន​អាច​បំបែក​បាន ទោះ​កម្ពុជា​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី​ក៏ដោយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version