សមាជិកសភាជប៉ុន ស្នើឲ្យមានច្បាប់បង្កកទ្រព្យសម្បត្តិ ឬហៅថា Magnitsky Act ទៅលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងមន្ត្រីភូមា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទៅកាន់គណៈកម្មការកិច្ចការបរទេសរដ្ឋសភាជប៉ុន ឱ្យបានឆាប់ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសទាំងពីរនេះឡើងវិញ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក ណាអូតុ សាកាគូឈិ (Naoto Sakaguchi) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា ការស្នើច្បាប់នេះ គឺដោយសារតែមន្ត្រីរដ្ឋាភិបាលកម្ពុជា និងភូមា បានបង្ក្រាបទៅលើអ្នកប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដោយការចាប់ដាក់គុក ការបាញ់សម្លាប់ រហូតធ្វើឱ្យសកម្មជននានា រួមទាំងអ្នកនយោបាយប្រឆាំងជាដើម ត្រូវរត់ភៀសខ្លួនជាបន្តបន្ទាប់។
បំណងនៃការស្នើច្បាប់នេះ ធ្វើឡើងស្របគ្នាទៅនឹងគោលបំណងនៃការប្រកាសធ្វើបាតុកម្មរបស់ពលករខ្មែរក្នុងប្រទេសជប៉ុន ប្រឆាំងលោក ហ៊ុន ម៉ាណែត ដែលកំពុងមានវត្តមានក្នុងប្រទេសនេះ។
គិតត្រឹមឆ្នាំ២០២៥ នេះ យ៉ាងហោចណាស់មានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ចំនួន ៦នាក់ហើយ រួមទាំងឈ្មួញទុច្ចរិតដែលស្និទ្ធនឹងលោក ហ៊ុន សែន ផងដែរ ដែលបានទទួលរងនូវទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការក្រោមច្បាប់ Magnitsky Act របស់សហរដ្ឋអាមេរិក ដូចជា លោក ចៅ ភិរុណ លោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព និងលោក លី យ៉ុងផាត់។
ក្រុមការងារបាតុករក្នុងប្រទេសជប៉ុន លោក គង់ ជិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ឧសភា នេះថា ការប្រមូលផ្ដុំធ្វើបាតុកម្មក្នុងប្រទេសជប៉ុន ប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ដែលនឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសជប៉ុន នាពេលខាងមុខនេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាលខ្មែរស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
លោក គង់ ជិ បញ្ជាក់ថា នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវបានរារាំងទាំងស្រុងក្រោមការដឹកនាំរបស់បក្សកាន់អំណាច ខណៈច្បាប់ដែលយកមកអនុវត្តកន្លងមកនោះ គឺដើម្បីតែតាមកម្ចាត់អ្នកដែលបញ្ចេញមតិរិះគន់រដ្ឋាភិបាលតែប៉ុណ្ណោះ។
នៅថ្ងៃទី២៨ ខែឧសភា នេះ យុវជន និងពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុន បានប្រកាសធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងបំណងទាមទារឱ្យដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការ និងស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ជាងនេះទៀត ក៏ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) និងប្តឹងករណីកោះគុត និងប្រាសាទតាមាន់ធំទៅកាន់តុលាការអន្តរជាតិផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
