សង្គ្រាមលម្ហអាកាសសងសឹករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ចូលដល់ថ្ងៃទី៦ ហើយនៅថ្ងៃពុធ ទី១៨ ខែមិថុនា។
ក្នុងស្ថានភាពនេះ ភាគីទាំងពីរនេះនៅតែបើកការវាយប្រហារគ្នាយ៉ាងធ្ងន់ធ្ងរដាក់គ្នាទៅវិញទៅមក ប៉ុន្តែអ៊ីស្រាអែល ត្រូវគេមើលឃើញថាមានប្រៀបខ្លាំងជាងអ៊ីរ៉ង់ បន្តិចត្រង់ថា អ៊ីស្រាអែលគ្រប់គ្រងលម្ហអាកាសអ៊ីរ៉ង់ បានសឹងតែទាំងស្រុង ជាមួយនឹងការបើកប្រតិបត្តិការកងយន្តហោះចម្បាំងហោះទៅវាយសន្ធប់លើដែនដីអ៊ីរ៉ង់ ផ្ទាល់តែម្ដង។
ម្យ៉ាងទៀត អ៊ីស្រាអែលមានប្រៀបខ្លាំងជាងអ៊ីរ៉ង់ បន្តិច ដោយសារតែសហរដ្ឋអាមេរិករង់ចាំអន្តរាគមន៍ជួយអ៊ីស្រាអែល ដូចជា ការបំពាក់អាវុធទំនើបៗ និងជាពិសេសគ្រាប់បែកទម្ងន់រាប់តោន អាចនឹងផ្ដល់ឱ្យអ៊ីស្រាអែល ដើម្បីបំពាក់យន្តហោះទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយឥទ្ធិពលនៃគ្រាប់បែកនេះ ទោះបីទីតាំងរូងក្រោមដីក៏អាចគាស់រំលើងបានដែរ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ ឲ្យសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ជាមួយការព្រមានថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិកកាន់តែជិតអស់ហើយ។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការព្រមានរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា បានបង្កឱ្យមានការសង្ស័យថា អាមេរិកអាចនឹងចាត់វិធានការក្ដៅប្រឆាំងអ៊ីរ៉ង់ ស្របពេលលោក ត្រាំ កំពុងពិចារណាថាត្រូវចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
សាររបស់លោក ត្រាំ បញ្ជាក់ថា៖ «យើងបានដឹងយ៉ាងច្បាស់ថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ ម្នាក់នោះកំពុងសម្ងំលាក់ខ្លួននៅទីណា ហើយបើយើងចង់សម្លាប់គាត់ គឺជារឿងងាយស្រួលបំផុត។ តែក្នុងពេលនេះ យើងនឹងមិនសម្លាប់គាត់នោះទេ ប៉ុន្តែការអត់ធ្មត់របស់យើងកាន់តែតិចទៅៗហើយ។»
ជាមួយនឹងការបង្ហោះសារនេះ លោក ត្រាំ បានប្រាប់ឱ្យអ៊ីរ៉ង់ ឲ្យសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ។
លោក ត្រាំ ក៏បានលើកឡើងថា លោកអាចនឹងបញ្ជូនបេសកជនអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា គឺលោក Steve Witkoff ឬក៏អនុប្រធានាធិបតីអាមេរិក លោក JD Vance ទៅជួបក្រុមមន្ត្រីអ៊ីរ៉ង់។
តែយ៉ាងណា មន្ត្រីអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា មន្ទីរប៉ុងតាហ្គូនបានសម្រេចបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និយាយថា យោធាអាមេរិកកំពុងប្រុងជើងការការពារខ្លួនពីការវាយប្រហាររបស់ក្រុមសម្ព័ន្ធភាពអ៊ីរ៉ង់។
ក្នុងស្ថានភាពដែលលោក ត្រាំ គំរាមឱ្យមេដឹកនាំអ៊ីរ៉ង់ ឲ្យចុះចាញ់នឹងសង្គ្រាមលម្ហអាកាសជាមួយអ៊ីស្រាអែល តាមដំណឹងមកថា ប្រជាជនរាប់ពាន់នាក់ពីបណ្ដាប្រទេសផ្សេងៗបានភៀសខ្លួនចេញពីអ៊ីរ៉ង់ ទៅប្រទេសអាហ្សេបៃហ្សង់ ក្នុងរយៈពេល ៥ថ្ងៃ ចាប់តាំងពីមានសង្គ្រាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ផ្ទុះឡើង។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាមេនី ក៏បានរាយការណ៍ថា ឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីអ៊ីរ៉ង់ តាមរយៈប្រទេសអាមេនី។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ការធ្វើដំណើរតាមផ្លូវគោកចេញពីទីក្រុងតេហេរ៉ង់ ទៅច្រកចូលអាហ្សេបៃហ្សង់ ត្រូវចំណាយពេលប្រហែលជិត ៨ម៉ោង ហើយបើទៅដល់ព្រំដែនប្រទេសអាមេនី ត្រូវចំណាយពេលជាង ១០ម៉ោង។
អ្នកនាំពាក្យក្រសួងការបរទេសអាហ្សេបៃហ្សង់ លោក Aykhan Hajizadeh បាននិយាយថា ពលរដ្ឋជាង ១២០០នាក់មកពី ៥១ប្រទេស បានស្នើសុំការអនុញ្ញាតឱ្យឆ្លងពីអ៊ីរ៉ង់ ទៅអាហ្សេបៃហ្សង់។
មន្ត្រីអាហ្សេបៃហ្សង់ ម្នាក់និយាយថា មានមនុស្សជាង ៦០០នាក់មានដូចជាជនជាតិរុស្ស៊ី អាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ស៊ែប៊ី រូម៉ានី ព័រទុយហ្គាល់ ចិន វៀតណាម អារ៉ាប់រួម និងប្រទេសជនជាតិជាច្រើនផ្សេងទៀត។
ជើងហោះហើរចេញពីអ៊ីរ៉ង់ ត្រូវបានបិទដោយសារការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ដែលនាំឱ្យអ៊ីរ៉ង់ វាយសងសឹកវិញ ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងដ្រូន ប៉ុន្តែលម្ហអាកាសអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវបិទទាំងស្រុង។ ចំណែកប្រទេសជិតខាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ក៏បានប្រកាសបិទជើងហោះហើរផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
