សង្គ្រាមសងសឹកអ៊ីរ៉ង់ និងអ៊ីស្រាអែល បានឈានដល់ថ្ងៃទី៧ ហើយ បើគិតត្រឹមថ្ងៃទី១៩ មិថុនា នេះ ដែលស្ថានភាពសង្គ្រាមកាន់តែខ្លាំងឡើង ជាពិសេសក្រោយពីមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាមិកអ៊ីរ៉ង់ មហាសង្គ្រាជ Ayatollah Ali Khamenei ថ្លែងទៅកាន់ជនរួមជាតិអ៊ីរ៉ង់ ដោយសច្ចាថា មិនលុតជង្គង់ចំពោះសត្រូវរួមគ្នាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឡើយ។
មហាសង្គ្រាជ Ali Khamenei ថ្លែងច្រានចោលការទាមទារពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលដាក់លក្ខខណ្ឌឱ្យអ៊ីរ៉ង់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ជាមួយគ្នានេះ សង្គ្រាជ Khamenei ព្រមានថា ការចូលរួមពីយោធាអាមេរិកាំងណាមួយ នឹងនាំមកនូវការប្រេះស្រាំមិនអាចជួសជុលបានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ ខែមិថុនា នេះ សេចក្តីថ្លែងការណ៍ដោយលោក Khamenei បន្ទាប់ពីការវាយប្រហារតាមអាកាសពីអ៊ីស្រាអែល ត្រូវបានរាយការណ៍ថា បានវាយបន្តទៀតទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ទីតាំងយោធាជាច្រើនទីតាំងទៀត។ តែក៏ជាឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងលោក ដូណាល់ ត្រាំ ដែលថាអ៊ីរ៉ង់ ត្រូវតែចុះចាញ់ បើពុំនោះទេ មេដឹកនាំកំពូល លោក Khamenei នឹងប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត។
លោក ត្រាំ ព្រមានថា ជីវិតរបស់លោក Khamenei ស្ថិតក្នុងកណ្ដាប់ដៃរបស់លោក គឺកងទ័ពអាមេរិកចង់សម្លាប់ គឺសម្លាប់បានភ្លាម។
អ៊ីស្រាអែល អះអាងថា ការវាយប្រហាររបស់ខ្លួនមានបំណងបញ្ឈប់អ៊ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ព្រោះការចរចាការទូតរវាងអាមេរិក និងអ៊ីរ៉ង់ បានដួលរលំហើយ។ ចាប់តាំងពីការវាយសងសឹកវិញ អ៊ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទិកប្រមាណជា ៥០០គ្រាប់ហើយលើអ៊ីស្រាអែល។
តែចូលដល់ថ្ងៃទី៧ នេះ ប្រព័ន្ធខែលការពាររបស់អ៊ីស្រាអែល ស្ទាក់ចាប់បានជាច្រើនមីស៊ីលរបស់អ៊ីរ៉ង់ ដែលមើលទៅសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ កំពុងថយចុះ ប៉ុន្តែលោក Khamenei នៅតែមានអំនួតខ្លាំងបន្តវាយប្រហារទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
សេចក្ដីថ្លែងការណ៍ចុងក្រោយមួយទៀតរបស់លោក Khamenei មានសេចក្ដីដើមដូចនេះថា៖ «ប្រជាជាតិអ៊ីរ៉ង់ របស់ពួកយើង ត្រូវតែឈរយ៉ាងរឹងមាំប្រឆាំងនឹងសង្គ្រាមដែលសត្រូវគេបានដាក់បង្ខំឱ្យយើងប្រយុទ្ធ។ ប្រជាជនអ៊ីរ៉ង់ ត្រូវឈរយ៉ាងអង់អាចក្លាហានប្រឆាំងចំពោះសន្តិភាពដែលសត្រូវគេបង្ខំឱ្យយើងទទួលយក។ ប្រជាជាតិអ៊ីរ៉ង់ មិនដែលចុះចាញ់អ្នកណាម្នាក់ឡើយ។ គេវាយប្រហារដ៏ព្រៃផ្សៃមកលើយើង គឺយើងត្រូវឆ្លើយតបវិញដ៏ឆាប់រហ័ស ហើយធ្ងន់ធ្ងរ។ អ្នកគំរាមនរណាបាន តែគំរាមអ៊ីរ៉ង់ គឺអ៊ីរ៉ង់ មិនខ្លាចដាច់ខាត។ អ៊ីរ៉ង់ មិនមែនជាប្រជាជាតិមួយដែលចុះញ៉មខ្លាចអ្នកឈ្លានពាននោះទេ។»
មើលទៅដូចជាឆ្លើយតបនឹងមេដឹកនាំអ៊ីរ៉ង់ លោក Khamenei នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានចេញសារព្រមានថា មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei រូបនេះត្រូវតែលែងឱ្យគាត់នៅរស់រានមានជីវិតតទៀតឡើយ។
លោក Israel Katz បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Khamenei ប្រកាសជាចំហថាខ្លួនចង់បំផ្លាញអ៊ីស្រាអែល។ លោកជាអ្នកចេញបញ្ជាដោយផ្ទាល់ឱ្យមានការវាយប្រហារមកលើមន្ទីរពេទ្យ។ មនុស្សបែបនេះ មិនអាចទុកឱ្យនៅរស់ទៀតនោះទេ។
សង្គ្រាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៧ ហើយ ខណៈមេដឹកនាំយោធាសំខាន់ៗ និងមន្ត្រីជំនិតៗរបស់លោក Khamenei ត្រូវបានសម្លាប់ជាបន្តបន្ទាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយយន្តហោះអ៊ីស្រាអែល តាមបាញ់ប្រហាររហូតដល់រដ្ឋធានីតេហេរ៉ង់។
រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការចូលរួមក្នុងសង្គ្រាមរបស់អ៊ីស្រាអែល។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក លូកដៃចូលរួមក្នុងសង្គ្រាមនៃរបប Zionist អ៊ីស្រាអែល គឺអ៊ីរ៉ង់ នឹងចាំបាច់ត្រូវប្រើប្រាស់អាវុធទាំងអស់ដែលខ្លួនមាន ជាការផ្តល់មេរៀនដល់ពួកឈ្លានពាន ព្រោះដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ខ្លួន។
ជនជាតិអារ៉ាប់ ហៅពលរដ្ឋអ៊ីស្រាអែល សព្វថ្ងៃ សាសយូនីយុន ឬហ្ស៊ៃអ៊ូនីស្ត។
បើតាមបណ្ដាញផ្សាយព័ត៌មាន CNN ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចអនុម័តថាត្រូវវាយប្រហារលើទីតាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើអ៊ីរ៉ង់ មិនព្រមទទួលយល់ព្រមចុះចាញ់ និងយល់ព្រមរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមកាន់តែធំរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ហើយសហរដ្ឋអាមេរិក អាចហក់ជួយអ៊ីស្រាអែល អ្នកការទូតអឺរ៉ុបមកពីប្រទេសអាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប គ្រោងនឹងជួបមន្ត្រីអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ ដើម្បីរកដំណោះស្រាយការទូត ហើយឈានដល់ការបន្ថយកំហឹងរបស់អ៊ីស្រាអែល។
យ៉ាងណា ចំពោះរុស្ស៊ី និងចិន ដែលជាសម្ព័ន្ធភាពនឹងរបប Ayatollah Ali Khamenei នៅអ៊ីរ៉ង់ ប្រទេសមហាអំណាចពីរនេះកំពុងតែបារម្ភពីការបាត់បង់សម្ព័ន្ធភាពរបស់ខ្លួនមួយទៀតនៅមជ្ឈិមបូព៌ា ព្រោះការដួលរំលំរបបផ្ដាច់ការនៅស៊ីរី គឺជាការបាត់បង់សម្ព័ន្ធភាពមួយរួចទៅហើយ។
ទោះជាយ៉ាងណាក្ដី ចិន និងរុស្ស៊ី សន្យាថានឹងឈរជាមួយអ៊ីរ៉ង់។ បើរបបនៅអ៊ីរ៉ង់ សព្វថ្ងៃនេះត្រូវបានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក វាយដួលរំលំទៀតនោះ គឺទាំងចិន និងរុស្ស៊ី កាន់តែធ្លាក់ចុះទាំងឥទ្ធិពលនយោបាយ យោធា សេដ្ឋកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា។
គួរកត់សម្គាល់ថា មេដឹកនាំអ៊ីរ៉ង់ បែបធម្មាធិបតេយ្យ បានផ្តួលរំលំរបបរាជានិយម សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដឹកនាំដោយព្រះចៅ ស្ហា ប៉ាហឡាវី ក្នុងបដិវត្តន៍ឆ្នាំ១៩៧៩ ដែលដឹកនាំដោយមហាសង្គ្រាជ អាយ៉ាតុឡា រូហ៊ុលឡោះ ខូម៉េនី បានកែប្រែប្រទេសអ៊ីរ៉ង់ ជាសាធារណរដ្ឋអ៊ីស្លាមិក កាន់សាសនាអ៊ីស្លាមនិកាយស្ហ៊ីអ៊ីត ដែលជានិកាយភាគតិច។ សង្គ្រាជ អាលី ខាម៉េនី ស្នងតំណែងពី សង្គ្រាជ ខូម៉េនី ហើយគោរមងារ អាយ៉ាតុលឡោះ (Ayatullah) ជាភាសាអារ៉ាប់ ប្រែថា អាទិទេវច្ឆរិយនិម្មិត ឬអព្ភូតសញ្ញាពីព្រះអាទិទេព រីឯ រូហ៊ុលឡោះ ប្រែថា ព្រលឹងព្រះអាទិទេពសណ្ឋិត។
អាយ៉ាតុឡា រូហ៊ុលឡោះ ខូម៉េនី កាលនៅរស់ បានហៅមហាអំណាចសហរដ្ឋអាមេរិក ថាស្តេចបិសាច (the Great Satan)៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
