ក្រុមអ្នកនយោបាយអ៊ីរ៉ង់ ដឹកនាំដោយព្រះអង្គម្ចាស់ Reza Pahlavi បុត្រានៃព្រះមហាក្សត្រអ៊ីរ៉ង់ចុងក្រោយ បានអំពាវនាវឱ្យមានការរួបរួមគ្នាដើម្បីជួយគាំទ្រកងទ័ពអ៊ីស្រាអែល ឱ្យឈានដល់ការវាយផ្ដួលរំលំរបប Ayatollah Ali Khamenei ដែលព្រះអង្គមានបន្ទូលថា របបផ្ដាច់ការមួយនេះជិតដួលរលំហើយ។
បុត្រារាជទាយាទនៃអតីតព្រះចៅ Shah Mohammad Reza Pahlavi មហាក្សត្រប្រទេសអ៊ីរ៉ង់ ទឹកដីនៃអាណាចក្របុរាណពែក្ស ស្តេចក្រុមព្រះ រីហ្សា ប៉ាស់ឡាវី ដែលនិរទេសខ្លួនជាមួយគ្រួសាររស់នៅរដ្ឋម៉ារីឡិន សហរដ្ឋអាមេរិក ក្រោយពីរលំរបបសក្ដិភូមិនៅអ៊ីរ៉ង់ មិនសូវមានការគាំទ្រពីយុវជនអ៊ីរ៉ង់ ប៉ុន្មានទេ។ ម្យ៉ាងទៀត ពលរដ្ឋអ៊ីរ៉ង់ ក្នុងរបបសព្វថ្ងៃ ចាត់ទុកសេចក្តីប្រកាសគាំទ្រប្រទេសអ៊ីស្រាអែល ជាអំពើក្បត់ជាតិ។
ព្រះអង្គម្ចាស់មានបន្ទូលស្នើឱ្យមានរដ្ឋាភិបាលអន្តរកាលមួយនៅក្រៅប្រទេសជាបន្ទាន់ ដែលព្រះអង្គជឿថារបបដឹកនាំរបស់លោក Ayatollah Ali Khamenei នឹងត្រូវបានដួលរលំនៅប៉ុន្មានថ្ងៃទៀតនេះ។ ព្រះអង្គម្ចាស់ Reza Pahlavi អាយុ ៦៤ឆ្នាំ មានបន្ទូលថា គេត្រូវរៀបចំរដ្ឋាភិបាលអន្តរកាលជាបន្ទាន់មួយនៅពេលនេះ គឺជារដ្ឋាភិបាលមកពីគ្រប់ភាគីនយោបាយ និងកម្លាំងតស៊ូទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយជំនួសរដ្ឋធម្មនុញ្ញនៃរបបផ្ដាច់ការរបស់ក្រុម Ayatollah Ali Khamenei។
តាមព្រះអង្គម្ចាស់ Reza Pahlavi រដ្ឋធម្មនុញ្ញថ្មីជាផែនទីត្រួសត្រាយផ្លូវដើម្បីរបបប្រជាធិបតេយ្យមួយរឹងមាំ និងគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពជំនឿសាសនា ដោយផ្អែកលើគោលការណ៍អធិបតេយ្យជាតិ ជាមួយនឹងការបែងចែកអំណាចជាតិធំ៣ ឱ្យមានតុល្យភាពនឹងគ្នា គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ប៉ុន្តែរដ្ឋាភិបាល និងតំណាងប្រជាជននៅក្នុងរដ្ឋសភា ត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងប្រព័ន្ធបោះឆ្នោតសេរី យុត្តិធម៌ និងតម្លាភាព។
សេចក្ដីថ្លែងការណ៍ពីព្រះអង្គម្ចាស់ Reza Pahlavi ត្រូវបានមើលឃើញក្នុងគេហទំព័ររបស់ព្រះអង្គដែលត្រូវបានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ។
យោងតាមទស្សនាវដី្ត Newsweek ព្រះអង្គម្ចាស់ Reza Pahlavi ដែលជារាជបុត្រានៃព្រះមហាក្សត្រចុងក្រោយនៃប្រទេសអ៊ីរ៉ង់ កំពុងស្ថិតនៅជារាជទាយាទរង់ចាំសោយរាជ្យពីព្រះបិតាព្រះអង្គ។
ព្រះអង្គម្ចាស់ជាអ្នកនយោបាយអ៊ីរ៉ង់និរទេសខ្លួន ហើយកំពុងស្ថិតលើទឹកដីសហរដ្ឋអាមេរិក។ ព្រះអង្គម្ចាស់ Reza Pahlavi មានបន្ទូលទៅកាន់រាស្ត្ររបស់ព្រះអង្គ ទៅកាន់យុវជន កងទ័ព កងនគរបាល ឱ្យរួបរួមគ្នាងើបឡើងទូទាំងប្រទេសប្រឆាំងនឹងរបបសាធារណរដ្ឋឥស្លាម ដឹកនាំដោយមហាសង្គ្រាជ Ayatollah Ali Khamenei។
ក្រុមបស្ចិមប្រទេសហៅថាជារបបផ្ដាច់ការដ៏អាក្រក់មួយនៅតំបន់មជ្ឈិមបូព៌ា ព្រោះតែប្រកាន់តឹងរ៉ឹងតាមធម៌បញ្ញត្តិអ៊ីស្លាម ប្រៀបដូចជាធម្មយុត្តិកនិកាយក្នុងព្រះពុទ្ធសាសនា។
ព្រះអង្គម្ចាស់ Reza Pahlavi មានបន្ទូលថា របបផ្ដាច់ការមួយនេះកំពុងតែធ្លាក់ទៅរកការដួលរលំហើយ ហើយចំពោះលោក Ayatollah Ali Khamenei កំពុងរស់នៅដូចសត្វកណ្ដុរក្នុងរូងក្រោមដី។
ព្រះអង្គមានជំនឿថា កងទ័ពអ៊ីស្រាអែល នឹងយកឈ្នះរបប អាលី ខាមមេណី នៅប៉ុន្មានថ្ងៃទៀតនេះ។
យោងតាមចារកម្មរបស់អ៊ីស្រាអែល លោក Ayatollah Ali Khamenei និងមេដឹកនាំរបស់លោក កំពុងស្ថិតក្នុងរូងក្រោមដីនៅតំបន់ទីក្រុងតេហេរ៉ង់ ដែលកំពុងលាក់ខ្លួនពីការវាយប្រហារដោយកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល។
ព្រះអង្គម្ចាស់ Reza Pahlavi មានបន្ទូលថា លោក Ayatollah Ali Khamenei និងមេដឹកនាំរបស់លោក បានបាត់បង់ការគ្រប់គ្រងស្ថានការណ៍ ហើយកំពុងធ្លាក់ក្នុងការចាញ់សង្គ្រាមរបស់អ៊ីស្រាអែល។ បន្ទូលរបស់ព្រះអង្គម្ចាស់ Reza Pahlavi ក៏ត្រូវបានចាក់ផ្សាយព្រោងព្រាតលើបណ្ដាញសង្គម។
ព្រះរាជសាររបស់ព្រះអង្គម្ចាស់ Reza Pahlavi មានដូចថា៖ «សាធារណរដ្ឋឥស្លាម បានឈានដល់ទីបញ្ចប់ហើយដែលកំពុងដួលរលំ។ អ្វីដែលបានចាប់ផ្តើម គឺមិនអាចត្រឡប់វិញបានទេ។ អនាគត គឺភ្លឺស្វាង ហើយយើងរួមគ្នាបង្វែរទំព័រប្រវត្តិសាស្ត្រឡើងវិញ។ ឥឡូវនេះ គឺជាពេលវេលាដើម្បីក្រោកឈរឡើង។ ជាពេលវេលាដើម្បីដណ្តើមយកប្រទេសអ៊ីរ៉ង់ មកវិញ។ សូមឱ្យខ្ញុំនៅជាមួយអ្នកឆាប់ៗនេះទៅ។»
តាមក្រុមអ្នកនយោបាយអ៊ីរ៉ង់ ប្រឆាំងរបប Ayatollah Ali Khamenei ដែលនិរទេសខ្លួន ពួកគេកំពុងចងក្រងរចនាសម្ព័ន្ធក្រុមគណៈដឹកនាំមួយក្រុមធំ ដើម្បីរង់ចាំចូលទៅប្រទេសអ៊ីរ៉ង់ វិញ ក្រោយពីរបប អាយ៉ាងតូឡាអាលី ខាមមេណី នឹងត្រូវបានវាយឱ្យដួលរលំដោយកងកម្លាំងអ៊ីស្រាអែល។
ខណៈនេះ ព្រះអង្គម្ចាស់ Reza Pahlavi មិនមែនត្រឹមតែជារាជទាយាទនិរទេសខ្លួននោះទេ ព្រះអង្គកំពុងក្លាយជានិមិត្តរូបនៃការបង្រួបបង្រួមកម្លាំងតស៊ូទាំងក្នុង និងក្រៅប្រទេស ហើយត្រៀមទៅជំនួសរដ្ឋាភិបាលរបប Ayatollah Ali Khamenei ដែលមានអាយុ ៤៦ឆ្នាំមកហើយនេះ។
តើ Reza Pahlavi ជានរណា?
ព្រះអង្គម្ចាស់ Reza Pahlavi ប្រសូតនៅទីក្រុង Tehran នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៦០។ Reza Pahlavi គឺជាបុត្រារបស់មហាក្សត្រ Shah Mohammad Reza Pahlavi នៃរាជាណាចក្រអ៊ីរ៉ង់ ដែលត្រូវបានផ្តួលរំលំក្នុងកណ្ដាប់ដៃរបស់ក្រុមកម្លាំងបដិវត្តន៍ឥស្លាម នៅក្នុងឆ្នាំ១៩៧៩ ដែលក្រុមនេះដឹកនាំក្រុមលោក Ayatollah Ruhollah Khomeini ជាចៅហ្វាយរបស់ Ayatollah Ali Khamenei។
ក្រុមបដិវត្តន៍ឥស្លាម បានបង្កើតសាធារណរដ្ឋអ៊ីស្លាម តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅឆ្នាំ១៩៧៨ នៅអាយុ ១៧ឆ្នាំ ព្រះអង្គបានចាកចេញពីប្រទេសអ៊ីរ៉ង់ ទៅហ្វឹកហាត់បើកយន្តហោះចម្បាំងនៅក្នុងកងទ័ពអាកាសសហរដ្ឋអាមេរិកនៅឯមូលដ្ឋានទ័ពអាកាស នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក តែពេលនោះ ព្រះអង្គម្ចាស់ Reza Pahlavi យាងចេញពីប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងនៃការផ្ទុះចលនាបដិវត្តន៍ឥស្លាមប្រឆាំងនឹងរបបបិតាព្រះអង្គ។
ព្រះអង្គម្ចាស់ Reza Pahlavi ត្រូវគេមើលឃើញថា ព្រះអង្គតំណាងឲ្យរាជាធិបតេយ្យ ទោះបីជាព្រះអង្គមិនមានបន្ទូលថាទ្រង់ចង់ត្រឡប់ជាស្តេចក៏ដោយ តែព្រះអង្គគឺជាឥស្សរជននយោបាយអ៊ីរ៉ង់ម្នាក់ដែលបានប្រឆាំងនឹងសាធារណរដ្ឋឥស្លាម ដើម្បីលទ្ធិប្រជាធិបតេយ្យ។ ព្រះអង្គម្ចាស់ Reza Pahlavi មានការគាំទ្រច្រើនក្នុងមជ្ឈដ្ឋានគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។
មកទល់ពេលនេះ ការទម្លាក់គ្រាប់បែកពីកងទ័ពអ៊ីស្រាអែល និងការបាញ់ផ្លោងមីស៊ីលពីកងទ័ពអ៊ីរ៉ង់ នៅតែបន្តបាញ់ដាក់គ្នា។ ប្រភពព័ត៌មានអាមេរិកាំងមួយចំនួនឯទៀត ផ្សាយថា រដ្ឋការអ៊ីស្រាអែល សង្ឃឹមថាសហរដ្ឋអាមេរិក នឹងចូលរួមដៃវាយប្រហារជាមួយអ៊ីស្រាអែល ខណៈដែលក្រុងវ៉ាស៊ីនតុន បញ្ជូននាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងថា លោកនឹងប្រកាសឲ្យដឹងអំពីសេចក្តីសម្រេចចិត្តរបស់លោកក្នុងរយៈ ២សប្តាហ៍ទៀត។ លោក ត្រាំ ធ្លាប់បានបង្ហាញជំហរអំពីបញ្ហាមជ្ឈិមបូព៌ា ដោយមិនចង់ឃើញអ៊ីស្រាអែល វាយប្រហារប្រទេសអ៊ីរ៉ង់ ទេ គឺចង់ទុកឱកាសចរចាគ្នាតាមផ្លូវទូត។ ចំណែកឯខែលការពារកាំជ្រួចបាញ់ពីអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ក្នុងបណ្ដាញទូរទស្សន៍ NBC ថាហាក់ដូចជាធ្លាក់ប្រសិទ្ធភាពចាប់ស្ទាក់កម្ទេចមុនធ្លាក់ ហើយថាត្រូវការឲ្យសហរដ្ឋអាមេរិកផ្គត់ផ្គង់គ្រឿងបន្លាស់។
លោក ត្រាំ ជាបេក្ខជនប្រធានាធិបតីដែលថ្កោលទោសគោលនយោបាយប្រធានាធិបតី George W. Bush ធ្វើសង្គ្រាមវាយប្រហារឈ្លានពានប្រទេសអ៊ីរ៉ាក់ ចំណាយថវិកា ៣ម៉ឺនលានដុល្លារ។ ពលរដ្ឋអ៊ីរ៉ាក់ ស្លាប់ ទាំងទាហាន ទាំងស៊ីវិលចំនួនជាងកន្លះលាននាក់ រីឯខាងកម្លាំងអាមេរិកាំង ទាំងស៊ីវិល ទាំងទាហាន ស្លាប់និងរបួសជិត ៤ម៉ឺននាក់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
