កម្ពុជា និងជប៉ុន ព្រមព្រៀងធ្វើសមយុទ្ធរួមគ្នា និងផ្លាស់ប្ដូរនាយទាហានវ័យក្មេង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា បានឲ្យដឹងថា លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយលោក ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
ប្រភពដដែលបានអះអាងថា លោក ម៉ៅ សុផាន់ និងលោក ម៉ូរីស៊ីតា យ៉ាស៊ូណូរិ ពិភាក្សាអំពីការងារកសាងសាលាបញ្ជូនសារ និងសាលាគីមីសាស្ត្រ ចំណុះឱ្យកងទ័ពជើងគោក។ កិច្ចការនេះ កងស្វ័យការពារជើងគោកជប៉ុន ឯកភាពជាគោលការណ៍ក្នុងការជួយបណ្តុះបណ្តាលយោធាចារ្យ ផ្តល់នូវខ្លឹមសារហ្វឹកហ្វឺន និងឧបត្ថម្ភសម្ភារៈបច្ចេកទេសនានា។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា មេបញ្ជាការនៃប្រទេសទាំងពីរបានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ «ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ការលោតឆត្រយោងមិត្តភាព និងការផ្លាស់ប្ដូរនាយទាហានវ័យក្មេង»។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុន នឹងបន្ថយឥទ្ធិពលរបស់ចិន នៅកម្ពុជា ហើយអាចនាំឱ្យមានតុល្យភាពនៃទំនាក់ទំនងការបរទេស។ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល និងសន្តិសុខ ដែលផ្តល់ឱ្យកម្ពុជា អាចមានឥទ្ធិពលក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន។
មេដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣ នៅពេលប្រារព្ធខួបលើកទី៧០ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន បង្កើតតាំងពីឆ្នាំ១៩៥៣ និងបានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដែលមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ។ ក្រសួងការពារជាតិជប៉ុន តែងតែផ្ដល់ជំនួយជាសម្ភារៈ និងវគ្គហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទកម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
