ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់លោកមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
លោក ត្រាំ ព្រមានដូច្នេះ បន្ទាប់ពីអ៊ីរ៉ង់ មិនព្រមចូលខ្លួនមកចុះកិច្ចព្រមព្រៀងបញ្ឈប់ផែនការផលិតសារធាតុអ៊ុយរ៉ាញូម ដែលជាធាតុផ្សំដ៏សំខាន់នៃការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។
ការបិទបញ្ចប់សង្គ្រាម ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្រោយពីអាមេរិកបានធ្វើអន្តរាគមន៍ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងតាមរយៈការស្នើសុំរបស់លោក ត្រាំ ឱ្យអ៊ីស្រាអែល និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារគ្នា។
លោក ត្រាំ បានហៅជាមហាជោគជ័យនៃព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗទាំង ៣ របស់អ៊ីរ៉ង់ គឺទីតាំង Fordow ទីតាំង Natanz និង Isfahan ហើយជាជោគជ័យរបស់លោករុញឱ្យអ៊ីស្រាអែល និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារគ្នា។
ក្នុងព្រឹត្តិការណ៍នេះ សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់បែក GBU-57 ទម្ងន់ ១៤តោនក្នុងមួយគ្រាប់ ដោយប្រើគ្រាប់បែកនេះចំនួន ៦គ្រាប់ជាមួយនឹងការវាយប្រហារដោយកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទាំងបីទីតាំងនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Morning Futures នៃទូរទស្សន៍ Fox News លោក ត្រាំ បានអះអាងឡើងវិញថា អ៊ីរ៉ង់នៅសល់ពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះដែលត្រូវផលិតអាវុធនុយក្លេអ៊ែរ មុនពេលអ៊ីស្រាអែល ធ្វើការវាយប្រហារ កាលពីថ្ងៃទី១៣ ខែមិថុនា ហើយ ៩ថ្ងៃក្រោយមក សហរដ្ឋអាមេរិកក៏បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗទាំងបីរបស់អ៊ីរ៉ង់ តែម្តង។
បន្ថែមពីលើនេះ លោក ត្រាំ អះអាងថា ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានកម្ទេចទាំងស្រុង ក៏ប៉ុន្តែមន្ត្រីចារកម្មអាមេរិក ថាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក មិនបានកម្ទេចសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ទាំងស្រុងឡើយ។ ទំនងដូចនេះហើយ បានជាលោក ត្រាំ មិនអស់ចិត្ត ហើយក៏ប្រាប់ទៅអ៊ីរ៉ង់ ឲ្យមកចុះកិច្ចព្រមព្រៀងជាមួយអាមេរិក បញ្ឈប់ផែនការកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តែទីក្រុងតេហេរ៉ង់ មិនយល់ព្រមទៅកាន់តុចរចានោះទេ ព្រោះថាអ៊ីរ៉ង់ មិនមានអាវុធនុយក្លេអ៊ែរ ហើយអ៊ីរ៉ង់ ត្រឹមតែប្រើសិទ្ធិថាមពលនុយក្លេអ៊ែរស៊ីវិលប៉ុណ្ណោះ។ ដូច្នេះ អ៊ីរ៉ង់មិនត្រូវការចរចាអ្វីទៀតនោះទេ។
បន្ថែមពីនេះ អ៊ីរ៉ង់ ក៏កំពុងទាមទារឱ្យអង្គការសហប្រជាជាតិ បង្ខំសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សងជំងឺចិត្តអ៊ីរ៉ង់ និងទទួលខុសត្រូវចំពោះការបំផ្លាញទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទទួលស្គាល់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាអ្នកចាប់ផ្ដើមសង្គ្រាមឈ្លានពានប្រឆាំងអ៊ីរ៉ង់ ដោយខុសនឹងច្បាប់អន្តរជាតិ។
នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានក្រុមប្រឹក្សាសន្តិសុខ អ្នកស្រី Carolyn Rodrigues-Birkett លោក Araghchi បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ បំពេញការទទួលខុសត្រូវរបស់ខ្លួននៅក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិជាមួយនឹងការបង្ខំឲ្យអាមេរិក និងអ៊ីស្រាអែល សងជំងឺចិត្ត។
លោក Abbas Araghchi បានចោទប្រកាន់អ៊ីស្រាអែល ថាមានចេតនាវាយប្រហារដោយកំណត់គោលដៅលើអគារជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលជាទង្វើបំពានលើធម្មនុញ្ញ និងបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ។
កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយសំដៅទៅលើទីតាំងយោធា និងនុយក្លេអ៊ែរ ដោយសម្លាប់មេបញ្ជាការអ៊ីរ៉ង់ ១៣នាក់ មេទ័ពថ្នាក់វរសេនីយ៍ ៣០នាក់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ១៤នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។
យ៉ាងណាក៏ដោយ អ៊ីរ៉ង់ បានសងសឹកវិញដោយការបាញ់មីស៊ីលបាលិស្ទិក និងដ្រូនលើប្រទេសអ៊ីស្រាអែល។
រយៈពេលសង្គ្រាម ១២ថ្ងៃ អ៊ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទិក ៥៥០គ្រាប់ តែអ៊ីស្រាអែល ថាបានបាញ់ស្កាត់បានចំនួន ៥០០គ្រាប់។ នៅថ្ងៃទី២២ ខែមិថុនា អាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ៣ទីតាំង តែអ៊ីរ៉ង់ បានវាយសងសឹកដោយវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក Al Udeid នៅក្នុងប្រទេសកាតា តែមិនបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតកងទ័ពអាមេរិកនោះទេ។
ក្នុងបិទបញ្ចប់សង្គ្រាម ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មកនេះ ពិធីបុណ្យសពថ្នាក់ជាតិផ្លូវការត្រូវបានរៀបចំឡើងនៅឯរដ្ឋធានីតេហេរ៉ង់ ដើម្បីគោរពវិញ្ញាណក្ខន្ឋមេបញ្ជាការកងទ័ព និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ព្រមទាំងជនស៊ីវិល ដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមរបស់អ៊ីស្រាអែល រយៈពេល ១២ថ្ងៃ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រយ៉ាងហោច ១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ ១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ដែលរួមមានទាំងមេបញ្ជាការកងកម្លាំងទ័ពអ៊ីរ៉ង់ ឧត្ដមសេនីយ៍ Mohammad Bagheri មេបញ្ជាការកងឆ្មាំបដិវត្តន៍ ឧត្ដមសេនីយ៍ Hossein Salami និងប្រមុខកងទ័ពអាកាសរបស់ឆ្មាំបដិវត្តន៍ ឧត្ដមសេនីយ៍ Amir Ali Hajizadeh។
មេដឹកនាំអ៊ីរ៉ង់ ដែលចូលរួមពិធីបុណ្យនេះ គឺប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងមន្ត្រីជាន់ខ្ពស់ដទៃទៀត រួមមានទីប្រឹក្សាជំនិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។
អ៊ីស្រាអែល អះអាងថា តាមពិត បើសង្គ្រាមអូសបន្លាយបន្តទៀត ម្ល៉េះកងទ័ពអ៊ីស្រាអែល នឹងសម្លាប់លោក Ali Khamenei។ Ali Khamenei ជាមុខសញ្ញាជាងគេដែលអ៊ីស្រាអែល តាមកម្ទេច ព្រោះអ៊ីស្រាអែល មានផែនការចង់ផ្ដួលរំលំរបបក្រោមការដឹកនាំដោយ Ali Khamenei ដែលត្រូវបានចាត់ទុកថាជារបបផ្ដាច់ការដ៏គ្រោះថ្នាក់បំផុតចំពោះអ៊ីស្រាអែល៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
