The Cambodia Daily Khmer

លោក ហ៊ុន ម៉ាណែត សាទរ​កំណើន​ត្រី​ច្រើន បន្ទាប់ពី​ដាក់​វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​មាន​ប្រសិទ្ធភាព

លោក ហ៊ុន ម៉ាណែត (រូប​កាន់​ត្រី) ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត (រូប​កាន់​ត្រី) ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រទេស​កម្ពុជា​មាន​ត្រី​ច្រើន​រហូត​ដល់​លក់​មិន​អស់ ដោយសារ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​មាន​ប្រសិទ្ធភាព​នា​ពេល​កន្លង​មក។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ថ្ងៃទី​១ ខែ​កក្កដា នេះ​ថា ឆ្នាំ​២០២៥ នេះ បរិមាណ​ត្រី​មាន​ការ​កើន​ឡើង​ជាង​មុន ប៉ុន្តែ​នៅតែ​អាច​ធានា​តម្លៃ​មិន​កើន​ឡើង​សម្រាប់​អ្នក​ទទួលទាន ដែល​នេះ​គឺជា​រឿង​ល្អ​សម្រាប់​កម្ពុជា។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ធានា​ឱ្យ​បាន​នូវ​ផល​ត្រី​សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា គឺជា​រឿង​ល្អ ដូច្នេះ​ត្រូវ​សហការ​គ្នា​ថែរក្សា​បឹង​ធម្មជាតិ​រួម ដើម្បី​ធ្វើ​ឱ្យ​កើន​ទិន្នផល​ត្រី​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត។

លោក​បន្ត​ថា ការ​កើន​ឡើង​ទិន្នផល​ត្រី​ឆ្នាំ​នេះ ក៏​បង្ហាញ​ពី​ការ​សម្រេច​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​ឡូត៍​នេសាទ​កាលពី​ជាង ១០​ឆ្នាំ​មុន​ដែរ ដើម្បី​ប្រយោជន៍​ដល់​ប្រជា​នេសាទ និង​ពលរដ្ឋ​ទូទាំង​ប្រទេស។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បញ្ជាក់​ថា នេះ​ក៏​ជា​លទ្ធផល​ដែល​បង្ហាញ​ថា វិស័យ​កសិកម្ម​កម្ពុជា​ពិត​ជា​មាន​ភាព​ធន់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​ខាង​ក្រៅ រួម​ទាំង​លទ្ធភាព​ទ្រទ្រង់​សន្តិសុខ​ស្បៀង​ពេញលេញ​នៅ​គ្រប់​កាលៈទេសៈ មិន​ថា​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​កូវីដ-១៩ ឬ​គ្រោះធម្មជាតិ​អ្វី​នោះ​ឡើយ។

នៅ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ កម្ពុជា​ប្រារព្ធ​ទិវា​មច្ឆជាតិ ១ កក្កដា ស្ថិត​នៅ​បឹង​ទន្លេបាទី ខេត្ត​តាកែវ ដើម្បី​បំផុស​ចលនា​ថែរក្សា​ពូជ​ត្រី​ឱ្យ​មាន​នៅ​ក្នុង​ដែនទឹក​ធម្មជាតិ​ផង និង​បង្កើន​ផល​ត្រី​នៅ​ទូទាំង​ប្រទេស​ផង ដោយ​លែង​ពូជ​ត្រី ២០​ប្រភេទ​ចូល​ទន្លេ​ប្រមាណ​ជា ១​លាន ៥​សែន​ក្បាល។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បង្ហាញ​របាយការណ៍​ក្នុង​ទិវា​មច្ឆជាតិ ១ កក្កដា ថា រដ្ឋបាល​ជលផល​គឺជា​អនុវិស័យ​ធំ​ទី​២ របស់​ក្រសួង​កសិកម្ម ក្នុង​នោះ ឆ្នាំ​២០២៤ កន្លង​ទៅ កម្ពុជា​សម្រេច​បាន​ផល​នេសាទ​ទឹកសាប​ជិត ៤៧​ម៉ឺន​តោន កើន​ឡើង​ជាង ៩% (៩,៥%) បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដោយសារ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​មាន​ប្រសិទ្ធភាព។

ទោះជា​បែប​នេះ​ក្តី ប្រជា​នេសាទ​ដែល​រស់នៅ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប ដូចជា​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​កំពង់ឆ្នាំង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ បាន​លើកឡើង​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ គឺជា​វិធានការ​ល្អ​ក្នុង​ការ​ថែរក្សា​ត្រី​ក្នុង​បឹង​ទន្លេសាប ប៉ុន្តែ​ក៏​មាន​បញ្ហា​ខ្លះ​ដែរ។ បញ្ហា​គឺ​នៅ​ត្រង់​ថា រដ្ឋាភិបាល​បាន​ត្រឹមតែ​ដាក់​វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ ប៉ុន្តែ​រដ្ឋ​មិន​បាន​បង្រៀន​ប្រជា​នេសាទ​ឱ្យ​ចេះ​ចិញ្ចឹម​ត្រី​នោះ​ទេ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ធំ​ពិបាក​ក្នុង​ការ​ប្រកប​របរ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក ពួកគេ​ធ្លាប់តែ​ប្រកប​របប​នេសាទ​ក្នុង​បឹង​ធម្មជាតិ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version