The Cambodia Daily Khmer

អ្នកវិភាគ​បារម្ភ​ពី​ការ​ផ្ទុះ​រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ បើ​ទោះជា​អ្នកស្រី ផែថងថាន ត្រូវ​បាន​ព្យួរ​តំណែង​ក៏ដោយ

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែល​ត្រូវ​បាន​ព្យួរ​ពី​តួនាទី​ឋានៈ​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​តុលាការ​ធម្មនុញ្ញ​របស់​រាជាណាចក្រ​ថៃ។

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែល​ត្រូវ​បាន​ព្យួរ​ពី​តួនាទី​ឋានៈ​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​តុលាការ​ធម្មនុញ្ញ​របស់​រាជាណាចក្រ​ថៃ។

ចាប់តាំងពី​របប​រាជា​និយម​ផ្ដាច់ការ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៣២ រាជាណាចក្រ​ថៃ មាន​រដ្ឋប្រហារ​ដោយ​ជោគជ័យ​ចំនួន ១៣​លើក​បាន​សម្រេច ហើយ ៧​លើក​មិន​បាន​សម្រេច។

ប្រទេស​ថៃ បាន​រង​នូវ​ភាព​ចលាចល​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវ​បាន​ព្យួរ​ពី​តួនាទី​ឋានៈ​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា ដោយ​តុលាការ​ធម្មនុញ្ញ​របស់​រាជាណាចក្រ​ថៃ។

តុលាការ​ធម្មនុញ្ញ​បាន​ទទួល​ញត្តិ​ដែល​ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា ៣៦​រូប។ ញត្តិ​របស់​សមាជិក​ព្រឹទ្ធសភា បាន​ចោទ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ថា​បាន​រំលោភ​លើ​បទដ្ឋាន​សីលធម៌​ពាក់ព័ន្ធ​នឹង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ជុំវិញ​ជម្លោះ​ព្រំដែន​ដែល​កំពុង​បន្ត​រវាង​កម្ពុជា-ថៃ។

ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយ​ស្រួយ​នៅ​ទីក្រុង​បាងកក ដែល​បារម្ភ​ពី​ការ​អាច​ផ្ទុះ​រដ្ឋប្រហារ ប្រមុខ​កងការពារ​ជាតិ​របស់​រាជាណាចក្រ​ថៃ បាន​ច្រានចោល​នូវ​ការ​រំពឹង​ទុក​អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា ប៉ុន្តែ​ក្រុម​អ្នកវិភាគ​និយាយ​ថា រាជាណាចក្រ​នេះ​កាលណា​មាន​ចលាចល​នយោបាយ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​កាន់តែ​មាន​រឿង​អាស្រូវ គឺ​លទ្ធភាព​នៃ​ការ​ផ្ទុះ​រដ្ឋប្រហារ​អាច​ពិបាក​ជៀស​ផុត​ណាស់។

និយាយ​ទៅ ចាប់តាំងពី​របប​រាជានិយម​ផ្ដាច់ការ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៣២ រាជាណាចក្រ​មួយ​នេះ​មាន​រដ្ឋប្រហារ​ដោយ​ជោគជ័យ​ចំនួន ១៣​លើក​បាន​សម្រេច ហើយ ៧​លើក​ទៀត​មិន​បាន​សម្រេច។ ចុងក្រោយ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៤ ជា​រដ្ឋប្រហារ​លើក​ទី​២០ គឺជា​ព្រឹត្តិការណ៍​ងើប​ឡើង​កាន់​អំណាច​របស់​ពួក​យោធា ដោយ​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​ផ្ដួល​រដ្ឋាភិបាល​របស់​បក្ស​នយោបាយ​ភឿថៃ ដែល​ជា​បក្ស​នយោបាយ​នៃ​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ជា​ឪពុក​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់។

ការ​កាន់​អំណាច​របស់​បក្ស​ភឿថៃ ត្រូវ​បាន​ទាញ​ទម្លាក់​ក្នុង​រលក​នយោបាយ​នៅ​ទីក្រុង​បាងកក ដែល​គេ​ថា​ពួក​អាវ​លឿង​និយម​ស្ដេច​មាន​និន្នាការ​នឹង​ពួក​យោធា រុញ​ឱ្យ​មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក ថាក់ស៊ីន នៅ​ឆ្នាំ​២០០៦ និង​រដ្ឋប្រហារ​រំលាយ​គណៈរដ្ឋមន្ត្រី​របស់​ម្ដាយមីង​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺ​អ្នកស្រី យីងឡាក់ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អ្នកស្រី យីងឡាក់ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដកហូត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី។

តើ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ចម្រុះ​ស្ដីទី​ក្រោម​ស្លាក​គណបក្ស​ភឿថៃ អាច​ដើរ​ជាន់​ដាន​ព្រឹត្តិការណ៍​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ ដែរ​ឬ​ទេ?

លោក Kevin Hewison សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ North Carolina សិក្សា​ពី​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី និយាយ​ថា មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​សម្លឹង​ទៅ​រក​រដ្ឋប្រហារ​យោធា​ម្ដង​ទៀត ប៉ុន្តែ​ជា​ការពិត វា​ដូចជា​ពិបាក​សន្និដ្ឋាន​ណាស់​ថា​តើ​អាច​មាន​រដ្ឋប្រហារ​ដែរ​ឬ​ទេ?

លោក​សាស្ត្រាចារ្យ​យល់​ថា៖ «យោធា​ថៃ គឺជា​ផ្នែក​នៃ​ក្រុម​ចម្រុះ​ដែល​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​អស្ថិរភាព ជា​ដើមចម​មួយ​ដែល​ពួក​យោធា​ដូចជា​កំពុង​ធ្វើការ​ប្រឆាំង​នឹង​រដ្ឋាភិបាល ព្រោះ​តែ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ និយាយ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​ខ្វះ​ភាព​ជា​មេដឹកនាំ​ថៃ។»

ក្នុង​កិច្ច​សន្ទនា​រវាង​លោក ហ៊ុន សែន បុរស​ខ្លាំង​កម្ពុជា និង​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​បង្ក​ឱ្យ​មាន​ការ​ខឹងសម្បា​របស់​ពលរដ្ឋ​ទីក្រុង​បាងកក ហើយ​នាំ​ឱ្យ​គណបក្ស​សំខាន់​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ចម្រុះ​នឹង​បក្ស​ភឿថៃ បាន​ដើរ​ចេញពី​គណៈរដ្ឋមន្ត្រី​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់។ បក្ស​ដ៏​សំខាន់​នោះ ប្រកាស​ថា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចាប់ផ្ដើម​វាយ​បន្ថោក​កងទ័ព​ជាតិ​របស់​ខ្លួន ព្រោះ​ចាត់ទុក​កងទ័ព​ជាតិ​របស់​ខ្លួន គឺជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចម្រុះ​របស់​អ្នកស្រី។

លោក Thitinan Pongsudhirak សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Chulalongkorn ទីក្រុង​បាងកក យល់ស្រប​ថា ខណៈ​ដែល​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​ផ្សេង​ទៀត ជម្រើស​នៅ​លើ​តុ​ចរចា “នៅ​មិន​ទាន់​រើ​ចេញពី​តុ​នៅឡើយ​ទេ”។

លោក​សាស្ត្រាចារ្យ Thitinan Pongsudhirak បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍ CNA នៃ​ប្រទេស​សិង្ហបុរី ថា៖ «វា​គួរ​ឱ្យ​សោកស្តាយ និង​ខកចិត្ត​ខ្លាំង​ណាស់ បើ​យើង​ជឿ​ថា​រដ្ឋប្រហារ​អាច​នឹង​មិន​មាន​នោះ ប៉ុន្តែ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ រាជាណាចក្រ​ថៃ បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ជាបន្តបន្ទាប់ បើ​ទោះជា​ប្រព័ន្ធ​តុលាការ​ជួយ​បន្ថយ​វិបត្តិ ក៏​ព្រឹត្តិការណ៍​របស់​ពួក​យោធា ក៏​រដ្ឋប្រហារ​នៅតែ​កើត​មាន​ដែរ ហើយ​ជួនកាល នីតិវិធី​របស់​តុលាការ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ត្រួសត្រាយ​ឱ្យ​មាន​រដ្ឋប្រហារ​ដែរ ជាមួយ​ការ​តវ៉ា​តាម​ដងផ្លូវ នៅតែ​បន្ត​ដែល​បាន​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​មួយ​កើតឡើង ហើយ​ច្រានចោល​រដ្ឋាភិបាល​លទ្ធិប្រជាធិបតេយ្យ។»

លោក Pongsudhirak កត់សម្គាល់​ថា បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ចុងក្រោយ​កាលពី​មួយ​ទសវត្សរ៍​មុន សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​រង​ទុក្ខ ហើយ​ប្រឈមមុខ​ខ្លាំង​នឹង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។

លោក​បន្ត​ថា ពួក​យោធា​នឹង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​អូស​បន្លាយ​ពេល​ប៉ុណ្ណោះ ប្រសិនបើ​ស្ថានការណ៍​នៅ​ទីក្រុង​បាងកក ក្លាយ​ជា​រឿង​ដែល​មិន​អាច​គ្រប់គ្រង​បាន។ ប្រសិនបើ​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន ពេល​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​អំពាវនាវ​ឱ្យ​កម្លាំង​សន្តិសុខ​បំបែក​ហ្វូង​បាតុករ។ ពេល​នោះ​ហើយ​ដែល​ពួក​យោធា​យក​លេស​មក​អន្តរាគមន៍។ ទាំង​អន្តរាគមន៍​ពី​តុលាការ ករណី​រំលាយ​គណបក្ស​កាន់​អំណាច ឬ​អន្តរាគមន៍​យោធា​វា​ស្ថិត​នៅ​លើ​វិថី​ដំណោះស្រាយ​ឈាន​ទៅ​ដល់​ការ​បញ្ចប់​គណៈរដ្ឋមន្ត្រី​របស់​បក្ស​នយោបាយ​ដែល​វិមាន​វិបត្តិ។

លោក​សាស្ត្រាចារ្យ Kevin Hewison បាន​កត់សម្គាល់​ថា ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា ដែល​បាន​កើតឡើង​មុន​ការ​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏​បាន​ធ្វើ​ឲ្យ​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ទំនេរ​ផង​ដែរ។

លោក​សាស្ត្រាចារ្យ Kevin Hewison បាន​ប្រាប់​ទូរទស្សន៍ CNA ថា៖ «ពួក​យោធា​មាន​ឱកាស​ធ្វើ​ចលនា​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើ​បាន ប្រសិនបើ​មើល​ឃើញ​ថា​ប្រទេស​ថៃ ធ្លាក់​ក្នុង​អស្ថិរភាព​នយោបាយ ឬ​ខ្វះ​គោលការណ៍​ឯកភាព​ជាតិ​ថៃ ក្នុង​កិច្ចការ​នយោបាយ។ នៅ​ក្នុង​ប្រទេស​ថៃ ដូចជា​ទម្លាប់​ទៅ​ហើយ អ្នក​មិន​អាច​រាំង​ខ្ទប់​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​បាន​​នោះ​ទេ។»

លោក​សាស្ត្រាចារ្យ Kevin Hewison ក៏​បាន​ចង្អុល​បង្ហាញ​ពី​ភាព​ស្រដៀង​គ្នា​មួយ​នៃ​ការ​វិវត្ត​ចុងក្រោយ​បង្អស់​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១៤ ដែល​មាន​រឿង​ស្រដៀង​នឹង​ស្ថានភាព​នា​ពេលនេះ ហើយ​ទីបំផុត ពួក​យោធា​ចាប់​យក​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ឪពុក និង​ម្តាយមីង​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺ​ទម្លាក់​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​អ្នកស្រី យីងឡាក់។

មេដឹកនាំ​តវ៉ា​ជើងចាស់ មហាសេដ្ឋី Sondhi Limthongkul ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០០៦ គាត់​បាន​ចុះ​ដើរ​តាម​ផ្លូវ​ក្នុង​ទីក្រុង​បាងកក កាលពី​ចុង​សប្តាហ៍​មុន ដោយ​ចូលរួម​ជាមួយ​បាតុករ​រាប់​ពាន់​នាក់ ទាមទារ​ឱ្យ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ លាលែង​ពី​តំណែង។

លោក Sondhi Limthongkul បាន​និយាយ​ទៅ​កាន់​ហ្វូង​បាតុករ​នៅ​ឯ​ការ​ប្រមូលផ្ដុំ​ដ៏​ធំ​មួយ។ លោក​និយាយ​ថា «លោក​នឹង​មិន​ជំទាស់​ទេ ប្រសិនបើ​ពួក​យោធា​ចូល​អន្តរាគមន៍» ប៉ុន្តែ​លោក​បាន​បន្ថែម​ថា កងទ័ព​មិន​គួរ​ដឹកនាំ​រដ្ឋាភិបាល​ទៀត​ទេ។

ទោះ​យ៉ាងណា ទីប្រឹក្សា​នយោបាយ និង​ធុរកិច្ច​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក លោក Jay Harriman និយាយ​ថា រដ្ឋប្រហារ​គឺជា «លទ្ធផល probability» ដែល​កំពុង​ទន្ទឹង​រង់ចាំ​អ្វី​នឹង​កើតឡើង។

លោក​និយាយ​ថា ពួក​យោធា​ទំនង​ជា​នឹង​រង់ចាំ​ពេល​ណា​ដែល​ត្រូវ​ហក់​ចូល​អន្តរាគមន៍ គឺ​ព្រឹត្តិការណ៍​នេះ​អាច​នឹង​ធ្វើ​ក្រោយ​ដំណោះស្រាយ​របស់​តុលាការ និង​សភា។ វា​មាន​ន័យ​ថា លុះត្រាតែ​យន្តការ​ទាំងនេះ​បរាជ័យ​មិន​អាច​មាន​ការ​ឯកភាព​ជាតិ និង​កិច្ចការ​នយោបាយ វា​ជា​ផ្លូវ​ក្រោយ​ដែល​ពួក​យោធា​ឈាន​ជើង​ចូល និង​កាន់កាប់​ស្ថាប័ន​ស៊ីវិល។

សម្រាប់​អ្នកវិភាគ លោក Harriman យល់​ថា​របប​រាជាណាចក្រ​ថៃ នៅ​រស់រាន​មាន​ជីវិត​ជានិច្ច ទោះ​ជា​មាន​រដ្ឋប្រហារ​យោធា​ផ្ទុះ​ច្រើន​ជាងគេ​នៅ​អាស៊ី​ក៏ដោយ។

ទោះបី​ប្រទេស​ថៃ ដែល​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​បាន​សម្រេច​ច្រើន​លើក​ក៏ដោយ តែ​ពួក​យោធា​ថៃ មិន​ដែល​ទុក​ឱកាស​ឱ្យ​របប​ផ្ដាច់ការ​កើតមាន​នៅ​លើ​រាជាណាចក្រ​ថៃ បាន​ដាច់ខាត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version