The Cambodia Daily Khmer

មន្ត្រី​បក្ស​ប្រឆាំង​មន្ទិល​ពី​ផែនការ​រៀបចំ​ឱ្យ​ជនជាតិ​វៀតណាម​ក្នុង​បឹង​ទន្លេសាប​ទៅ​រស់នៅ​លើ​ដី​គោក​វិញ

ទិដ្ឋភាព​ថត​ពី​អាកាស​នៃ​ផ្ទះ​បណ្តែត​ទឹក​នៅ​លើ​ផ្ទៃ​បឹងទន្លេសាប ស្ថិត​នៅ​តំបន់​ព្រែកទាល់ ក្នុង​ខេត្ត​បាត់ដំបង។ (រូបថត៖ Khmer Nature)

ទិដ្ឋភាព​ថត​ពី​អាកាស​នៃ​ផ្ទះ​បណ្តែត​ទឹក​នៅ​លើ​ផ្ទៃ​បឹងទន្លេសាប ស្ថិត​នៅ​តំបន់​ព្រែកទាល់ ក្នុង​ខេត្ត​បាត់ដំបង។ (រូបថត៖ Khmer Nature)

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​ប្រគល់​ទាំង​ដីធ្លី រួម​ទាំង​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​បម្លាស់ទី​ពី​ការ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប ឱ្យ​ទៅ​រស់នៅ​លើ​ដី​គោក​វិញ។

លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា វិធានការ​បម្លាស់ទី​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ខុស​ច្បាប់ ឱ្យ​មក​រស់នៅ​លើ​ដី​គោក និង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ជា​ករណី​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត ព្រោះ​វិធានការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋសភា​សម្រេច​កែប្រែ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​នា​ពេលនេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ​ហាក់ដូចជា​កំពុងតែ​កែ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដើម្បី​ដកហូត​យក​ដីធ្លី​ពី​ពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​សញ្ជាតិ​ខ្មែរ ទៅ​ឱ្យ​ជនជាតិ​វៀតណាម ទាំងនោះ​ដូច្នោះ​ដែរ ព្រោះ​ថា​នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​បាត់បង់​សញ្ជាតិ ពួកគេ​នឹង​លែង​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​បន្ត​ទៀត​ហើយ។

កន្លង​មក រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ផ្តល់​ដី ៤០​ហិកតា និង​សាងសង់​ផ្ទះ​ឱ្យ​ជនជាតិ​វៀតណាម នៅ​ខេត្ត​កំពង់ឆ្នាំង ម្តង​រួច​មក​ហើយ ប៉ុន្តែ​នៅ​ពេលនេះ គេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ផ្តល់​ដី​ផ្សេង​ទៀត​ឲ្យ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​សម្រាប់​សាងសង់​ផ្ទះ​បន្ថែម​នៅឡើយ​ទេ។

សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១០ ខែ​កក្កដា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៥ ជុំវិញ​បឹង​ទន្លេសាប។

ប្រការ​២ នៃ​សេចក្តី​សម្រេច​នេះ បាន​ចែង​ពី​គោលការណ៍​ចំនួន ១៣​ចំណុច ក្នុង​នោះ ចំណុច​ទី​១ គឺ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម និង​វែង ដើម្បី​បម្លាស់ទី​ផ្ទះ​បណ្តែត​ទឹក​ពី​បឹង​ទន្លេសាប មក​លើ​ដី​គោក​វិញ។ ចំណែក​ចំណុច​ទី​៦ បាន​ចែង​អំពី​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ដី​ទាំងនោះ​ថែមទៀត។ បន្ថែម​ពី​នេះ ចំណុច​ទី​៨ ក៏​បាន​ចែង​អំពី​ការ​ចាត់​វិធានការ​ចំពោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹក​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ក៏​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ដែរ​ថា ការ​រៀបចំ​បម្លាស់ទី​ផ្ទះ​បណ្តែត​ទឹក​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ខុស​ច្បាប់ ឲ្យ​ទៅ​រស់នៅ​លើ​ដី​គោក និង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច គឺ​ស្រប​គ្នា​ទៅ​នឹង​គោលបំណង​របស់​មេដឹកនាំ​វៀតណាម ដែល​តែងតែ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​រហូត​មក។

លោក​បន្ថែម​ថា កន្លង​មក មេដឹកនាំ​វៀតណាម តែងតែ​រំឭក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពន្លឿន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម​ខុស​ច្បាប់ និង​ជួយ​សម្រួល​លក្ខខណ្ឌ​រស់នៅ​សមរម្យ​ដល់​ពលរដ្ឋ​វៀតណាម​ទាំងនោះ​ជាបន្តបន្ទាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០១៩ លោក ហ៊ុន សែន ធ្លាប់​រៀបចំ​ផ្ទះ​សម្បែង និង​ផ្តល់​ដី​ប្រមាណ​ជា ៤០​ហិកតា នៅ​ខេត្ត​កំពង់ឆ្នាំង ឱ្យ​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប ឲ្យ​ទៅ​រស់នៅ​ដី​គោក​ផង​ដែរ ដែល​មាន​ជាង ៤​ពាន់​គ្រួសារ (៤៥៦៣​គ្រួសារ) ក្នុង​នោះ ជនអន្តោប្រវេសន៍​វៀតណាម មាន​ជាង ២​ពាន់​គ្រួសារ (២៣៧៩​គ្រួសារ) ស្មើ​នឹង​ជាង ១​ម៉ឺន​នាក់ (១០០៨៧​នាក់)។ ក្រៅ​ពី​នេះ គឺជា​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ឥស្លាម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version