The Cambodia Daily Khmer

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​សងគុណ​អាមេរិក

(រូប​ឯកសារ) អ្នកគាំទ្រ​លោក កឹម សុខា លើក​បដា​នៅ​ខាងមុខ​សាលា​ឧទ្ធរណ៍​អំឡុង​ពេល​តុលាការ​បើក​សវនាការ​កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧។ (រូបថត៖ Reuters)

(រូប​ឯកសារ) អ្នកគាំទ្រ​លោក កឹម សុខា លើក​បដា​នៅ​ខាងមុខ​សាលា​ឧទ្ធរណ៍​អំឡុង​ពេល​តុលាការ​បើក​សវនាការ​កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧។ (រូបថត៖ Reuters)

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំងអស់ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ចង់​តបស្នង​សងគុណ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​កម្ពុជា បញ្ចប់​សង្គ្រាម​ជាមួយ​ថៃ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា លិខិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​ផ្ញើ​ទៅ​គណៈកម្មការ​ពានរង្វាន់​ណូបែល​សន្តិភាព ដើម្បី​គាំទ្រ​បេក្ខភាព​លោក ដូណាល់ ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​គឺជា​រឿង​ល្អ ព្រោះ​លោក ដូណាល់ ត្រាំ បាន​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា ពី​ការ​ឈ្លានពាន​របស់​ថៃ។

លោក អ៊ុំ សំអាន អះអាង​ថា អ្វី​ដែល​លោក ដូណាល់ ត្រាំ និង​សហរដ្ឋ​អាមេរិក ចង់​បាន​បំផុត​នោះ គឺ​ការ​ដោះលែង​លោក កឹម សុខា ដែល​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​គប់គិត​ជាមួយ​អាមេរិក ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ការ​ដោះលែង​អ្នកទោស​មនសិការ ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើងវិញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ចង់​តបស្នង​សងគុណ​លោក ដូណាល់ ត្រាំ និង​សហរដ្ឋ​អាមេរិក មែន​នោះ រដ្ឋាភិបាល​គួរតែ​ធ្វើ​ទៅ​តាម​បំណង​ប្រាថ្នា​របស់​អាមេរិក។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​គណៈកម្មការ​ពានរង្វាន់​ណូបែល​សន្តិភាព ដើម្បី​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​ស្នើសុំ​ពានរង្វាន់​នេះ គឺ​ស្រប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​ដើម្បី​ជា​ការ​ថ្លែង​អំណរគុណ​ដល់​លោក Donald Trump ដែល​បាន​យកចិត្ត​ទុកដាក់​ដោយ​ផ្ទាល់​ក្នុង​ការ​ផ្ដួចផ្ដើម និង​ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ក៏ដូចជា​ការ​បន្ត​តាមដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​រហូត​ដល់​មាន​សន្តិភាព​ពេញលេញ​រវាង​ប្រទេស​ទាំង​ពីរ។

ជុំវិញ​បញ្ហា​នេះ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​លើកឡើង​កាលពី​ថ្ងៃទី​៧ សីហា ថា លោក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ប៉ុន្តែ​កម្ពុជា គួរតែ​លាង​សម្អាត​ការ​ចោទ​អាមេរិក ពី​បទ​ក្បត់​ជាតិ​ជាមួយ​លោក កឹម សុខា ឱ្យ​ជ្រះស្រឡះ​ជា​មុន​សិន ដើម្បី​បង្ហាញ​ពី​សុឆន្ទៈ​សុចរិត និង​ការ​ថ្លែង​អំណរគុណ​អាមេរិក​ចេញពី​បេះដូង​បរិសុទ្ធ។

លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ ក្បត់​ជាតិ ដែល​មាន​អាមេរិក​នៅ​ពីក្រោយ​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា និង​សម្រេច​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ រួម​ទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែមទៀត​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version