The Cambodia Daily Khmer

អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ វិល​ទៅ​ដល់​ស្រុក​ថៃ វិញ​បន្ទាប់ពី​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​ឌូបៃ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ

កាលពី​ថ្ងៃទី​៤ កញ្ញា មុន​ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​សភា​ថៃ លោក ថាក់ស៊ីន បាន​ចាកចេញ​ទៅ​កាន់​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ ដោយសារ​ទីនោះ​មាន​គ្រូពេទ្យ​ដែល​បាន​តាមដាន​ស្ថានភាព​សុខភាព​របស់​លោក​អស់​ជាច្រើន​ឆ្នាំ។

លោក ថាក់ស៊ីន បាន​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ នៅ​ព្រមាន​យន្តហោះ​ដនមឿង ថា លោក​ត្រូវ​ត្រឡប់​មក​ប្រទេស​ថៃ វិញ​មុន ឬ​នៅ​ថ្ងៃទី​៨ កញ្ញា ដើម្បី​បង្ហាញ​ខ្លួន​នៅ​តុលាការ។ នេះ​បើ​តាម​សារព័ត៌មាន Thai Inquirer ចុះផ្សាយ​នៅ​ថ្ងៃទី​៨ កញ្ញា។

ការ​វិល​មក​វិញ​របស់​អ្នក​នយោបាយ​ថៃ ជាប់​ពិរុទ្ធភាព ធ្វើឡើង​មួយ​ថ្ងៃ​មុន​សវនាការ​របស់​តុលាការ​កំពូល ទាក់ទង​នឹង​ការ​ព្យាបាល​របស់​លោក​នៅ​មន្ទីរពេទ្យ​ប៉ូលិស នៅ​ក្រុង​បាងកក ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ ជំនួស​ឱ្យ​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដែល​ត្រូវ​បាន​ចោទ​ថា លោក ថាក់ស៊ីន ធ្វើ​ពុត​ជា​ឈឺ មិន​ព្រម​ឱ្យ​គេ​ឃុំ​ខ្លួន។

សវនាការ​របស់​តុលាការ នឹង​បញ្ជាក់​ថា តើ​រយៈពេល​ដែល​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ជា​ការ​ភូត​កុហក ឬ​ដូចម្ដេច។

លោក ថាក់ស៊ីន អាយុ ៧៦​ឆ្នាំ បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ ចាប់ពី​ឆ្នាំ​២០០១ ប៉ុន្តែ​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០០៦។ លោក​បាន​ត្រឡប់​មក​ប្រទេស​ថៃ វិញ នៅ​ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់ពី​និរទេស​ខ្លួន​រយៈពេល ១៥​ឆ្នាំ។

អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ឃុំ ៨​ឆ្នាំ​ពី​បទ​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើពុករលួយ ប៉ុន្តែ​ត្រូវ​បាន​លើកលែង​ទោស​ឱ្យ​នៅ​សល់​ត្រឹម​មួយ​ឆ្នាំ ដែល​ស្មើ​នឹង​រយៈពេល​ដែល​លោក​សម្រាក​នៅ​មន្ទីរពេទ្យ។ ចុងក្រោយ បទ​ចោទ​ដែល​ថា​លោក​ប្រមាថ​ចេស្ដា​ព្រះមហាក្សត្រ​របស់​ខ្លួន ក៏​ត្រូវ​បាន​លើកលែង​ទោស ក្រោយពី​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​នេះ។

កាល​ត្រឡប់​មក​វិញ​របស់​លោក ថាក់ស៊ីន ក្រោយពី​កូនស្រី​របស់​លោក គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ចុង​ខែ​សីហា ដោយ​តុលាការ​ធម្មនុញ្ញ ដោយ​រក​ឃើញ​កំហុស​ពី​បទ​រំលោភ​ក្រមសីលធម៌​ស្តង់ដា និង​រដ្ឋធម្មនុញ្ញ ករណី​បែកធ្លាយ​សំឡេង​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

យ៉ាងណា ការ​វិល​មក​វិញ​របស់​លោក ថាក់ស៊ីន ទំនង​លោក ថាក់ស៊ីន រំពឹង​ថា​លោក​នឹង​អាច​រួច​ពី​ទោស​កំហុស​ដែល​ចោទ​លោក​ថា ភូតភរ​ថា​ខ្លួន​លោក​ឈឺ ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​បាងកក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version