The Cambodia Daily Khmer

កងទ័ព​នេប៉ាល់ ដណ្តើម​បាន​ទីក្រុង Kathmandu មក​វិញ ក្រោយពី​រដ្ឋធានី​មួយ​នេះ​ធ្លាក់​ក្នុង​អំពើ​កុបកម្ម

ទាហាន​នេប៉ាល់ ដើរ​ល្បាត​តាម​ដងផ្លូវ​ក្បែរ​អគារ​ការិយាល័យ Singha Durbar ដែល​ជា​ទីស្នាក់ការ​នាយករដ្ឋមន្ត្រី និង​ក្រសួង​ផ្សេង​ទៀត​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥។

ទាហាន​នេប៉ាល់ ដើរ​ល្បាត​តាម​ដងផ្លូវ​ក្បែរ​អគារ​ការិយាល័យ Singha Durbar ដែល​ជា​ទីស្នាក់ការ​នាយករដ្ឋមន្ត្រី និង​ក្រសួង​ផ្សេង​ទៀត​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥។

យោង​តាម​ការ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ កញ្ញា នេះ ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News កងទ័ព​នៃ​ប្រទេស​នេប៉ាល់ បាន​ដណ្តើម​កាន់កាប់​រដ្ឋធានី Kathmandu មក​វិញ បន្ទាប់ពី​រដ្ឋធានី​មួយ​នេះ​ធ្លាក់​ក្នុង​អំពើ​កុបកម្ម​បង្ក​ហិង្សា​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ បណ្ដាល​ឱ្យ​មនុស្ស ៣០​នាក់​ស្លាប់ ជាង ១​ពាន់​នាក់​រង​របួស បង្ខំ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង និង​អគារ​សំខាន់ៗ​រួម​ទាំង​អគារ​រដ្ឋសភា​របស់​ប្រទេស ត្រូវ​បាន​ដុត​កម្ទេច។

នៅ​ខណៈ​នេះ កងទ័ព​បាន​កំពុង​ដើរ​ល្បាត​តាម​ដងផ្លូវ​នៃ​រដ្ឋធានី ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​តាម​ទប់ស្កាត់​ក្រុម​យុវជន​មួយ​ចំនួន​ដែល​មិន​ព្រម​បញ្ឈប់​ហិង្សា។

ការ​តវ៉ា​ដ៏​សាហាវ​នៅ​ក្នុង​សប្តាហ៍​នេះ បើ​តាម​ប៉ូលិស បាន​និយាយ​ថា អ្នកទោស​ជាង ១៣៥០០​នាក់​បាន​រត់​គេច​ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស។

ក្រសួង​សុខាភិបាល​របស់​ប្រទេស​នេប៉ាល់ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ ថា ក្រៅពី​មនុស្ស ៣០​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ភាព​ចលាចល​នៅ​ទូទាំង​ប្រទេស មនុស្ស ១០៣៣​នាក់​បាន​រង​របួស។

នៅ​រដ្ឋធានី Kathmandu រថយន្ត​យោធា​បាន​ឆ្លងកាត់​ផ្លូវ​ដ៏​ស្ងប់ស្ងាត់ ដែល​មាន​រថយន្ត និង​អគារ​ឆេះ​នៅ​តាម​ផ្លូវ ខណៈ​ដែល​មន្ត្រី​ប្រើ​ឧបករណ៍​សំឡេង​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​ក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​នយោបាយ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ការ​ចរចា​បាន​ចាប់ផ្តើម​រវាង​មេដឹកនាំ​បាតុកម្ម និង​កងទ័ព ប៉ុន្តែ​មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ដែល​បាន​សម្រេច​នៅ​ថ្ងៃ​ពុធ នោះ​ទេ។

អ្នក​នាំពាក្យ​សម្រាប់​កងទ័ព លោក Rajaram Basnet បាន​និយាយ​ថា អគ្គមេបញ្ជាការ​កងទ័ព​នេប៉ាល់ លោក Ashok Raj Sigdel បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ និង​បាន​ជួប​សមាជិក​នៃ​ក្រុម​ចលនា Gen Z ជា​ក្រុម​វ័យក្មេង​ដែល​ចូលរួម​បាតុកម្ម ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

អ្នកស្រី Shushila Karki អាយុ ៧៣​ឆ្នាំ អតីត​ប្រធាន​តុលាការ​កំពូល​ដ៏​មាន​ឥទ្ធិពល​ដែល​បាតុករ​ភាគច្រើន​មើល​ឃើញ​ថា​អ្នកស្រី​ស័ក្តិសម​ជា​មេដឹកនាំ​បណ្ដោះអាសន្ន​នៃ​រដ្ឋាភិបាល​នេប៉ាល់ បាន​និយាយ​ថា​ការ​សន្ទនា​រវាង​ភាគី​យោធា និង​បាតុករ​នៅ​ពេលនេះ​មាន​សារសំខាន់។ អ្នកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា អ្នកជំនាញ​ត្រូវ​រួម​គ្នា​ដើម្បី​ស្វែងរក​ផ្លូវ​ឆ្ពោះ​ទៅ​មុខ។

តែ​នៅ​ខណៈ​នេះ កងទ័ព​នៅ​បន្ត​ដាក់​ពង្រាយ​នៅ​ម្ដុំ​រដ្ឋសភា ដែល​ត្រូវ​កុបករ​ដុត​កម្ទេច តែ​សមាជិក​សភា​នេប៉ាល់ បាន​ស្ដីបន្ទោស​ចំពោះ​កុបកម្ម​នេះ។

បាតុកម្ម​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ នៅ​រាជធានី បាន​ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​វ័យក្មេង Gen Z ក្នុង​គោលបំណង​ប្រឆាំង​នឹង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការ​ប្រឆាំង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ពោរពេញ​ដោយ​អំពើពុករលួយ។

ក្រុម​បាតុករ​ចាប់ផ្តើម​ផ្ទុះ​កំហឹង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​ដុត​បំផ្លាញ​អគារ​រដ្ឋាភិបាល​ឱ្យ​ឆេះ បន្ទាប់ពី​មាន​មនុស្ស​យ៉ាងតិច ១៩​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​យ៉ាង​សាហាវ​ជាមួយ​ប៉ូលិស​បង្ក្រាប​កុបកម្ម។

ចលាចល​ដែល​កើតឡើង​យ៉ាង​ឆាប់​រហ័ស បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល ខណៈ​យោធា​នៃ​ប្រទេស​នេប៉ាល់ បាន​ព្រមាន​ប្រឆាំង​នឹង «សកម្មភាព​ដែល​អាច​នាំ​ឱ្យ​ប្រទេស​មាន​ភាព​ចលាចល និង​អស្ថិរភាព»។

អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​នេប៉ាល់ លោក Binod Ghimire បាន​និយាយ​ថា ប៉ូលិស​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​អង្គារ អំឡុង​បាតុករ​វាយ​បំបែក​ពន្ធនាគារ​ធំ​មួយ​ដើម្បី​រំដោះ​អ្នកទោស។ នៅ​លើ​ជញ្ជាំង​នៃ​អគារ​រដ្ឋសភា​ឆេះ​ខ្លោច ក្រុម​បាតុកម្ម​បាន​សរសេរ​ពាក្យ​ប្រមាថ​ទៅ​កាន់​រដ្ឋាភិបាល ដែល​បញ្ជាក់​ថា ពួកគេ​បាន​ជ្រើសរើស​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​ជា​ការ​ចាំបាច់ ហើយ​ឃើញ​មាន​ការ​ចុះហត្ថលេខា​ដោយ​ក្រុម​បាតុករ​វ័យក្មេង Gen Z។

ក្រុម​យុវជន​វ័យក្មេង​នេប៉ាល់ Gen Z កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែ​កញ្ញា នេះ បាន​វាយប្រហារ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​លោក KP Sharma Oli នាយករដ្ឋមន្ត្រី​នេប៉ាល់ អាយុ ៧៣​ឆ្នាំ ដែល​ជា​នាយករដ្ឋមន្ត្រី​បួន​សម័យកាល និង​ជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ម៉ៅ​និយម។

ក្នុង​ស្ថានភាព​ទប់​ជំហរ​ការពារ​អំណាច​របស់​ខ្លួន​ដែល​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​អាសន្ន និង​គ្រោះថ្នាក់​ដល់​ជីវិត​លោក Sharma Oli បាន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី ដោយ​បញ្ជូន​លិខិត​លាលែង​ទៅ​ជូន​ប្រមុខរដ្ឋ​ដែល​គ្មាន​អំណាច។ ការណ៍​នេះ បាន​នាំ​ឱ្យ​មាន​ការ​ត្រួសត្រាយ​ផ្លូវ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​នយោបាយ។

តែ​យ៉ាងណា លោក Sharma Oli បាន​កំពុង​លាក់​ខ្លួន​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​ឡើយ តែ​ប្រភព​ខ្លះ​ថា​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច​រូប​នេះ បាន​រត់​ចេញពី​ប្រទេស​នេប៉ាល់ បាត់​ហើយ។

មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍ Dev Kumar Khatiwada អាយុ ៦០​ឆ្នាំ បាន​និយាយ​ថា រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ សម​តែ​ទទួល​ការ​ស្ដីបន្ទោស គឺជា​រឿង​ត្រឹមត្រូវ។ លោក​បាន​បន្ថែម​ថា នេះ​ជា​លទ្ធផល​សាង​អំពើ​អាក្រក់​របស់​មេដឹកនាំ​ម្នាក់​នេះ។

តែ​យ៉ាងនេះ​ក្ដី សំណួរ​នៅតែ​មាន​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​នេប៉ាល់ ក្រោយពី​កុបករ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ក្រុម​វិបត្តិ​អន្តរជាតិ​បាន​ហៅ​វា​ថា ព្រឹត្តិការណ៍​នៅ​នេប៉ាល់ ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ គឺ «ចំណុច​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​ដ៏​គំហុក​នៃ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​នៃ​អតីត​រាជាណាចក្រ​នេប៉ាល់»។

ព្រឹត្តិការណ៍​នេះ គឺជា​បទពិសោធន៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ប្រទេស​ប្រជាធិបតេយ្យ​ដែល​គេ​ស្អាតស្អំ ជាមួយ​នឹង​ប្រជាធិបតេយ្យ​នៅ​នេប៉ាល់ ដែល​ក្លាយ​ជា​ឧបករណ៍​កិបកេង​ធនធាន​រដ្ឋ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ផ្ដួល​រំលំ។

អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ លោក Stephane Dujarric បាន​និយាយ​ថា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​អំពាវនាវ​ឱ្យ​មាន «ការ​អត់ធ្មត់ ដើម្បី​ជៀសវាង​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​បន្ថែម​ទៀត»។

អ្នកច្បាប់​ជំនាញ​រដ្ឋធម្មនុញ្ញ Dipendra Jha បាន​និយាយ​ថា មេដឹកនាំ​បាតុករ និង​កងទ័ព គួរ​តែ​រួម​គ្នា​ដើម្បី​ស្វែងរក​ផ្លូវ​សម្រាប់​រដ្ឋាភិបាល​បម្រុង។

អ្នកវិភាគ​ក្រុម​វិបត្តិ​អន្តរជាតិ លោក Ashish Pradhan បាន​និយាយ​ថា ការ​រៀបចំ​អន្តរកាល​នេះ គួរ​ត្រូវ​ធ្វើ​ឱ្យ​បាន​រហ័ស និង​រួម​បញ្ចូល​សារព័ត៌មាន​ដែល​មាន​ភាព​ជឿជាក់​ជាមួយ​ប្រជាជន និង​យុវជន​របស់​ប្រទេស។

យោង​តាម​ធនាគារ​ពិភពលោក ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​មនុស្ស​វ័យ ១៥​ឆ្នាំ​ទៅ ២៤​ឆ្នាំ​នៅ​នេប៉ាល់ ភាគច្រើន​គ្មាន​ការងារ​ធ្វើ​នោះ​ទេ។ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​នៃ​ប្រទេស​នេះ គឺ​ប្រហែល ១៤៤៧​ដុល្លារ​ជា​ចំណូល​ប្រចាំ​ឆ្នាំ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version