លោក Kim Aris កូនប្រុសរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំនៅក្នុងរនាំងដែករបស់ពួកយោធាភូមា បានជួបប្រជុំជាមួយក្រុមមេដឹកនាំចលនាតស៊ូប្រឆាំងរបបសឹក។
សារព័ត៌មានភូមា DVB ចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ថា លោក Kim Aris បានធ្វើជំនួបជាមួយនឹងប្រធានាធិបតីស្ដីទីនៃរដ្ឋាភិបាលឯកភាពជាតិភូមា លោក Duwa Lashi La កាលពីថ្ងៃអាទិត្យ ទី១៤ កញ្ញា។ ជំនួបដូចគ្នានេះបន្ទាប់ពីលោក Kim Aris កូនប្រុសជ័យលាភីណូបែលសន្តិភាព បានជួបជាមួយអគ្គមេបញ្ជាការកងទ័ពជាតិ Arakan លោក Twan Mrat កាលពីថ្ងៃទី៦ ខែកញ្ញា។
តែជំនួបរបស់លោក Kim Aris ធ្វើឡើងតាមបណ្ដាញ Online ខណៈលោក Kim Aris ស្ថិតនៅក្រៅប្រទេស។ លោក Kim Aris បានបង្ហាញសំណេររបស់លោកតាមបណ្ដាញសង្គម ដែលលោកបាននិយាយថា មានតែរួមកម្លាំងគ្នាទេ ទើបអាចដណ្ដើមបានសេរីភាព ភាពថ្លៃថ្នូរ និងយុត្តិធម៌សម្រាប់ប្រជាជាតិភូមា។
លោក Kim បានពិភាក្សាជាមួយមេដឹកនាំចលនាតស៊ូប្រឆាំងរបបសឹកនៅភូមា ដោយបានផ្ដោតទៅលើសេចក្ដីត្រូវការជាបន្ទាន់សម្រាប់ជំនួយមនុស្សធម៌ដល់គ្រួសារអ្នកតស៊ូ ដែលត្រូវពួកយោធាចាប់ឃុំខ្លួនចាប់តាំងពីការបះបោរប្រឆាំងរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ២០២១។
លោកក៏បានអំពាវនាវសុំឱ្យមានការពង្រឹងការតស៊ូរវាងក្រុមរដ្ឋាភិបាលឯកភាពជាតិភូមា និងចលនាតស៊ូរបស់ក្រុមកងទ័ពជាតិ Arakan ដើម្បីប្រឆាំងរបបសឹកឱ្យមានភាពខ្លាំង ខណៈរបបរដ្ឋប្រហារនេះដាក់ចេញផែនការបោះឆ្នោតនៅចុងខែធ្នូ ឆ្នាំ២០២៥ ឬនៅខែមករា ឆ្នាំ២០២៦ ដែលលោកប្រកាសមិនទទួលស្គាល់ការបោះឆ្នោតណាមួយដែលធ្វើឡើងនៅពេលប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលនោះ។
លោក Kim Aris អាយុ ៤៨ឆ្នាំនៅឆ្នាំ២០២៥ នេះ។ លោកមានសញ្ជាតិអង់គ្លេស ព្រោះឪពុករបស់លោកជាជនជាតិអង់គ្លេស។ សព្វថ្ងៃ លោក Kim កំពុងរស់នៅក្នុងប្រទេសអង់គ្លេស។ ឪពុករបស់គាត់ គឺលោក Michael Aris ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ស៊ូជី នៅឆ្នាំ១៩៧២។
កាលពីថ្ងៃទី៤ កញ្ញា លោក Kim Aris បានអំពាវនាវឱ្យមានការដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ ដែលលោកថាអ្នកស្រីកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់។ បើតាមរដ្ឋាភិបាលឯកភាពជាតិភូមា របបសឹកភូមា មិនបានផ្ដល់ការព្យាបាលគ្រប់គ្រាន់ចំពោះអ្នកស្រី ស៊ូជី នោះទេ។
លោក Michael Aris និងរដ្ឋាភិបាលឯកភាពជាតិភូមា ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ធ្វើយ៉ាងណាឱ្យអ្នកស្រី ស៊ូជី ទទួលបានការព្យាបាលគ្រប់គ្រាន់ និងមានរបបអាហារទៀងទាត់។
អ្នកស្រី អ៊ុងសាន ស៊ូជី មានអាយុ ៨០ឆ្នាំហើយនៅឆ្នាំ២០២៥ នេះ។ អ្នកស្រីបានឆ្លងកាត់ការរស់នៅក្នុងរនាំងដែករបស់ពួកយោធាសរុបជាង ៣៣ឆ្នាំមកហើយ។
តែយ៉ាងណា អ្នកនាំពាក្យរបបសឹកភូមា លោក Zaw Min Tun អះអាងថាសុខភាពអ្នកស្រី ស៊ូជី នៅតែរឹងមាំ ហើយកំពុងស្ថិតក្រោមការតាមដានសុខភាពជូនអ្នកស្រីជារៀងរាល់ថ្ងៃ។
កាលពីថ្ងៃអាទិត្យ ទី១៤ កញ្ញា នៅទីក្រុងញូវយ៉ក មានការប្រគំតន្ត្រីមនុស្សធម៌មួយដោយក្រុមតន្ត្រីករមកពីប្រទេសភូមា ដោយរៃអង្គាសបានប្រាក់ ១៣ម៉ឺនដុល្លារសម្រាប់ជួយដល់ក្រុមតស៊ូនៃចលនាប្រជាធិបតេយ្យប្រឆាំងនឹងរបបសឹក ហើយការប្រគំតន្ត្រីក៏បានភ្ជាប់ផងដែរនូវវីរភាពរបស់សកម្មជនប្រជាធិបតេយ្យភូមា ជាពិសេសឈ្មោះអ្នកស្រី អ៊ុងសាន ស៊ូជី មានភាពលេចធ្លោនៅឆាកតន្ត្រី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
