The Cambodia Daily Khmer

បណ្ឌិត គិន ភា៖ សម្ព័ន្ធមិត្ត​ដែកថែប​កម្ពុជា-ចិន មិនមែន​ជា​មិត្ត​ចង​ដៃ​ចង​ជើង​គ្នា​មិន​ឱ្យ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​នោះ​ទេ

បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា

បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា គម្រោង​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន ជាមួយ​ថៃ មិនមែន​ជា​រឿង​ចម្លែក​ទេ ដោយសារតែ​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន មិនមែន​ជា​មិត្ត​ចង​ដៃ​ចង​ជើង​គ្នា​មិន​ឱ្យ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​នោះ​ទេ ត្បិត​ទំនាក់ទំនង​អន្តរជាតិ​គ្មាន​មិត្ត គ្មាន​សត្រូវ​ឡើយ គឺ​មាន​តែ​ផល​ប្រយោជន៍​ប៉ុណ្ណោះ។

បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ថា កម្ពុជា​និង​ចិន មិនមែន​ជា​សម្ព័ន្ធមិត្ត​យោធា​ដែល​ចាំបាច់​តម្រូវ​ឱ្យ​ប្រទេស​នីមួយៗ​ជួយ​ច្បាំង​គ្នា​ទៅវិញ​ទៅមក​ដូច​សម្ព័ន្ធមិត្ត​ណាតូ ឬ​សម្ព័ន្ធមិត្ត​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង ជាមួយ​នឹង​សហរដ្ឋ​អាម៉េរិក ឬ​រវាង​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​លោកខាងលិច​នោះ​ទេ។

លោក​បន្ត​ថា ប្រទេស​នីមួយៗ​តែងតែ​ព្យាយាម​ពង្រីក​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​នានា​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ធានា​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ខ្លួន​លើ​វិស័យ​នយោបាយ ការទូត សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និង​សង្គម-វប្បធម៌ ជាដើម។

បណ្ឌិត គិន ភា លើកឡើង​ថា កម្ពុជា​មិន​ត្រូវ​តូចចិត្ត​ចំពោះ​ចិន ដែល​ធ្វើ​សមយុទ្ធ​ផ្លូវអាកាស​ជាមួយ​ថៃ នោះ​ឡើយ ព្រោះ​ចិន មាន​ផល​ប្រយោជន៍​ជាមួយ​ថៃ ច្រើន​ជាង​កម្ពុជា ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការទូត យុទ្ធសាស្ត្រ សន្តិសុខ ជាពិសេស ថៃ​ដែល​ជា​ម៉ូយ​ដ៏​ធំ​មួយ​របស់​ចិន សម្រាប់​លក់​អាវុធ​ផង​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​បន្ថែម​ថា កម្ពុជា​មិន​អាច​ជួយ​ច្បាំង​ចិន ហើយ​ចិន ក៏​មិន​អាច​ជួយ​ច្បាំង​កម្ពុជា ដែរ តែ​អាច​គាំទ្រ​គ្នា​ជា​នយោបាយ ការទូត ឬ​យោធា ដែល​មិន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក។

លោក​បន្ត​ទៀត​ថា កម្ពុជា​ត្រូវតែ​បន្ត​ធ្វើ​ទំនាក់ទំនង​ការទូត​បន្ថែម​ទៀត​ជាមួយ​មហាអំណាច និង​បណ្ដា​ប្រទេស​នានា​ឱ្យ​បាន​កាន់តែ​ច្រើន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ចៀសវាង​ងាប់ក្រឡា​ជាមួយ​តែ​មហាអំណាច​ណា​មួយ មិន​ថា​លើ​វិស័យ​សេដ្ឋកិច្ច នយោបាយ ការទូត និង​សន្តិសុខ​នោះ​ទេ។

បណ្ឌិត គិន ភា បញ្ជាក់​ថា កាលណា​មាន​សង្គ្រាម​រវាង​ប្រទេស​តូចៗ មហាអំណាច​នឹង​សប្បាយចិត្ត ព្រោះ​លុយ​នឹង​ហូរ​ចូល​ទៅ​ប្រទេស​របស់​ពួកគេ​តាមរយៈ​នៃ​ការ​លក់​អាវុធ ព្រោះ​រាល់​ពេល​មាន​សង្គ្រាម គឺជា​ឱកាស​ដែល​មហាអំណាច​ឈ្មួញ​អាវុធ​ផ្សាយ​ពាណិជ្ជកម្ម​អាវុធ​របស់​ខ្លួន​ផង និង​ជា​ឱកាស​លក់​អាវុធ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ (Xinhua) បាន​ដកស្រង់​ព័ត៌មាន​ពី​គេហទំព័រ​ក្រសួង​ការពារ​ជាតិ​ចិន ថា ចិន​និង​ថៃ បាន​កំណត់​ពេល​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​កងទ័ព​ដែនអាកាស​រួម​គ្នា​ចាប់ពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២៥ រហូត​ដល់​ដំណាច់​ខែ​នេះ ដែល​ធ្វើឡើង​ក្នុង​ប្រទេស​ថៃ ដោយ​ដាក់​ឈ្មោះ​ថា Falcon Strike។

ក្រុម​អ្នក​សង្កេតការណ៍​បាន​លើកឡើង​ថា ឆ្នាំ​២០២៥ នេះ ថៃ​បាន​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ៨៥០០​លាន​ដុល្លារ​សម្រាប់​ធ្វើ​ទំនើបកម្ម​យោធា​ដើម្បី​ការពារ​ជាតិ ហើយ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ថៃ​ក៏​បាន​ទិញ​ឧបករណ៍​យោធា​ពី​ចិន ប្រមាណ​ជា ៣០ ទៅ ៤០%។ អាវុធ​ទាំងនោះ​រួម​មាន រថពាសដែក ប្រព័ន្ធ​កាំភ្លើងធំ​ទំនើប រួម​ទាំង​កាំភ្លើងធំ​ធុន ១៥៥​មិល្លីម៉ែត្រ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version