រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលបណ្ដោះអាសន្ននេប៉ាល់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានដាក់បម្រាមការធ្វើដំណើរទៅលើលោក KP Sharma Oli ដែលត្រូវបានរុញឱ្យធ្លាក់ពីអំណាចពីនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីជាន់ខ្ពស់ ៤នាក់ទៀត ជាផ្នែកមួយនៃការស៊ើបអង្កេតពីករណីបាញ់សម្លាប់បាតុករនៅក្នុងចលនាបាតុកម្មដ៏មហិមាកាលពីថ្ងៃទី៨ កញ្ញា កន្លងមកនេះ។
រដ្ឋមន្ត្រីជាន់ខ្ពស់ ៤នាក់ស្ថិតក្នុងបម្រាមការធ្វើដំណើរ រួមមានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh អតីតប្រធានទីភ្នាក់ងារសន្តិសុខនៃនាយកដ្ឋានស៊ើបអង្កេតជាតិ លោក Hutaraj Thapa និងមន្ត្រីការិយាល័យជាន់ខ្ពស់ពីររូបទៀត។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា។
តាមលោក Om Prakash Aryal រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេប៉ាល់ ឲ្យដឹងថា ការហាមឃាត់នេះត្រូវបានកំណត់ឱ្យចូលជាធរមានហើយចាប់ពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះ ហើយអ្នកទាំង ៥នាក់នោះ មិនអាចធ្វើដំណើរដោយសេរីចេញពីទីក្រុង Kathmandu បានទេ លុះត្រាតែពួកគេទទួលបានការយល់ព្រម។
កាលពីដើមខែកញ្ញា រវាងថ្ងៃទី៨ ដល់ថ្ងៃទី១៣ មានបាតុកម្មមួយដ៏ធំ និងដ៏ហិង្សា រៀបចំដោយក្រុមយុវជន Gen Z ដែលផ្ទុះការតវ៉ាប្រឆាំងនឹងការបិទមិនឱ្យប្រើប្រាស់បណ្ដាញសង្គម បានទាញទៅរកការសើរើបញ្ហាសេដ្ឋកិច្ច និងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោក KP Sharma Oli។ បាតុកម្មនេះ បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៧៣នាក់ និងរបួសជាង ១៣០០នាក់។ ជាមួយគ្នានេះដែរ ហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្មជាច្រើន ក៏បានរងការខូចខាត និងដុតបំផ្លាញ ក្នុងនោះមានទាំងដុតផ្ទះមន្ត្រីគ្រាក់ៗ រួមទាំងហិង្សាវាយដំទៅលើរដ្ឋមន្ត្រីជាច្រើននាក់របស់លោក KP Sharma Oli។
បើយោងតាមសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មនេប៉ាល់ ការដុតរថយន្ត លំនៅឋាន និងអគាររដ្ឋសភាដែលបន្សល់ទុកពីអំពើកុបកម្ម បានខូចខាតគិតជាទឹកប្រាក់សរុប ៦០០លានដុល្លារ។
បាតុកម្មនៅក្នុងប្រទេសមួយនៃទ្វីបអាស៊ីខាងត្បូងបានបញ្ចប់ដោយភាពស្ងប់ស្ងាត់វិញ បន្ទាប់ពីអ្នកស្រី Sushila Karki អតីតប្រធានតុលាការកំពូល បានឡើងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។
ក្នុងពិធីស្បថចូលកាន់តំណែង អ្នកស្រី Sushila Karki បានប្ដេជ្ញាចិត្តនឹងធ្វើតាមសំណើរបស់ក្រុមយុវជននៃចលនា Gen Z ដើម្បីគាស់រំលើងអំពើពុករលួយ និងជំរុញការគ្រប់គ្រងប្រកបដោយតម្លាភាព ជាមួយនឹងសន្យានាំខ្លួនជនពុករលួយឡើងតុលាការ ដែលគេរំពឹងថាលោក KP Sharma Oli អាចនឹងមានទោសទាំងក្នុងសំណុំរឿងពុករលួយ និងការបញ្ជាឱ្យប៉ូលិសបង្ក្រាបបាតុកម្មបង្កឱ្យផ្ទុះកុបកម្ម។
នាយករដ្ឋមន្ត្រីស្តីទី អ្នកស្រី Sushila Karki ត្រូវកាន់ចង្កូតរដ្ឋាភិបាលស្រោចស្រង់ជាតិមួយនេះរហូតដល់ពេលមានការរៀបចំបោះឆ្នោតថ្មី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
អ្នកស្រី Sushila Karki អាយុ ៧៣ឆ្នាំ គឺជាសកម្មជនសង្គមដែលមានប្រជាប្រិយភាពក្នុងការប្រឆាំងនឹងអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋាភិបាល។
ប្រជាជននេប៉ាល់ ជិត ៣០លាននាក់ ត្រូវស្ថិតនៅក្រោមដំបូលផ្ទះរបស់អ្នកស្រី Sushila Karki ដោយរង់ចាំរហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ទើបមាននាយករដ្ឋមន្ត្រីថ្មីចេញពីការបោះឆ្នោតរបស់សមាជិកសភាថ្មី នឹងត្រូវប្រសូតឡើងដោយឆន្ទៈរបស់ប្រជាជន។
គេរំពឹងថាប្រទេសអាស៊ីខាងត្បូងមួយនេះនៃជួរភ្នំហិម៉ាល័យ នឹងមានគណបក្សនយោបាយជំនាន់ថ្មីជាច្រើនផុសរូបរាងឡើង ដែលពេលនោះ ក្រុមបាតុករនៃចលនា Gen Z រំពឹងថានឹងបំប្លែងខ្លួនជាបក្សនយោបាយដើម្បីបានតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភានេប៉ាល់។
ប៉ុន្តែសំណួរមួយកំពុងលេចឡើងនៅលើបណ្ដាញសង្គមនៅនេប៉ាល់ ថាតើរដ្ឋធម្មនុញ្ញឆ្នាំ២០១៥ របស់ក្រុមបក្សពួកនយោបាយលទ្ធិម៉ៅនិយម អាចត្រូវបានរុះរើឬទេ ហើយអាចដូរទៅរបបរាជានិយមប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានស្ដេចសោយរាជ្យ ដើម្បីជានិមិត្តរូបនៃការឯកភាពជាតិ គួរស្ដារឡើងវិញឬទេ?
ប្រទេសនេប៉ាល់ បានឆ្លងកាត់ ១៧ឆ្នាំមកនេះ រាស្ត្រនេប៉ាល់បានឆ្លងកាត់បទពិសោធដ៏ឈឺចាប់ក្នុងរបបប្រជាធិបតេយ្យពុករលួយ ខណៈរាជវង្ស Gyanendra ត្រូវបានក្រុមអ្នកនយោបាយពុករលួយចែកគ្នាកាន់អំណាចវិលជុំបំបរបង់ព្រះអង្គឱ្យភៀសព្រះកាយចេញពីបរមរាជវាំងទៅធ្វើស្រែចម្ការ ខណៈរាស្ត្រព្រះអង្គរងគ្រោះទុក្ខសោក ព្រះអង្គបានត្រឹមបង្ហាញហឫទ័យសោកស្ដាយប៉ុណ្ណោះ។
លោក Govinda Raj Pokharel អ្នកនយោបាយជាន់ខ្ពស់ និងជាអតីតសមាជិកសភាដែលស្ថិតក្នុងបក្សប្រឆាំងនៃប្រទេសនេប៉ាល់ ទទួលស្គាល់ថាភាពចលាចលនៃក្រុមបាតុករនៃចលនា Gen Z បានកើតឡើងដោយសាររដ្ឋាភិបាលកន្លងមកបានបរាជ័យក្នុងការដឹកនាំប្រទេស និងអភិបាលកិច្ចមិនមានតម្លាភាព មិនស្អាតស្អំ បង្កឱ្យសង្គមនេប៉ាល់ ញាំញីដោយអំពើពុករលួយ និងអយុត្តិធម៌ដ៏អាក្រក់បំផុតប៉ះពាល់ធ្ងន់ធ្ងរអនាគតយុវជន ជាពិសេសយុវជនគ្រួសារក្រីក្រ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
