ប្រជាពលរដ្ឋតាមបណ្តាខេត្ត ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយច្បាស់លាស់ និងប្រាកដប្រជាក្នុងការលើកកម្ពស់វិស័យកសិកម្ម ជាពិសេសការធានាតម្លៃស្រូវកុំឱ្យធ្លាក់ចុះរាល់ពេលប្រមូលផលម្តងៗ។
ប្រជាកសិករតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ជាដើម ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១០ វិច្ឆិកា ថា ពិតមែនតែរដ្ឋាភិបាលបានបញ្ចេញថវិកាសម្រាប់ប្រមូលទិញស្រូវដែលធ្លាក់ថ្លៃនាពេលនេះ ដែលអាចដោះស្រាយបញ្ហាបានមួយគ្រា ប៉ុន្តែគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ។
ប្រជាពលរដ្ឋទាំងនេះងឿងឆ្ងល់ថា រដ្ឋាភិបាលដឹកនាំប្រទេសជាង ៤០ឆ្នាំមកហើយ ហេតុអ្វីគ្រាន់តែកម្មវិធីនយោបាយធានាផលិតផលកសិកម្មដែលជាវិស័យអាទិភាពរបស់ខ្លួន រដ្ឋាភិបាលធ្វើមិនបាន តើនឹងធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដូចម្តេចទៅ បើកសិករប្រកបរបរកសិកម្មខាតរាល់ឆ្នាំបែបនេះ។
ប្រភពដដែលបន្ទោសថា រយៈពេលជាង ៤០ឆ្នាំមកនេះ កុំថាឡើយអាចធានាដល់តម្លៃទីផ្សារកសិផល សូម្បីបង្កើតផលិតផលក្នុងស្រុកសម្រាប់បម្រើឱ្យវិស័យកសិកម្ម ក៏រដ្ឋាភិបាលធ្វើមិនបានដែរ ដូចជា ជី ថ្នាំ ពូជស្រូវ និងពូជដំណាំ ជាដើម។ បន្ថែមពីនេះ សូម្បីតែទឹកសម្រាប់ធ្វើស្រែ ក៏រដ្ឋាភិបាលមិនអាចរៀបចំឱ្យកសិករធ្វើស្រែបានគ្រប់គ្រាន់ដែរនោះ។
ពលរដ្ឋទាំងនេះរិះគន់ថា កម្ពុជាមានបឹងទន្លេសាប តែពលរដ្ឋគ្មានទឹកធ្វើស្រែ ដីសម្បូរជីជាតិ តែមិនអាចផលិតជីស្រោចស្រពដំណាំ។ វិស័យអាទិភាពរបស់ខ្មែរ គឺវិស័យកសិកម្ម តែពូជដំណាំផលិតខ្លួនឯងមិនបាន។ សរុបមក ទាក់ទងនឹងវិស័យកសិកម្ម កម្ពុជាត្រូវនាំចូលពីប្រទេសជិតខាងរហូត ដែលជាហេតុធ្វើឱ្យការចំណាយខ្ពស់ដែលជាហេតុមិនបានទទួលផលចំណេញ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញសេចក្តីប្រកាសព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញទុនបន្ថែមចំនួន ៤០លានដុល្លារអាមេរិក ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បញ្ជាក់ថា ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ គឺសម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញស្រូវតាមតម្លៃសមរម្យពីប្រជាកសិករនាពេលនេះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ចេញនូវគោលនយោបាយពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា ឲ្យលូតលាស់រីកចម្រើនទៅមុខ។
យ៉ាងណាក៏ដោយ ចាប់តាំងពីរាជរដ្ឋាភិបាលប្រឡងជ្រើសរើសមន្ត្រីកសិកម្មដើម្បីដាក់ពង្រាយនៅតាមឃុំ-សង្កាត់មក គេសង្កេតឃើញថាវិស័យមួយនេះមិនមានការប្រែប្រួលទេ។ មានន័យថា តម្លៃស្រូវនៅតែធ្លាក់ចុះ តម្លៃផលិតផលសម្រាប់បម្រើឱ្យវិស័យកសិកម្មនៅតែខ្ពស់ដដែល ខណៈទឹកស្រោចស្រពនៅតែពឹងលើធម្មជាតិដូចមុន។
ទិន្នន័យសង្គមស៊ីវិល បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរប្រមាណជា ៧៩ភាគរយ រស់នៅដោយពឹងលើការធ្វើកសិកម្ម ក្នុងនោះ កសិករកម្ពុជា ជិត ២លានគ្រួសារនៅតែប្រឈមមុខនឹងការខ្វះគ្រាប់ពូជសម្រាប់ធ្វើកសិកម្មតាមរដូវកាល ហើយ ៣០ភាគរយនៃគ្រួសារទាំងនោះ ពឹងលើផលកសិកម្មទាំងស្រុង ដើម្បីផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃរបស់ពួកគេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
