បាតុកម្មផ្ទុះឡើងនៅទីក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បាតុកររាប់ពាន់នាក់បានចេញមកតាមដងផ្លូវធ្វើបាតុកម្មយ៉ាងក្តៅគគុក ប្រឆាំងនឹងអំពើពុករលួយដ៏ធំមួយក្នុងគម្រោងអភិវឌ្ឍន៍ក្នុងទំហំសាច់ប្រាក់ ៥០០លានដុល្លារ ដែលគម្រោងនេះជាប់ភាគហ៊ុនរបស់កូនប្រសាលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក Jared Kushner។
នេះបើតាមការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
តាមប្រភពព័ត៌មានដដែលនេះ ការផ្ទុះការតវ៉ាដ៏ធំនេះនៅទីក្រុង Belgrade ប្រឆាំងនឹងការវាយបំផ្លាញអគារអតីតទីបញ្ជាការកងទ័ពយូហ្គោស្លាវី ដែលជាសំណង់ប្រវត្តិសាស្ត្រមួយរងការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់អង្គការណាតូ (NATO) ក្នុងឆ្នាំ១៩៩៩។
សំណង់នេះធ្លាប់ត្រូវបានកំណត់ជាទ្រព្យសម្បត្តិវប្បធម៌ដ៏សំខាន់ ប៉ុន្តែការអភិរក្សសំណង់នោះត្រូវបានដកចេញកាលពីឆ្នាំមុន បណ្តាលឲ្យមានការស៊ើបអង្កេតអំពីការក្លែងបន្លំឯកសាររដ្ឋ និងការចោទប្រកាន់អំពើពុករលួយ រួមនឹងករណីកិបកេងថវិកាក្នុងការបញ្ចេញកញ្ចប់ថវិការដ្ឋ ៥០០លានដុល្លារសម្រាប់សំណង់ថ្មីលើសំណង់ប្រវត្តិសាស្ត្រនេះ។
សកម្មជនជានិស្សិត Valentina Moravcevic បានប្រាប់ទូរទស្សន៍ N1 ថា រដ្ឋាភិបាលនេះបានអនុម័តច្បាប់ពិសេសមួយដើម្បីធ្វើឲ្យអំពើខុសច្បាប់របស់ខ្លួនក្លាយជារឿងស្របច្បាប់។ ឥឡូវនេះ ពួកគេអាចបំផ្លាញអគារនេះដោយស្របច្បាប់ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឲ្យវាកើតឡើងទេ។
បាតុករបានដើរចេញពីកន្លែងប្រមូលផ្ដុំ ដោយដើរកាន់បដា និងរូបភាពអគារនេះ ដើម្បីស្នើឲ្យអាជ្ញាធរបញ្ឈប់គម្រោងដែលពួកគេចាត់ទុកថាជាការបំផ្លាញអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសស៊ែប៊ី។
នៅលើគេហទំព័រមានភាពរសើបខ្លាំងដោយសារតែប្រជាជន និងសកម្មជនសង្គមបានចូលរួមប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ ដើម្បីបង្ហាញការតស៊ូប្រឆាំងនឹងគម្រោងរដ្ឋាភិបាល។ ពួកគេបាននាំគ្នាឈរជាជួរជុំវិញអគារដែលរដ្ឋាភិបាលបានជួលអស់រយៈពេល ៩៩ឆ្នាំទៅឱ្យក្រុមហ៊ុន Affinity Global Development ដែលមានទំនាក់ទំនងជាមួយលោក Jared Kushner កូនប្រសាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានគូសបន្ទាត់ក្រហមនៅលើចិញ្ចើមផ្លូវ ដើម្បីប្រកាសថាតំបន់នេះមិនអាចប៉ះពាល់បានដាច់ខាត។
ការអនុម័តច្បាប់ពិសេសដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Aleksandar Vucic សម្រាប់គម្រោង ៥០០លានដុល្លារនេះ បានបង្កការតវ៉ាក្តៅគគុកក្នុងសង្គម ព្រោះវាអាចអនុញ្ញាតឲ្យបំផ្លាញអគារប្រវត្តិសាស្ត្រសំខាន់ដោយស្របច្បាប់។
ប្រជាជនមើលឃើញការសង់ជំនួសអគារបុរាណសង្គ្រាមដោយអគារប្រណិតថ្មីជាការលុបបំបាត់ប្រវត្តិសាស្ត្រជាតិដ៏ខ្មៅងងឹត។ ប្រជាជនបង្ហាញការតវ៉ានៅលើផ្លូវមួយដែលជានិមិត្តសញ្ញាដោយបង្ហាញកំហឹង និងការតស៊ូប្រឆាំងនឹងអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
គម្រោងអភិវឌ្ឍន៍ឡើងវិញនៃអគារនេះ ផ្ដួចផ្ដើមឡើងដោយសារតែរដ្ឋាភិបាលស៊ែប៊ី ប្ដេជ្ញាថាគម្រោងដែលគាំទ្រដោយលោក Kushner ជាស្ថាបនិកវិនិយោគិនពីសហរដ្ឋអាមេរិក នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងវ៉ាស៊ីនតោន។ ទំនាក់ទំនងសេដ្ឋកិច្ចនេះមានសារសំខាន់ ព្រោះសហរដ្ឋអាមេរិក បានដាក់ពន្ធលើការនាំចូល និងអនុវត្តទណ្ឌកម្ម ព្រោះតែស៊ែប៊ី នៅបន្តនាំប្រេងពីប្រទេសរុស្ស៊ី។
ការតវ៉ានេះ គឺជារលកចុងក្រោយក្នុងរយៈពេលមួយឆ្នាំក្នុងការប្រឆាំងរដ្ឋាភិបាលករណីអំពើពុករលួយ និងគ្មានស្តង់ដាសុវត្ថិភាព។ កំហឹងនៃប្រជាជនផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីករណីរថភ្លើង Novi Sad រលំក្រឡាប់នៅឆ្នាំមុន សម្លាប់មនុស្ស ១៦នាក់។ ព្រឹត្តិការណ៍នេះធ្វើឲ្យប្រជាជនរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងផ្លូវដែកគ្មានសុវត្ថិភាព។
តាមរយៈគម្រោងអភិវឌ្ឍន៍នេះ រដ្ឋាភិបាលទីក្រុង Belgrade ចង់បង្ហាញថាគេអាចទាក់ទងសេដ្ឋកិច្ចអន្តរជាតិ និងបង្កើនសក្ដានុពលក្នុងសេដ្ឋកិច្ច ប៉ុន្តែវាក៏បង្កើតកំហឹង និងការតវ៉ារបស់ប្រជាជនដែលមើលឃើញសុទ្ធតែជាការបម្លែងក្លែងបន្លំក្រោមការអភិវឌ្ឍ តែជាការកិបកេង និងប្រព្រឹត្តអំពើពុករលួយស៊ីលើគម្រោងអភិវឌ្ឍន៍នេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
