កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន ៣០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលស្ថិតនៅទីតាំងពីរកន្លែងក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនៅថ្ងៃទី១៧ វិច្ឆិកា នេះ សមត្ថកិច្ចដកហូតសម្ភារៈជាវត្ថុតាងបានមួយចំនួន ដូចជា កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង កុំព្យូទ័រយួរដៃចំនួន ២គ្រឿង ធុង PC ចំនួន ១០គ្រឿង ទូរសព្ទចំនួន ៧គ្រឿង អេក្រង់ (Monitor) ១៥គ្រឿង និងទូទូរសព្ទ (Call Center) ចំនួន ១៦ទូ លិខិតឆ្លងដែនចំនួន ៦ក្បាល។
ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យជាជនជាតិវៀតណាម ទាំងនោះ គឺមាន ២១នាក់ជាមុខសញ្ញាចាស់។ ពួកគេបានធ្វើសកម្មភាពឆបោកតាមរយៈរូបភាពលួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះដំឡើងកម្មវិធីដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ដោយឡែកជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ខណៈទីតាំងខាងលើត្រូវបានបិទបណ្ដោះអាសន្ន។
យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរយៈពេល ៤ខែចុងក្រោយឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យជាង ៣៤០០នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ដំណាលគ្នានេះ មេខ្លោង រួមនឹងបក្ខពួកសរុប ៧៥នាក់ត្រូវបានបញ្ជូនទៅតុលាការ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សភាអាមេរិក បានចេញសេចក្តីព្រាងច្បាប់លេខ H.R 5490 ក្នុងគោលបំណងដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅ និងស្នើដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលគ្រាក់ៗ និងឧកញ៉ាខ្មែរយ៉ាងតិច ៤៣នាក់ផងដែរ ដូចជា លោក ឌី វិជ្ជា លោក នេត សាវឿន លោក គួច ចំរើន លោក ស សុខា ឧកញ៉ា ហ៊ុន តូ អ្នកស្រី ជូ ប៊ុនអេង ឧកញ៉ា កុក អាន រួមទាំងមនុស្សជាង ៣០នាក់ផ្សេងទៀតដែលភាគច្រើនជាឧក្រិដ្ឋជនជនជាតិចិន ដែលគេរកឃើញថារួមគំនិតជួយបិទបាំង ការពារ និងបានផលប្រយោជន៍ពីសហគ្រាសឧក្រិដ្ឋកម្មនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
