The Cambodia Daily Khmer

គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​ទាហាន​ថៃ ដែល​រំលោភ​បូក​លើ​យុវតី​ខ្មែរ

លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) និង​យុវតី​ខ្មែរ​អាយុ ១៨​ឆ្នាំ​ដែល​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ ចាប់​រំលោភ​បូក​ពេល​វិលត្រឡប់​មក​កម្ពុជា វិញ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) និង​យុវតី​ខ្មែរ​អាយុ ១៨​ឆ្នាំ​ដែល​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ ចាប់​រំលោភ​បូក​ពេល​វិលត្រឡប់​មក​កម្ពុជា វិញ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា បើ​ថៃ មិន​ដោះស្រាយ​ករណី​រំលោភ​យុវតី​ខ្មែរ រួម​ទាំង​អំពើ​ព្រៃផ្សៃ​ដទៃ​ទៀត​ដែល​បាន​ប្រព្រឹត្ត​លើ​កម្ពុជា ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទេ នោះ​ថៃ នឹង​ជាប់​ឈ្មោះ​ជា​ប្រទេស​គ្មាន​ច្បាប់។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ទាហាន​ឈុត​ខ្មៅ​ថៃ ៧​នាក់ ដែល​បាន​ចាប់​រំលោភ​បូក​យ៉ាង​ព្រៃផ្សៃ​លើ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​ខ្មែរ​អាយុ ១៨​ឆ្នាំ​ម្នាក់ ព្រមទាំង​អំពើ​អមនុស្សធម៌​ជាច្រើន​ទៀត​ដែល​ទាហាន​ថៃ បាន​ប្រព្រឹត្ត​លើ​ពលរដ្ឋ​កម្ពុជា ក្នុង​រយៈពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំដែន​នា​ពេល​កន្លង​មក​នោះ។

ប្រភព​ដដែល​អះអាង​ថា ការ​រំលោភ​ផ្លូវភេទ គឺជា​បទឧក្រិដ្ឋ និង​ជា​អំពើ​គួរ​ឱ្យ​ស្អប់ខ្ពើម​បំផុត ហើយ​អំពើ​អមនុស្សធម៌​ដ៏​ព្រៃផ្សៃ​នេះ គឺជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្ដន្ទាទោស​លើ​ជនល្មើស​ដោយ​គ្មាន​ការ​លើកលែង​ឡើយ។ ចំណែក​អំពើ​យង់ឃ្នង​ដែល​កងទ័ព​ថៃ បាន​ប្រព្រឹត្ត​ជាច្រើន​ទៀត ដូចជា ការ​ប្រើប្រាស់​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ ដី ស្រែចម្ការ​របស់​ពលរដ្ឋ​ខ្មែរ និង​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ក្នុង​បំណង​ធ្វើ​ទុក្ខបុកម្នេញ​ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ពលរដ្ឋ​ស៊ីវិល​កម្ពុជា ជាពិសេស​ទៅ​លើ​ស្ត្រី កុមារ ជន​មាន​ពិការភាព និង​អ្នកជំងឺ ជាដើម ក៏​ត្រូវ​រាប់​បញ្ចូល​ក្នុង​អំពើ​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែរ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ចាត់​វិធានការ​នាំ​ខ្លួន​ឧក្រិដ្ឋជន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជាបន្ទាន់ ដើម្បី​ផ្តល់​យុត្តិធម៌ និង​សំណង​ផ្សេងៗ​ដល់​ជនរងគ្រោះ។

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ក្រសួង​មហាផ្ទៃ​កម្ពុជា អះអាង​ថា កាលពី​យប់​ថ្ងៃ​អាទិត្យ កន្លង​ទៅ ពលករ​ចំណាកស្រុក​ជា​យុវតី​ខ្មែរ​អាយុ ១៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ ៧​នាក់​ចាប់​រំលោភ​បូក​យ៉ាង​ព្រៃផ្សៃ​ប្រាកដ​មែន នៅ​ពេល​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា វិញ ជាមួយ​នឹង​ពលករ​ដែល​ជា​បុរស​ជាង ១០​នាក់​ផ្សេង​ទៀត។

ប្រភព​ដដែល​អះអាង​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ​ជាង ១០​នាក់​ដែល​វិលត្រឡប់​មក​វិញ​នោះ គឺ​មាន​តែ​យុវតី​រងគ្រោះ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ស្ត្រី។ ក្នុង​ពេល​ឃាត់​ខ្លួន ទាហាន​ថៃ បាន​បំបែក​ពលករ​ទាំងនេះ​ជា​ពីរ​ក្រុម គឺ​មួយ​ក្រុម​ជា​បុរស និង​មួយ​ក្រុម​ទៀត​គឺជា​ស្ត្រី ប៉ុន្តែ​មួយ​ក្រុម​ដែល​ជា​ស្ត្រី​នោះ គឺ​មាន​តែ​យុវតី​រងគ្រោះ​ម្នាក់​ឯង​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កំពុង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន និង​ប្ដឹង​ទៅ​អន្តរជាតិ​ឲ្យ​ឃើញ​អំពី​ទង្វើ​ដ៏​ស្មោកគ្រោក​របស់​ក្រុម​ទាហាន​ថៃ ដែល​បាន​ប្រព្រឹត្ត​មក​លើ​នារី​រងគ្រោះ​ដែល​ជា​ជនជាតិ​ខ្មែរ​រូប​នេះ។

យ៉ាងណាក៏ដោយ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​ស្រង់​សម្ដី​កងទ័ព​ថៃ នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ ដោយ​ច្រានចោល​នូវ​ការ​ចោទប្រកាន់​ដែល​ថា​ទាហាន​ថៃ បាន​វាយដំ​ពលករ​ខ្មែរ លួច​ទ្រព្យសម្បត្តិ និង​រំលោភ​យុវតី​ខ្មែរ​អាយុ ១៨​ឆ្នាំ​នោះ ថា​ជា​រឿង​មិន​ពិត និង​ជា​ការ​ប្រឌិត​របស់​ភាគី​កម្ពុជា។

បែប​នេះ​ក្តី ក្រសួង​ស្ថាប័ន​កម្ពុជា​ជាច្រើន រួម​ទាំង​ក្រសួង​កិច្ចការ​នារី​ផង នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ដាច់អហង្ការ​ព្រោងព្រាត​ចំពោះ​ទង្វើ​ដ៏​សាហាវ​ព្រៃផ្សៃ​ឃោរឃៅ អមនុស្សធម៌​របស់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា និង​រំលោភ​លើ​យុវតី​ខ្មែរ​ប្រៀប​ដូចជា​សត្វ​ធាតុ​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version