អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ អាជ្ញាធរកម្ពុជា បានបណ្តេញជនបរទេសចម្រុះជាតិសាសន៍សរុប ១០៥៩នាក់ ទៅប្រទេសកំណើតពួកគេវិញ ក្រោយរកឃើញថាពួកគេលួចស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងទៀតថា តាមការស៊ើបអង្កេតរបស់ក្រុមជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេស ៤១៩នាក់ត្រូវបណ្តេញចេញទៅប្រទេសពួកគេវិញ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ។ ជនបរទេសទាំង ៤១៩នាក់នោះមាន ៧សញ្ជាតិ រួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌា លីបេរីយ៉ា នីហ្សេរីយ៉ា និងប៉ាគីស្ថាន។
ប្រភពដដែលអះអាងថា នៅថ្ងៃទី១ ខែកុម្ភៈ មន្ត្រីជំនាញអគ្គនាយកអន្តោប្រវេសន៍ ក៏បានបណ្តេញជនជាតិវៀតណាម ១៧៥នាក់ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ពួកគេពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការឆបោកអនឡាញ (Online Scams) ខុសច្បាប់។
ប្រភពខាងលើឲ្យដឹងទៀតថា នៅថ្ងៃទី៣១ មករា មានជនបរទេស ៤០៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ដោយសារឆ្លងដែនមកខុសច្បាប់។ ពួកគេទាំងនេះមាន ៩សញ្ជាតិ រួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដា នីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន។ ក្នុងចំណោមពួកគេ ជនជាតិចិន ១៤០នាក់មិនត្រឹមតែពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់នោះឡើយ គឺបានប្រើប្រាស់ QR CODE ក្លែងក្លាយថែមទៀត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងទៀតថា ការបណ្ដេញជនបរទេសជាច្រើននាក់ចេញពីកម្ពុជាជាបន្តបន្ទាប់បែបនេះ ដោយសាររដ្ឋាភិបាលកំពុងបង្កើនការបង្ក្រាបបទល្មើសឆបោកអនឡាញ (Online Scams) ដែលភាគច្រើនអ្នកប្រព្រឹត្តបទល្មើស និងជនរងគ្រោះជាជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់។ ក្នុងយុទ្ធនាការបង្ក្រាប Online Scams ត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសចាត់ទុកជាការងារអាទិភាព។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងនៅថ្ងៃទី៣១ ខែមករា នៅពេលកម្លាំងជំនាញកម្ពុជា បានចុះបង្ក្រាបទីតាំង Online Scam ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង ថា សម្រាប់ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មន្ត្រីក្រសួងមហាផ្ទៃ រូបណាក៏ដោយដែលបណ្ដែតបណ្ដោយ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការដកពីមុខតំណែង និងការបណ្ដេញចេញពីក្របខ័ណ្ឌ។
ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ប្រទេសចិន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ហើយជឿជាក់ថាកិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន ១៣៥៥៧នាក់ ស្មើ ៦៦សញ្ជាតិ ចេញពីប្រទេសកម្ពុជា ក្រោយរកឃើញជនបរទេសទាំងអស់នោះបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ការបណ្តេញចេញជនបរទេសក្នុងឆ្នាំ២០២៥ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧៧០៥នាក់ ស្មើនឹង ៥៦,៨៣%៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
