ឆ្នោតកន្ទុយលេខវៀតណាម និងឡូតូអនឡាញ គឺជាល្បែងខុសច្បាប់ដែលស្ថាប័នរដ្ឋាភិបាលមិនបានផ្ដល់អាជ្ញាបណ្ណឱ្យធ្វើអាជីវកម្មឡើយ ប៉ុន្តែអាជីវកម្មមួយនេះបានរីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀងនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានឧត្ដមសេនីយ៍ កែវ ចំរើន ហៅព្រីង ជាអ្នកកាងនៅពីក្រោយខ្នង ដោយសូកប៉ាន់មន្ត្រីមូលដ្ឋានឲ្យជួយការពារទៅដល់កូនកញ្ច្រែងរបស់ខ្លួន និងធ្វើទុក្ខបុកម្នេញទៅដល់កូនកញ្ច្រែងណាដែលមិនកត់ឆ្នោតឲ្យក្រុមខ្លួន ដោយប្រើអំណាចសមត្ថកិច្ចមូលដ្ឋានចុះចាប់ដល់កន្លែងកត់ឆ្នោត។
ជាង ៥ឆ្នាំកន្លងមកនេះ សារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នបានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពលោក កែវ ចំរើន ហៅ “ព្រីង” ដែលល្បីខាងបើកល្បែងឆ្នោតកន្ទុយលេខ ដែលមានស្លាកយីហោ K38 ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងកាងល្បែងកន្ទុយលេខវៀតណាម និងបង្កើតឲ្យមានទីតាំងល្បែងហ្គេមបាញ់ត្រីជាច្រើន ប៉ុន្តែពុំមានសមត្ថកិច្ច ឬស្ថាប័នណាមួយចុះបង្ក្រាបសកម្មភាពខុសច្បាប់នោះទេ។
បុគ្គលិកម្នាក់ធ្វើការក្រោមលោក កែវ ចំរើន សុំមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាព បានឲ្យដឹងថា លោកធ្វើការឲ្យលោក កែវ ចំរើន មិនក្រោម ១៥ឆ្នាំទេ។ លោកថា លោក កែវ ចំរើន ដែលជាមេឆ្នោតធំ និងមេរងឈ្មោះ សម្បត្តិ ហៅ ខេ៣៨ គឺជាមនុស្សដែលមានឥទ្ធិពលខ្លាំងជាងគេ តែឥឡូវ ខេ៣៨ បានប្ដូរឈ្មោះឡូហ្គោអេចអេច។ ពួកគាត់ទាំងពីរ គឺរកស៊ីឆ្នោតវៀតណាម ទូទាំងប្រទេសដែលមានទំហំធំក្រោមការជួយជ្រោមជ្រែងពីមន្ត្រីមូលដ្ឋាន។
ប្រភពដដែលបានឲ្យដឹងទៀតថា លោក កែវ ចំរើន ហៅ តាព្រីង មានផ្ទះពីរកន្លែងដែលដាក់ដំណើរការចេញលទ្ធផលឆ្នោត ដែលផ្ទះទី១ ស្ថិតនៅបុរីអ័រគីដេរ ផ្លូវ២០០៥ និងទី២ ផ្ទះនៅផ្សារទឹកល្អក់ទី១ ពួកគេមានដៃគូពីរនាក់ផ្សេងទៀត គឺ សម្បត្តិ គ័ង ហៅ K38 និងម្នាក់ទៀតឈ្មោះ រស្មី (Facbook : Bong Raskmey) ជាអនុប្រធាននាយដ្ឋានប្រឆាំងគ្រឿងញៀន។
ប្រភពខាងលើអះអាងថា៖ «ពួកគេទាំងពីរគឺជាឧបសគ្គសម្រាប់ក្រុមហ៊ុនឆ្នោតស្របច្បាប់ដែលចង់រកស៊ី គឺពួកគាត់បានប្រើពួកបាតសង្គមដែលជាក្រុមក្មេងៗប្រើគ្រឿងញៀន និងប្រើពួកប៉ូលិសដើម្បីអុកឡុកឆ្នោតគេដែលមានអាជ្ញាបណ្ណស្របច្បាប់។ ពួកគាត់ទាំងពីរនេះហើយដែលធ្វើឲ្យស្រុកខ្មែរមានបញ្ហា គឺខុសមកជាត្រូវ ហើយត្រូវបែរជាខុសទៅវិញ។»
ប្រភពដដែលអះអាងថា នៅតាមទីផ្សារ ឬផ្ទះធំៗដែលរកចំណូលបាន ៤លានទៅ ១០លាន គឺអាជ្ញាធរនៅមូលដ្ឋានការពារពួកគាត់ក្រោមបញ្ជាពីលោក កែវ ចំរើន។ លោកថា ពួកគេពុំយកអាជ្ញាបណ្ណមកធ្វើរឿងត្រឹមត្រូវនោះទេ គឺយកអាជ្ញាបណ្ណស្របច្បាប់នោះទៅពាំងឲ្យឆ្នោតវៀតណាម ដែលគ្មានច្បាប់។
ពលរដ្ឋមួយចំនួនលើកឡើងថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ហាក់ពង្រីកទីតាំងកាន់តែច្រើនឡើងនៅក្នុងមូលដ្ឋាន រហូតដល់ទីប្រជុំជនដោយបើកចំហ ខណៈអាជ្ញាធរមូលដ្ឋានមិនមានវិធានការឡើយ។
នៅតាមផ្ទះពលរដ្ឋដែលលក់ដូរទំនិញនៅតាមផ្លូវលំនានានៅសង្កាត់ចាក់អង្រែលើ មានដាក់អេក្រង់កុំព្យូទ័រសម្ញែងនៅក្នុងតូបរបស់ខ្លួន ដោយមិនញញើតអាជ្ញាធរឡើយ។ ជារៀងរាល់ថ្ងៃ តែងមានអ្នកចេញចូលកន្លែងលក់ដូរនោះ តែមិនឃើញទិញទំនិញអ្វីនោះទេ គឺពួកគេអង្គុយចាំផ្ទៀងមើលលទ្ធផលឆ្នោតឡូតូនៅលើអេក្រង់ ក្នុងនោះក៏មានអ្នកចាក់កន្ទុយលេខ ឬឆ្នោតយួនផងដែរ។
ប្រជាពលរដ្ឋសង្កេតឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកំពុងមានការរីកដុះដាលឡើងវិញក្នុងសហគមន៍របស់ពួកគាត់ បើទោះបីជាអាជ្ញាធរអះអាងថាបង្ក្រាបបានច្រើនករណីហើយក្ដី។ ល្បែងអនឡាញនេះ បានហូរចូលទៅក្នុងមូលដ្ឋានរហូតដល់ស្រុកស្រែចម្ការទៅហើយ។ ល្បែងនេះបានធ្វើឱ្យពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែធ្លាក់ខ្លួនក្រីក្រ និងបង្កើតឱ្យមានអសន្តិសុខក្នុងមូលដ្ឋានកាន់តែច្រើន។
ពលរដ្ឋម្នាក់បានថ្លែងថា នៅមូលដ្ឋានរបស់លោកស្រីមានល្បែងស៊ីសង ឡូតូ និងឆ្នោតផ្សងសំណាង កំពុងមានសកម្មភាព និងអូសទាញអ្នកភូមិជាបន្តបន្ទាប់ ក្នុងនោះក៏មានសិស្សសាលា មន្ត្រីរាជការនិងយុវជនមួយចំនួនផងដែរ។ លោកស្រីថាវិធានការរបស់អាជ្ញាធរដែលរឹតត្បិតចំពោះអ្នកលេងល្បែងតែនៅក្នុងកាស៊ីណូហាក់មិនចំគោលដៅនោះទេ ព្រោះបនល្បែងនៅតាមមូលដ្ឋាននៅតែបើកចំហសម្រាប់អ្នកមានលុយឱ្យចូលទៅលេង ដោយគ្មានការរើសអើងពីអាយុ និងជីវភាពនោះឡើយ។
លោកស្រីថ្លែងថា៖ «មូលហេតុដែលបណ្ដាលឱ្យមានក្រុមហ៊ុនល្បែងអនឡាញពង្រីកខ្លួនកាន់តែច្រើនឡើងនៅតាមមូលដ្ឋាន និងពង្វក់ពលរដ្ឋឱ្យធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងបង្កឱ្យមានអសន្តិសុខក្នុងសង្គម គឺដោយសារអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មល្បែងទាំងនោះគប់គិតចែកផលប្រយោជន៍គ្នាតាមបែបពុករលួយ។»
បច្ចុប្បន្ននេះគេសង្កេតឃើញថា ទីតាំងកត់កន្ទុយលេខ (ឆ្នោតវៀតណាម) ដែលមានស្លាកយីហោ K38 ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ កំពុងកត់យ៉ាងរលូន គ្មានអាជ្ញាធរចុះបង្ក្រាប បើទោះបីជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុចជូនប្រជាពលរដ្ឋ។
ល្បែងស៊ីសងឆ្នោតវៀតណាម និងឆ្នោតឡូតូអនឡាញ នៅក្នុងសហគមន៍ កំពុងអូសទាញប្រជាពលរដ្ឋមួយចំនួនឱ្យញៀន លែងគិតពីមុខរបររកស៊ី។
ទោះជាបែបនេះក្ដី ពលរដ្ឋដែលលេងល្បែងខុសច្បាប់ទាំងនេះ មានឱកាសឈ្នះតិចតួចបំផុត ក្នុងនោះពលរដ្ឋខ្លះបានលក់ដីស្រែចម្ការ ទ្រព្យសម្បត្តិ និងកាត់បន្ថយការចំណាយលើម្ហូបអាហារ និងការសិក្សារបស់កូន ដើម្បីយកប្រាក់មកផ្សងសំណាង ប៉ុន្តែនៅតែមិនបានទទួលផលចំណេញពីការលេងល្បែងនេះឡើយ។
ឆ្នោតវៀតណាម គឺចេញលទ្ធផលមួយថ្ងៃពីរដង និងមានបួនប៉ុស្តិ៍ ដោយអ្នកលេងអាចភ្នាល់តាមរយៈបណ្ដាញសង្គម ដែលចងក្រងគ្នាជាក្រុមជាមួយប្រតិបត្តិករ ឬមេឆ្នោត។ ដោយឡែកចំពោះល្បែងឆ្នោតឡូតូ គឺជាប្រភេទល្បែងដែលបញ្ជាចេញលទ្ធផលតាមម៉ាស៊ីនកុំព្យូទ័រនៅរៀងរាល់ ៥នាទីម្ដង និងលក់ដោយបើកចំហនៅតាមតូបលក់អីវ៉ាន់ និងហាងកាហ្វេ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង ២៥ខេត្ត/ក្រុង/រាជធានី តម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ដោយគ្មានការលើកលែង។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) លោក រស់ ភីរុណ ប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា ឆ្នោតកន្ទុយលេខវៀតណាម និងឡូតូអនឡាញ គឺស្ថិតនៅក្នុងប្រភេទក្រុមល្បែងខុសច្បាប់ដទៃទៀតមានដូចជា បៀ និងអាប៉ោងជាដើម ហើយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មិនបានចេញអាជ្ញាបណ្ណឱ្យល្បែងប្រភេទនេះប្រកបអាជីវកម្មដោយស្របច្បាប់នោះទេ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនល្បែងស៊ីសងអនឡាញឱ្យប្រកបអាជីវកម្ម ឬរកស៊ីនៅកម្ពុជានោះទេ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ មក គឺនៅគ្រាដែលរដ្ឋាភិបាលបានប្រកាសបិទល្បែងអនឡាញដែលគេតែងហៅថាអនឡាញហ្គេម។
ចំណែកក្រុមសង្គមស៊ីវិលយល់ឃើញថា អាជីវកម្មល្បែងស៊ីសង និងឆ្នោតកន្ទុយលេខខុសច្បាប់នៅក្នុងសហគមន៍ គឺមានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ដែលទទួលសំណូកពីមេឆ្នោត ឬប្រតិបត្តិករ ជាថ្នូរនឹងការធ្វើព្រងើយកន្តើយ។
ក្រុមសង្គមស៊ីវិលអះអាងថា ដើម្បីបង្ក្រាបល្បែងខុសច្បាប់ទាំងនេះនៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាព អាជ្ញាធរថ្នាក់ជាតិគួរចុះត្រួតពិនិត្យដើម្បីតាមដានការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះបង្ក្រាបល្បែងស៊ីសងក្នុងសហគមន៍ ចៀសវាងការទទួលសំណូកពីប្រតិបត្តិករទាំងនោះ។
មាត្រា៤ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ចែងថា ជនណាលេងល្បែងស៊ីសង នឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺនរៀលដល់ ៥ម៉ឺនរៀល ឬដាក់គុកពីមួយសប្ដាហ៍ទៅមួយខែ។ ករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥ម៉ឺនរៀលដល់ ៥សែនរៀល និងដាក់គុកពីមួយខែទៅមួយឆ្នាំ។
ចំណែកមាត្រា៥ ចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវពិន័យប្រាក់ពី ៥លានរៀលដល់ ២០លានរៀល និងដាក់គុកពីមួយឆ្នាំដល់ ៥ឆ្នាំ។
របាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមរយៈពេល ២៨ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន ៥៣ទីតាំងក្នុងរាជធានី និងនៅតាមបណ្ដាខេត្តចំនួន១៥ ក្នុងនោះ អាជ្ញាធររកឃើញអាជីវកម្មល្បែងខុសច្បាប់ចំនួន ២៩ទីតាំង និងបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន ៧២នាក់ទៅតុលាការ។
របាយការណ៍ដដែលបញ្ជាក់ថា ការបង្ក្រាបទីតាំងចំនួន ២៤ ផ្សេងទៀត អាជ្ញាធរឃាត់ខ្លួនមនុស្សចំនួន ៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដោយមិនបញ្ជូនទៅតុលាការនោះទេ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចទាក់ទងឧត្ដមសេនីយ៍ កែវ ចំរើន ហៅព្រីង ដើម្បីបកស្រាយទាក់ទងទៅនឹងការចោទប្រកាន់ថាជាអ្នកកាងនៅពីក្រោយខ្នងឆ្នោតវៀតណាម និងឡូតូអនឡាញ ដោយសូកប៉ាន់មន្ត្រីមូលដ្ឋានឲ្យជួយការពារទៅដល់កូនកញ្ច្រែងរបស់ខ្លួនបានទេរហូតដល់ម៉ោងចេញផ្សាយនេះ។
ចំណែកឯអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងដើម្បីសុំការបកស្រាយពីបញ្ហានេះបានដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
