The Cambodia Daily Khmer

សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នកកាសែត​នៅ​ដើម​ឆ្នាំ​នេះ​ថា​ប៉ះពាល់​ដល់​គោល​នយោបាយ​រដ្ឋាភិបាល

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា

សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ចាត់ទុក​ការ​កោះហៅ ការ​ឃាត់​ខ្លួន ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ជាបន្តបន្ទាប់ នៅ​ឆ្នាំ​២០២៦ នេះ ដើរ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សង្គម​ជាតិ​មួយ​ប្រកប​ដោយ​នីតិរដ្ឋ។

ការ​អះអាង​នេះ ធ្វើឡើង​ដំណាល​ពេល​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​ព្យាយាម​ពន្យល់​បរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន អំពី​សុច្ឆន្ទៈ​រាជរដ្ឋាភិបាល​ដើម្បី​រក្សា​សន្តិភាព។

អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា សន្តិភាព​ដោយ​ការ​បំបិទ​មាត់។

សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​ធ្លាប់​តែ​ស្និទ្ធ​នឹង​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ការ​អនុវត្តន៍​វិធានការ​លើ​អ្នក​សារព័ត៌មាន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​បង្កើត​ជា​រូបភាព​ឱ្យ​បរទេស​ចោទប្រកាន់​ដោយ​អយុត្តិធម៌​លើ​រាជរដ្ឋាភិបាល ថា​បាន​បំភិតបំភ័យ បំបាក់​ស្មារតី និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ។

ប្រភព​ដដែល លើកឡើង​ថា នីតិវិធី និង​របៀប​របប​នៃ​ការ​អនុវត្ត​លើ​ករណី​មួយ​ចំនួន​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ឃ្លាត​ឆ្ងាយ​ពី «គោលការណ៍​សច្ចធារណ៍​នៃ​និរទោស» ដែល​ជា​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន និង​ជា​សិទ្ធិ​មួយ​ដែល​ត្រូវ​បាន​ការពារ​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ផង​ដែរ ហើយ​នីតិវិធី​បែប​នេះ​ក៏​មិន​គួរ​បន្ត​ឱ្យ​កើតមាន​ទៀត​ឡើយ។

សច្ចធារណ៍​នៃ​និរទោស គឺជា​គោលការណ៍​គ្រឹះ​នៃ​យុត្តិធម៌​ព្រហ្មទណ្ឌ ដែល​សន្មត​ថា ជនជាប់ចោទ​គ្រប់​រូប គឺជា “អ្នក​គ្មាន​ទោស” រហូត​មាន​ភស្តុតាង​ច្បាស់លាស់ និង​សាលក្រម​ស្ថាពរ​តុលាការ​បញ្ជាក់​ថា​មាន​ទោស​ពិតប្រាកដ។ គោលការណ៍​នេះ​ការពារ​សិទ្ធិ និង​ភាព​ស្អាតស្អំ​របស់​ជនសង្ស័យ ដោយ​បន្ទុក​នៃ​ការ​ស្វែងរក​ភស្តុតាង​ទម្លាក់​កំហុស គឺជា​របស់​ស្ថាប័ន​ចោទប្រកាន់។

សេចក្តី​រាយការណ៍​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បង្ហាញ​ថា រយៈពេល​មិន​ដល់​ពីរ​ខែ នៅ​ដើម​ឆ្នាំ​២០២៦ នេះ មាន​អ្នក​សារព័ត៌មាន​ចំនួន ៤​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​យោបល់ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ ជាដើម។

ទាក់ទិន​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា គម្រោង​យុត្តិធម៌​ពិភពលោក The World Justice Project បាន​ចេញ​សេចក្តី​រាយការណ៍​ស្ដីពី​នីតិរដ្ឋ​សម្រាប់​ឆ្នាំ​២០២៥ កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៤១ ដែល​ជា​ចំណាត់ថ្នាក់​ទាប​បំផុត​ក្នុង​ចំណោម ១៤៣​ប្រទេស៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version