The Cambodia Daily Khmer

អ៊ីរ៉ង់​បន្ត​បាញ់​មីស៊ីល និង​ដ្រូន​សងសឹក​លើ​អ៊ីស្រាអែល និង​ក្រុម​ប្រទេស​អារ៉ាប់​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

ការ​ផ្ទុះ​ដែល​បណ្តាល​មកពី​ការ​ប៉ះទង្គិច​នៃ​គ្រាប់​ផ្លោង​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ (រូបថត៖ REUTERS)

ការ​ផ្ទុះ​ដែល​បណ្តាល​មកពី​ការ​ប៉ះទង្គិច​នៃ​គ្រាប់​ផ្លោង​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ (រូបថត៖ REUTERS)

នៅ​ថ្ងៃ​ចន្ទ ទី​២ មីនា នេះ ជា​ថ្ងៃទី​បី​នៃ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា សង្គ្រាម​អាមេរិក-អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់ ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​សាជាថ្មី​នៅ​តាម​បណ្តា​ទីក្រុង​នៃ​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូងសមុទ្រ និង​ប្រទេស​អ៊ីស្រាអែល គឺជា​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ ដែល​បន្ត​បាញ់​មីស៊ីល និង​ដ្រូន ដើម្បី​សងសឹក​ចំពោះ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​រួម​គ្នា​រវាង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ដែល​បាន​សម្លាប់​មេដឹកនាំ​កំពូល​របស់​ខ្លួន។

បណ្ដាញ​សារព័ត៌មាន Al Jazeera ចុះផ្សាយ​សំឡេង​ផ្ទុះ​ខ្លាំងៗ​នៅ​ក្នុង​ប្រទេស​គុយវ៉ែត បារ៉ែន នៅ​ទីក្រុង​ដូហា នៃ​ប្រទេស​កាតារ និង​នៅ​ទីក្រុង Abu Dhabi នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែល​សុទ្ធតែ​ជា​ប្រទេស​អារ៉ាប់ មាន​មូលដ្ឋាន​ទ័ព​អាមេរិក។

បើ​តាម​កងទ័ព​អ៊ីស្រាអែល អ៊ីរ៉ង់​បាន​បន្ត​បាញ់​មីស៊ីល​បន្ថែម​ទៀត​មក​លើ​អ៊ីស្រាអែល និង​បាន​ណែនាំ​ឱ្យ​ប្រជាជន​រត់​ទៅ​ជ្រកកោន​តាម​កន្លែង​មាន​សុវត្ថិភាព​ដែល​រដ្ឋាភិបាល​បាន​រៀបចំ។ ចូល​ដល់​សង្គ្រាម​ថ្ងៃទី​៣ អ៊ីស្រាអែល និង​អាមេរិក កំពុង​បន្ត​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​ខ្លួន​លើ​ប្រទេស​អ៊ីរ៉ង់ យ៉ាង​ខ្លាំង។

ការ​វាយប្រហារ​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ បាន​បង្ក​សំឡេង​ផ្ទុះ​ជាច្រើន​បាន​បន្លឺ​ឡើង​យ៉ាង​កក្រើក​ក្នុង​ទីក្រុង​តេហេរ៉ង់ ខណៈ​យោធា​អ៊ីស្រាអែល បាន​ប្រកាស​ថា ខ្លួន​កំពុង​វាយប្រហារ​កម្ទេច​គោលដៅ​ភេរវករ​ចំ​កណ្តាល «បេះដូង» នៃ​រដ្ឋធានី​តេហេរ៉ង់។

កងទ័ព​អាកាស​អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ដណ្តើម​ប្រៀប​លើ​ដែនអាកាស និង​ត្រួសត្រាយ​ផ្លូវ​វាយលុក​ចូល​ទីក្រុង​តេហេរ៉ង់ ប៉ុន្តែ​ការ​វាយ​សងសឹក​របស់​អ៊ីរ៉ង់ ទៅ​លើ​អ៊ីស្រាអែល កាន់តែ​មាន​សន្ទុះ​យ៉ាង​ខ្លាំង។

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងកម្លាំង​របស់​ខ្លួន​បាន​វាយប្រហារ​ទៅ​លើ​គោលដៅ​ជាច្រើន​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ក្នុង​នោះ ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ទីក្រុង Tel Aviv ក៏បាន​រង​ការ​វាយប្រហារ​ដែរ។ ក្រៅពី​ទីក្រុង Tel Aviv ទីក្រុង Haifa និង​ទីក្រុង Jerusalem ក៏​រង​ការ​វាយប្រហារ​ផង​ដែរ​ដោយ​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន IRNA នៃ​ប្រទេស​អ៊ីរ៉ង់។

សេចក្ដី​ថ្លែងការណ៍​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ហៅ​នាយករដ្ឋមន្ត្រី Netanyahu ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​នៃ​របប Zionism។

ស្រប​ពេល​នេះ បញ្ជាការដ្ឋាន​ស្រុក​មួយ​នៃ​ប្រទេស​អ៊ីស្រាអែល ក៏បាន​ប្រកាស​កោះហៅ​កងទ័ព​បម្រុង​ប្រមាណ ២​ម៉ឺន​នាក់​ជាបន្ទាន់ ដើម្បី​ចុះ​ជួយ​សង្គ្រោះ​ជនស៊ីវិល​អ៊ីស្រាអែល ដែល​រងគ្រោះ​ដោយសារ​ការ​បាញ់​ស្រោច​មីស៊ីល​សងសឹក​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់។

អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល ឧត្ដមសេនីយ៍ត្រី ហ្វី ដេហ្វ្រីន បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​អាទិត្យ ទី​១ មីនា ថា ក្នុង​ប្រតិបត្តិការ​នេះ អ៊ីស្រាអែល​បាន​កម្ទេច​ឃ្លាំង​ស្តុក​មីស៊ីល​របស់​អ៊ីរ៉ង់ អស់​ប្រមាណ​ពាក់កណ្តាល និង​បាន​ទប់ស្កាត់​ការ​ផលិត​មីស៊ីល​ថ្មីៗ​យ៉ាងហោចណាស់ ១៥០០​គ្រាប់​បន្ថែម​ទៀត។

ឧត្ដមសេនីយ៍ត្រី ហ្វី ដេហ្វ្រីន បាន​សង្កត់​ធ្ងន់​ថា កន្លង​មក រដ្ឋាភិបាល​តេហេរ៉ង់ បាន​ផលិត​មីស៊ីល​បាញ់​ពី​ដី​ទៅ​ដី​រាប់​សិប​គ្រាប់​ក្នុង​មួយ​ខែៗ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ បាន​ឱ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីនេហ្សាដ ដែល​ធ្លាប់​កាន់​អំណាច​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៣ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល កាលពី​អាទិត្យ ទី​១ មីនា។

យោង​តាម​ប្រភព​ដដែល ការ​វាយប្រហារ​ដ៏​រន្ធត់​នេះ បាន​កំណត់​គោលដៅ​ចំ​ភូមិគ្រឹះ​របស់​លោក​ផ្ទាល់​តែម្តង ដែល​ស្ថិត​ក្នុង​សង្កាត់ Narmak ភាគ​ឦសាន​រដ្ឋធានី​តេហេរ៉ង់ ដោយ​បាន​សម្លាប់​រូបលោក និង​អង្គរក្ស​ការពារ​ផ្ទាល់​ជាច្រើន​នាក់​ផ្សេង​ទៀត។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ព្យាករ​ថា ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់ អាច​នឹង​ប្រើ​ពេល ៤​សប្ដាហ៍ បើទោះជា​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​សម្លាប់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ali Khamenei ក៏ដោយ។

លោក ត្រាំ បាន​ព្យាករ​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស Daily Mail។ ក្នុង​បទសម្ភាសន៍​នេះ លោក ត្រាំ បាន​លើកឡើង​ថា «វា​ជា​ដំណើរការ​មាន​រយៈពេល ៤​សប្ដាហ៍។ យើង​គិត​ថា​វា​នឹង​មាន​រយៈពេល ៤​សប្ដាហ៍។»

តាម​ការវិភាគ​របស់​លោក​ប្រធានាធិបតី​អាមេរិក អ៊ីរ៉ង់​ជា​ប្រទេស​ធំ​មួយ ដូចនេះ​នឹង​ចំណាយ​ពេល ៤​សប្ដាហ៍ ឬ​អាច​តិច​ជាង​នេះ។

ចំពោះ​មរណភាព​របស់​លោក Ayatollah Ali Khamenei ជា​កំពូល​ជន​ផ្ដាច់ការ​នៅ​ប្រទេស​អ៊ីរ៉ង់ វ័យ ៨៧​ឆ្នាំ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពូល​ជន​ផ្ដាច់ការ​ដែល​ជា​អ្នក​បញ្ឆេះ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​កាន់​ប្រធានាធិបតី​អ៊ីរ៉ង់។

លោក ពូទីន ចាត់ទុក​ថា​ការ​សម្លាប់​លោក Khamenei ជា​ទង្វើ​បំពាន​លើ​ក្រមសីលធម៌ និង​ច្បាប់​អន្តរជាតិ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ ជាច្រើន បាន​ទទួលស្គាល់​ថា លោក Ayatollah Ali Khamenei ពិត​ជា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍ ទី​២៨ កុម្ភៈ។

លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា ទោះ​ជា​ការ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ស្លាប់​ក៏ដោយ តែ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​រួម​គ្នា​ធ្វើឡើង​ដោយ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នៅតែ​បន្ត​រហូត​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ត្រូវ​បាន​ផ្ដួល​រំលំ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version