ពលរដ្ឋខ្មែរអាមេរិកាំងសហការជាមួយពលរដ្ឋខ្មែរក្នុងស្រុក ប្រកាសបង្កើតមូលនិធិកង់សម្រាប់សិស្សក្រីក្រនៅខេត្តបន្ទាយមានជ័យ ក្រោមពាក្យស្លោក «កង់មួយគ្រឿងប្តូរអនាគតមួយ»។
ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋ North Carolina និងពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៥ មីនា នេះ ដោយប្រកាសជួបជុំប្រារព្ធពិធីមូលនិធិកង់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Lexington នៃរដ្ឋ North Carolina។
សេចក្តីជូនដំណឹងដដែលនេះ អះអាងថា កង់ទាំងនេះនឹងត្រូវប្រគល់ជូនសិស្សក្រីក្រដែលបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ព្រោះនៅតំបន់ជនបទ កង់គឺជាជំនួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ដូចជា អាចធ្វើដំណើរទៅសាលាសម្រាប់ការសិក្សា និងសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗក្នុងគ្រួសារ ជាដើម។
ប្រភពដដែលបញ្ជាក់ថា សម្រាប់កង់មួយតម្លៃ ៦៥ដុល្លារ នឹងត្រូវប្រគល់ជូនសិស្សម្នាក់ ចំណែកកង់ពីរតម្លៃ ១៣០ដុល្លារសម្រាប់សិស្សពីរនាក់ ខណៈកង់ប្រាំតម្លៃ ៣២៥ដុល្លារ សម្រាប់សិស្ស ៥នាក់ និងកង់ ១០ តម្លៃ ៦៥០ដុល្លារ គឺសម្រាប់ប្រគល់ឱ្យសិស្ស ១០នាក់។
មូលនិធិនេះធ្វើឡើងស្របពេលដែលពលរដ្ឋភៀសសឹកដោយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែមិនអាចវិលត្រឡប់ទៅភូមិកំណើតវិញបានក្នុងពេលនេះ ទោះមានបទឈប់បាញ់ហើយក៏ដោយ។
ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលនៅថ្ងៃទី៥ មីនា នេះថា គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋជាង ៤ម៉ឺននាក់ទៀត (៤៧៧១៤នាក់) ដែលមិនទាន់អាចវិលទៅលំនៅឋានវិញបាន។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Fox News កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅថា ទាហានថៃ បានព័ទ្ធបិទភូមិពលរដ្ឋខ្មែរនានាដោយលួសបន្លា និងកុងតឺន័រ ដែលធ្វើឱ្យប្រជាជនស៊ីវិល ៨ម៉ឺននាក់ (៨០០០០នាក់) មិនអាចត្រឡប់ទៅផ្ទះវិញបានទេ។
ដោយឡែកអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់អង្គទូត និងអង្គការអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា យោធាថៃ បានរាយលួសបន្លាព័ទ្ធយកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៣តំបន់ ដែលមាន ២០ទីតាំងដោយដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រជាង ១០០ទូ (១០៥ទូ) ដែលគិតជាផ្ទៃដីសរុបជិត ៨០០ហិកតា (៧៦៣ហិកតា)។
អភិបាលខេត្តបន្ទាយមានជ័យ រូបនេះ អះអាងថា ចាប់តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់បច្ចុប្បន្ននេះ តំបន់បឹងត្រកួនដែលមាន ៤ភូមិ ត្រូវបានយោធាថៃ ដាក់ពង្រាយទូកុងតឺន័រចំនួន ២៦ទូ ព័ទ្ធយកដីខ្មែរចំនួន ១៣ទីតាំង ដែលមានទំហំផ្ទៃដីសរុបជិត ៦០០ហិកតា (៥៨៤ហិកតា)។ ចំណែកឯភូមិព្រៃចាន់ ក៏ត្រូវបានយោធាថៃ រំលោភកាន់កាប់ដោយខុសច្បាប់ចំនួន ៣ទីតាំងដែរ ដែលមានទំហំផ្ទៃដីសរុបជាង ៤០ហិកតា (៤២ហិកតា) និងបានដាក់ពង្រាយទូកុងតឺន័រជាង ៦០ទូ (៦៣ទូ) ថែមទៀត។
ដោយឡែកនៅភូមិជោគជ័យ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែរនោះ ក៏ត្រូវបានយោធាថៃ រំលោភកាន់កាប់ចំនួន ៤ទីតាំងដែរ ដែលមានទំហំផ្ទៃដីសរុបជាង ១០០ហិកតា (១៣៧ហិកតា) និងបានដាក់ពង្រាយទូកុងតឺន័រចំនួន ១៦ទូផងដែរ។
លោក អ៊ុំ រាត្រី បញ្ជាក់ថា ក្រៅពីខេត្តបន្ទាយមានជ័យ យោធាថៃ ក៏បានដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាដែរ ដូចជានៅតំបន់ច្រកអន្តរជាតិថ្មដា ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាដើម ហើយសកម្មភាពរបស់យោធាថៃ ទាំងនេះ ត្រូវបានធ្វើឡើងក្រោយកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
