The Cambodia Daily Khmer

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៅ​បាត់ដំបង រង​ការ​ចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ​ប្រាក់ ៤​លាន​ដុល្លារ

លោក ឈឹម ធឿន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​បាត់ដំបង

លោក ឈឹម ធឿន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​បាត់ដំបង

បុគ្គលិក​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​បាត់ដំបង ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដក​តំណែង​លោក ឈឹម ធឿន ដោយសារ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ក្រោម​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឬ​ហៅ​កាត់​ថា C1 ពិសេស​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៤​លាន​ដុល្លារ​អាមេរិក។

បុគ្គលិក មន្ត្រី​រាជការ និង​គ្រូបង្រៀន​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​បាត់ដំបង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​បាត់ដំបង លោក ឈឹម ធឿន បាន​ប្រព្រឹត្ត​អំពើពុករលួយ​លើ​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។

ទឹកប្រាក់​ជាង ៤​លាន​ដុល្លារ​នេះ ក្រសួង​ការងារ បាន​ផ្តល់​ឱ្យ​តាម​សំណើ​របស់​វិទ្យាស្ថាន​ដែល​បាន​រាយការណ៍​ថា ខ្លួន​មាន​សិស្ស C1 ឬ​សិស្ស​ក្នុង​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជាង ១​ម៉ឺន​នាក់ (១០១២៥​នាក់) ដែល​បាន​ចាប់ផ្តើម​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​បញ្ចប់​កាលពី​ចុង​ឆ្នាំ​២០២៥ កន្លង​ទៅ​នោះ។

ប្រភព​ដដែល​រៀបរាប់​ថា ក្នុង​គោលការណ៍​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឬ​ហៅថា C1 ក្រសួង​បាន​តម្រូវ​ឱ្យ​វិទ្យាស្ថាន​ប្រើប្រាស់​ថវិកា​នេះ​ទ្រទ្រង់​ការ​សិក្សា​របស់​សិស្ស​ក្នុង​ម្នាក់ៗ ១​លាន ៧​សែន​រៀល (១៧០០០០០​រៀល)។

បើ​គិត​តួលេខ​សិស្ស​ដែល​វិទ្យាស្ថាន​បាន​ផ្តល់​ឱ្យ​ក្រសួង គឺ​មាន​ចំនួន ១​ម៉ឺន ១២៥​នាក់ ដូច្នេះ​បើ​យក​ទៅ​គុណ​នឹង​ទឹកប្រាក់ ១​លាន ៧​សែន​រៀល​នោះ នឹង​ឃើញ​ទឹកប្រាក់​សរុប​ជាង ១៧​ពាន់​លាន​រៀល (១ ៧២១ ២៥០ ០០០​លាន​រៀល) ដែល​ស្មើ​នឹង​ជាង ៤​លាន​ដុល្លារ​អាមេរិក (៤ ១៩៨ ១៧០​ដុល្លារ)។

បុគ្គលិក មន្ត្រី​រាជការ និង​គ្រូបង្រៀន​ទាំងនេះ អះអាង​ថា ការពិត​ជាក់ស្តែង វិទ្យាស្ថាន​មិន​មាន​សិស្ស​ដល់​ជាង ១​ម៉ឺន​នាក់​ដូច​ក្នុង​របាយការណ៍​នោះ​ទេ ព្រោះ​ទិន្នន័យ​ពិតប្រាកដ គឺ​មាន​សិស្ស​មិន​លើស​ពី ២០​ថ្នាក់​ទេ ហើយ​ក្នុង​មួយ​ថ្នាក់ៗ គឺ​មាន​សិស្ស​ត្រឹមតែ ៥​នាក់​ទៅ ១០​នាក់​ប៉ុណ្ណោះ។ ចំណែកឯ​សិស្ស​ដែល​បាន​បោះបង់​ការ​សិក្សា វិទ្យាស្ថាន​នៅតែ​រក្សា​ឈ្មោះ​ទុក​ក្នុង​ប្រព័ន្ធ​ដដែល ឬ​ហៅថា​បញ្ជី​ឈ្មោះ​ខ្មោច ខណៈ​បញ្ជី​វត្តមាន​សិស្ស​រៀន​ប្រចាំ​ថ្ងៃ​ដែល​មាន​ឈ្មោះ​ចាប់ពី ២៥​នាក់​ទៅ ៣០​នាក់ ក្នុង​មួយ​ថ្នាក់ៗ​នោះ គឺជា​បញ្ជី​ឈ្មោះ​ក្លែងក្លាយ​ប៉ុណ្ណោះ។

ប្រភព​ដដែល​ទម្លាយ​ថា វិធីសាស្ត្រ​ដែល​លោក ឈឹម ធឿន ប្រព្រឹត្ត​អំពើពុករលួយ រួម​មាន​ការ​ក្លែងបន្លំ​វិក្កយបត្រ ការ​បំប៉ោង​តួលេខ​សិស្ស ការ​ធ្វើ​របាយការណ៍​ចំណាយ​ក្លែងក្លាយ ការ​កាត់​ប្រាក់​ម៉ោង​គ្រូបង្រៀន​វគ្គ C1 មក​នៅ​ត្រឹម ២​ដុល្លារ​ក្នុង​មួយ​ម៉ោង បញ្ចូល​សិស្ស ៣​ថ្នាក់​ទៅ ៤​ថ្នាក់ មក​ឱ្យ​រៀន​ក្នុង​ថ្នាក់​តែ​មួយ​ដើម្បី​កាត់បន្ថយ​លុយ​ដែល​ត្រូវ​បង់​ទៅ​ឱ្យ​គ្រូបង្រៀន​ពី ៣​នាក់​ទៅ ៤​នាក់ មក​នៅ​ត្រឹមតែ​ម្នាក់ ជាដើម។

បុគ្គលិក​ទាំងនេះ​អះអាង​ថា ចាប់តាំងពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឬ C1 ពិសេស​នេះ​មក លោក ឈឹម ធឿន ដែល​ជា​ប្រធាន​វិទ្យាស្ថាន​ពហុបច្ចេកទេស ដែល​មាន​ប្រាក់ខែ​ត្រឹមតែ ២​លាន​រៀល​ក្នុង ១​ខែ​នោះ ក៏​ចាប់ផ្តើម​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ជាង​មុន​ដែរ។

ជាក់ស្តែង​សព្វថ្ងៃ​នេះ លោក ឈឹម ធឿន មាន​ឡាន​ទំនើបៗ ៣​គ្រឿង មាន​លុយ​ទិញ​ដី​ចម្ការ​រាប់​សិប​ហិកតា​នៅ​ឃុំ​ស្នឹង ស្រុក​បាណន់ និង​មាន​លុយ​ធ្វើ​របង​ព័ទ្ធ​ដី​ចម្ការ​នោះ​អស់​រាប់​សែន​ដុល្លារ​ថែមទៀត ព្រមទាំង​ទិញ​ដី​ក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ផង​ដែរ។

លើស​ពី​នេះ គាត់​ក៏បាន​ទិញ​ផ្ទះ​ក្នុង​បុរី​កាណាឌីយ៉ា ក្បែរ​ផ្សារ​ម៉ាក្រូ ក្នុង​ក្រុង​សៀមរាប ចំនួន ២​ល្វែង​ដែរ ដែល​ផ្ទះ​ក្នុង​បុរី​នោះ​មាន​តម្លៃ​យ៉ាងតិច​ចាប់ពី ២០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ហើយ​សព្វថ្ងៃ​នេះ លោក ឈឹម ធឿន ក៏​កំពុង​សាងសង់​វីឡា​ដ៏​ស្កឹមស្កៃ​មួយ​ទៀត​នៅ​ស្រុកកំណើត​របស់​គាត់​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក ឈឹម ធឿន និង​ក្រុម​គ្រួសារ​របស់​គាត់​មិន​មាន​អាជីវកម្ម​ក្រៅ​ឡើយ ក្រៅពី​មាន​តួនាទី​ជា​នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​បាត់ដំបង នោះ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដែល​គាត់​មាន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ស្មើ​នឹង​អាជីវករ​ប្រកប​អាជីវកម្ម​ធំៗ​ដែល​មាន​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង ១​ខែៗ​ដូច្នោះ​ដែរ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ឈឹម ធឿន សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ។

អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​ស្ដីពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២៤ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ នៅ​លើ​ពិភពលោក ជា​ប្រទេស​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​អំពើពុករលួយ​ធ្ងន់ធ្ងរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version