The Cambodia Daily Khmer

សហរដ្ឋ​អាមេរិក ដាក់​ផែនការ​កម្ទេច​សរសៃ​សេដ្ឋកិច្ច​ឧស្សាហកម្ម​ប្រេង​របស់​អ៊ីរ៉ង់

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

យុទ្ធនាការ​យោធា​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល កំពុង​តែ​វាយប្រហារ​យ៉ាង​សន្ធប់​ទៅ​លើ​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល គឺជា​ប្រទេស​សម្ពន្ធភាព​យោធា​ស្លាប់​រស់​នឹង​គ្នា។

ប្រទេស​ទាំង​ពីរ​នេះ​បាន​ដាក់​ចេញ​នូវ​ប្រតិបត្តិការ​មាន​ឈ្មោះ​ថា Epic Fury ឬ​ប្រតិបត្តិការ​មហា​កំហឹង និង Roaring Lion ឬ​សម្រែក​សត្វ​តោ ដោយ​ចាប់ផ្ដើម​ដាក់​គោលដៅ​កម្ទេច​តំបន់​ឧស្សាហកម្ម​ប្រេង​របស់​អ៊ីរ៉ង់។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់​ចេញ​ហើយ​នូវ​ផែនការ​វាយប្រហារ​លើ​ទីតាំង​ប្រេង​របស់​អ៊ីរ៉ង់ នៅ​លើ​កោះ Kharg នៃ​ប្រទេស​អ៊ីរ៉ង់ បើសិន​អ៊ីរ៉ង់ នៅតែ​បន្ត​ខ្ទប់​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។ គេ​ថា​កោះ Kharg គឺជា​ជង្រុក​ឧស្សាហកម្ម​ប្រេង​ដ៏​ធំ​បំផុត​សម្រាប់​អ៊ីរ៉ង់​ផ្គត់ផ្គង់​តាម​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ធំៗ មាន​ដូចជា ឥណ្ឌា និង​ចិន ជាដើម។ តែ​មុន​នឹង​ចូល​ទៅ​ដល់​កោះ Kharg គឺ​ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ហើយ​ពេល​ដឹក​ចេញ​វិញ ក៏​ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ដែរ។

នៅ​លើ​កោះ Kharg មាន​ទាំង​រោងចក្រ​ចម្រាញ់​ប្រេង មាន​ទាំង​ទីតាំង​ស្តុក​ប្រេង និង​មាន​ទាំង​ការ​ចុះ​ចត​សម្រាប់​យន្តហោះ​យោធា​ទៀត​ផង។

កាលពី​ថ្ងៃទី​១៤ មីនា កង​យន្តហោះ​ចម្បាំង​អាមេរិក បាញ់​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​យោធា​លើ​កោះ​នោះ​បាន​ជាង ៩០​ទីតាំង ក្នុង​នោះ​មាន​ទីតាំង​ស្តុក​គ្រាប់​មីស៊ីល និង​ព្រលាន​យន្តហោះ​យោធា។

កោះ Kharg របស់​អ៊ីរ៉ង់ វា​ស្ថិត​ចម្ងាយ​ជិត ៤០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ពែក្ស​នៃ​ប្រទេស​អ៊ីរ៉ង់ តែ​វា​មាន​ទំហំ​ដី​ជាង ២០​គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ។ ប្រតិបត្តិការ​របស់​អាមេរិក​លើកដំបូង​វាយ​លើ​កោះ Kharg កាលពី​ថ្ងៃទី​១៤ មីនា ទីក្រុង​វ៉ាស៊ីនតោន ចាត់ទុក​ថា​ជា​ប្រតិបត្តិការ​ដំបូង និង​ក្នុង​កម្រិត​គំរាមកំហែង​ទៅ​លើ​អ៊ីរ៉ង់។ ក្រោយ​តែ​ប៉ុន្មាន​ម៉ោង​ដែល​អាមេរិក​វាយប្រហារ​លើ​កោះ Kharg របប​អ៊ីស្លាម​អ៊ីរ៉ង់​នៅតែ​មិន​ចុះញ៉ម មិន​ចុះចាញ់​នៅ​ចំពោះ​ប្រតិបត្តិការ​នេះ។

នៅ​ថ្ងៃ​សៅរ៍ ទី​១៤ មីនា ដដែល គឺ​បន្ទាប់​ប៉ុន្មាន​ម៉ោង អ៊ីរ៉ង់​បាន​បើក​ការ​វាយប្រហារ​មីស៊ីល និង​ដ្រូន​សំដៅ​ទីតាំង​ស្តុក​ប្រេង​ជាច្រើន​ទៅ​លើ​ប្រទេស​សម្ពន្ធភាព​អាមេរិក ដូចជា​វាយប្រហារ​លើ​ទីតាំង​ស្តុក​ប្រេង​ប្រទេស​អារ៉ាប់រួម និង​អារ៉ាប៊ីសាអ៊ូឌីត។

គិត​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា នេះ​ជា​លើក​ទី​ពីរ​ដែល​ទីតាំង​នាំចេញ​ប្រេង​ធំ​ដ៏​មួយ​របស់​អារ៉ាប់រួម និង​អារ៉ាប៊ីសាអ៊ូឌីត បាន​ក្លាយ​ជា​គោលដៅ​វាយប្រហារ​របស់​អ៊ីរ៉ង់។ អ៊ីរ៉ង់​បាញ់​បំផ្លាញ​ទីតាំង​ប្រេង​របស់​ប្រទេស​ពីរ​នេះ​ដោយ​មីស៊ីល និង​ដ្រូន។

ជាមួយ​គ្នា​នេះ អ៊ីរ៉ង់​សច្ចា​សងសឹក​វាយប្រហារ​រាល់​ទីតាំង​ប្រេង​នៅ​ប្រទេស​ផ្សេងៗ​ទៀត បើសិន​អាមេរិក​ហ៊ាន​តែ​ដៅ​កម្ទេច​កោះ Kharg ដែល​ជា​ទី​ស្តុក និង​នាំចេញ​ប្រេង​ធំ​ជាងគេ​របស់​អ៊ីរ៉ង់។

កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មីនា ត្រូវ​បាន​គេ​រាយការណ៍​ថា អ៊ីរ៉ង់​បាន​ប្រើប្រាស់​មីស៊ីល​ផ្លោង​ទំនើប​បំផុត​មួយ​របស់​ខ្លួន​ឈ្មោះ Sejjil ដោយ​កំណត់​គោលដៅ​ជា​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល និង​មូលដ្ឋាន​ទ័ព និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​មជ្ឈិមបូព៌ា។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទស្សនាវដី្ត The Economy Times នៅ​ថ្ងៃ​ចន្ទ ទី​១៦ មីនា នេះ។

Sejjil គឺជា​មីស៊ីល​ផ្លោង​ដើរ​ដោយ​ឥន្ធនៈ​រឹង។ ឥន្ធនៈ​រឹង​នេះ​ផ្ដល់​ឱ្យ​មីស៊ីល​បាញ់​ចេញ​បាន​លឿន​ជាង បើ​ប្រៀបធៀប​ជាមួយ​ប្រព័ន្ធ​ឥន្ធនៈ​រាវ ដែល​ធ្វើ​ឱ្យ​សត្រូវ​ពិបាក​រក​ឃើញ ឬ​ស្ទាក់​បំផ្លាញ។ Sejjil គឺជា​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​មធ្យម។ រយៈ​ចម្ងាយ​វា​ប្រហែល ២០០០​គីឡូម៉ែត្រ ប៉ុន្តែ​វា​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​នៅ​ទូទាំង​មជ្ឈិមបូព៌ា។

យ៉ាងណា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​បាន​គំរាម​ថា​នឹង​បញ្ជា​ឲ្យ​បាញ់​បំផ្លាញ​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​អ៊ីរ៉ង់ នៅ​លើ​កោះ Kharg នេះ បើសិន​អ៊ីរ៉ង់ នៅតែ​បិទ​ខ្ទប់​បង្ក​គ្រោះថ្នាក់​នៅ​ច្រក​សមុទ្រ Hormuz តទៅទៀត។

អ៊ីស្រាអែល វិញ ដែល​ដឹកនាំ​ការ​វាយប្រហារ​ផ្លូវអាកាស​យ៉ាង​សន្ធប់​លើ​អ៊ីរ៉ង់ បាន​អះអាង​ថា នៅ​ក្នុង​រយៈពេល​តែ ២៤​ម៉ោង​ពី​រវាង​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ កងទ័ព​អ៊ីស្រាអែល បាន​វាយប្រហារ​ទៅ​លើ​ទីតាំង​ចំនួន ២០០ នៅ​ភាគ​កណ្តាល និង​ខាងលិច​អ៊ីរ៉ង់ ដោយ​បាញ់​ចំ​ជើងទ្រ​សម្រាប់​បាញ់​មីស៊ីល ប្រព័ន្ធ​ការពារ​ដែនអាកាស និង​ទីតាំង​ផលិត​អាវុធ​របស់​អ៊ីរ៉ង់។

អ៊ីស្រាអែល ប្រកាស​ថា សង្គ្រាម​អ៊ីរ៉ង់​ឈាន​ដល់​ដំណាក់កាល​សំខាន់ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​បន្ត​អូស​បន្លាយ​ចូល​ដល់​សប្ដាហ៍​ទី​៣។ អ៊ីស្រាអែល បាន​ប្រកាស​ថា សង្គ្រាម​របស់​ខ្លួន​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់ កំពុង​ឈាន​ដល់​ដំណាក់កាល​ដ៏​ផុយ​ស្រួយ​ខ្លាំង។

ទាំង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ប្រកាស​ថា​នឹង​ប្រើ​ពេលវេលា ៣​សប្ដាហ៍​ទៀត ទើប​ពិចារណា​ថា​តើ​ត្រូវ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ដាច់ខាត​ត្រូវ​សម្រេច​គោលដៅ​នៃ​ការ​រំលាយ​រចនាសម្ព័ន្ធ​យោធា​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ និង​អាច​ឈាន​ដល់​ការ​កំណត់​រំលាយ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Israel Katz បាន​និយាយ​ថា សង្គ្រាម​នា​ពេលនេះ​កំពុង​ឈាន​ដល់​ដំណាក់កាល​ដ៏​សំខាន់ ហើយ​បាន​ព្រមាន​ថា​វា​នឹង​បន្ត​រហូត​ដល់​ទី​បញ្ចប់។

យ៉ាងណាមិញ ទោះបី​ប្រឈមមុខ​ជាមួយ​អានុភាព​យោធា​ដ៏​ខ្លាំងក្លា​ពី​សំណាក់​អាមេរិក និង​អ៊ីស្រាអែល ក៏ដោយ តែ​សម្រាប់​អ៊ីរ៉ង់ ដែល​នៅ​ក្រោម​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ នៅតែ​ប្ដេជ្ញា​យ៉ាង​រឹងមាំ​ដើម្បី​បន្ត​ការ​ប្រយុទ្ធ​របស់​ខ្លួន​ដល់​ទី​ផ្ដាច់ព្រ័ត្រ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version