សមាគមសិទ្ធិមនុស្សអាដហុក (ADHOC) អះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២៥ មិនមានភាពល្អប្រសើរ ដោយមានការបន្តរឹតត្បិតលំហសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងប្រព័ន្ធយុត្តិធម៌ ដែលបង្កឥទ្ធិពលអវិជ្ជមានដល់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
សមាគមសិទ្ធិមនុស្សអាដហុក បានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពល្អប្រសើរទេ បើធៀបនឹងឆ្នាំ២០២៤ ពិសេសមានការបន្តរឹតត្បិតលំហសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងប្រព័ន្ធយុត្តិធម៌។
នៅក្នុងរបាយការណ៍ចំនួន ៩ទំព័រ សមាគមអាដហុកបានលើកឡើងពីការប្រើច្បាប់ព្រហ្មទណ្ឌដើម្បីគ្រប់គ្រងមតិរិះគន់ ការគំរាមកំហែងសកម្មជន និងការប្រើអំពើហិង្សាក្នុងដំណាក់កាលសួរចម្លើយ ដែលនេះបានបង្កឥទ្ធិពលអវិជ្ជមានដល់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ការរឹតត្បិតសេរីភាព ភាគច្រើនផ្ដោតលើសកម្មជននយោបាយ និងសកម្មជនសង្គម រួមមានអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន សហជីព និងក្រុមយុវជន រួមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ចេញមតិ។
ប្រភពដដែលអះអាងថា ៧៥% នៃសកម្មភាពផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលត្រូវបានអាជ្ញាធររារាំង ឬតាមឃ្លាំមើលយ៉ាងតឹងរ៉ឹង។ ដោយឡែកក្នុងចំណោមសកម្មភាពជួបជុំដោយសន្តិវិធីចំនួន ៤៥ករណីដែលមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ មានប្រមាណ ៨០% ត្រូវបានអាជ្ញាធរ និងកងកម្លាំងតាមឃ្លាំមើល។
នៅក្នុងរបាយការណ៍របស់សមាគមអាដហុក ថាក្នុងចំណោមករណីរំលោភសិទ្ធិ និងការរឹតត្បិតសេរីភាពចំនួន ២១៥ករណីដែលបានរកឃើញ និងចងក្រងក្នុងឆ្នាំ២០២៥ គឺមានជនរងគ្រោះ និងអ្នកទទួលរងផលប៉ះពាល់ដោយផ្ទាល់ប្រមាណ ១៥០៣៩នាក់ (ស្ត្រី ៥០,៣%) ដែលភាគច្រើនជាអ្នកមានជីវភាពក្រីក្រ និងជំពាក់បំណុល។
នៅក្នុងរបាយការណ៍ដដែល អះអាងថា នេះជាការបង្កការភ័យខ្លាចដល់ពលរដ្ឋ ជាជាងការប្រើកម្លាំងមកការពារ និងសម្របសម្រួល ដែលអាចប៉ះពាល់ដល់កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា និងទំនុកចិត្តសាធារណៈលើប្រព័ន្ធយុត្តិធម៌ និងដំណើរការលទ្ធិប្រជាធិបតេយ្យ។
ប្រភពដដែលអះអាងថា ដើម្បីស្ដារទំនុកចិត្តសាធារណជន និងធានាបរិយាកាសប្រកបដោយសេរីភាព និងយុត្តិធម៌ គឺត្រូវធ្វើការកែទម្រង់ជាប្រព័ន្ធ ការអនុវត្តច្បាប់ស្មើភាព និងការគោរពកាតព្វកិច្ចសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ និងស្តង់ដាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ឬទទួលស្គាល់នាពេលកន្លងមក។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកឃ្លាំមើលនយោបាយកម្ពុជា បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា កំពុងស្ថិតក្នុងរបត់នៃវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃប្រព័ន្ធច្បាប់ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃប្រទេសមួយដែលកំពុងញាំញីដោយផលវិបាកនៃជម្លោះព្រំដែនទ្រង់ទ្រាយធំ និងការដួលរលំនៃបណ្ដាញឧក្រិដ្ឋកម្មដែលបានបន្សល់ទុកមនុស្សរាប់ពាន់នាក់ឱ្យរងគ្រោះយ៉ាងទម្ងន់ ហើយរដ្ឋាភិបាលបែរជាបានដាក់ចេញនូវវិធានការច្បាប់ថ្មីៗដើម្បីរឹតបន្តឹងអំណាចតាមបែបផ្ដាច់ការ។
អង្គការ Freedom House បានចេញសេចក្តីរាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០២៤ ថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ជាប្រទេសល្បីល្បាញខាងគាបសង្កត់សេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
