ចំពេលដែលសង្គ្រាមបានរីករាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា ដែលឈានទៅដល់ការបិទច្រកសមុទ្រហ័រមូស (Hormuz) ជាការដាក់សម្ពាធទៅលើសហរដ្ឋអាមេរិក និងទីផ្សារពិភពលោកនៅពេលនេះ ប្រទេសពីរបានលេចមុខដោយជំរុញឱ្យមានការស្ដារសន្តិភាពតំបន់មជ្ឈិមបូព៌ាឡើងវិញ។
ចិន និងប៉ាគីស្ថាន ត្រូវបានគេដឹងថាបានបញ្ចេញសេចក្តីថ្លែងការណ៍រួម ដោយបានបង្ហាញផែនទីចំនួន ៥ចំណុច ដើម្បីស្ដារសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ចំពេលសង្គ្រាមអាមេរិករួមដៃនឹងអ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
តែជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងសិក្សាពីការដកទ័ពអាមេរិកចេញពីមជ្ឈិមបូព៌ា ដែលជាការបញ្ជាក់ពីការបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិក។
បើតាមលោក ត្រាំ គឺ ២ ឬ ៣សប្ដាហ៍ខាងមុខនេះ លោកសម្រេចបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ដោយលោកចាត់ទុកថាគោលដៅអាមេរិកបានជោគជ័យហើយក្នុងការកម្ទេចរោងចក្រនុយក្លេអ៊ែរ រោងចក្រផលិតមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។
យ៉ាងណា បើតាមសារព័ត៌មាន Pakistan Today ចុះផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ផែនទីសន្តិភាពទាំង ៥ចំណុចនោះរួមមាន ការអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ ការជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តភាពអត់ធ្មត់ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត។
ទន្ទឹមនឹងនេះ ក៏មានការជំរុញឱ្យភាគីទាំងអស់សង្កត់ធ្ងន់លើសារសំខាន់នៃការទូត និងការសន្ទនាដោយគោរពអធិបតេយ្យភាព។
ផែនការសន្តិភាពរៀបរៀងដោយប្រទេសចិន និងប៉ាគីស្ថាន ក៏អំពាវនាវឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាសុវត្ថិភាពផ្លូវដឹកជញ្ជូនសកល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចំណុចចុងក្រោយ គឺជាការគាំទ្រតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការដឹកនាំក្របខ័ណ្ឌអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការជាសកលដើម្បីធានាសន្តិភាពយូរអង្វែង។
គំនិតផ្ដួចផ្ដើមផែនការសន្តិភាពរបស់ចិន និងប៉ាគីស្ថាន នេះ ត្រូវបានបង្កើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ទៅកាន់ទីក្រុងប៉េកាំង ដែលលោកបានជួបជាមួយប្រមុខការបរទេសចិន លោក វ៉ាង យី (Wang Yi) ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខដែលកាន់តែធ្ងន់ធ្ងរ និងតម្រូវការសម្រាប់សកម្មភាពអន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន ភាគីទាំងពីរបានបង្ហាញការព្រួយបារម្ភថា បើសង្គ្រាមនៅតែបន្ត វាអាចប៉ះពាល់ដល់មិនត្រឹមតែតំបន់ទេ ប៉ុន្តែសេដ្ឋកិច្ច និងថាមពលពិភពលោកផងដែរ។
លោករដ្ឋមន្ត្រីការបរទេសទាំងពីររូបបានរំលឹកថា ដំណោះស្រាយណាមួយត្រូវគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជភាពជាតិរបស់រដ្ឋទាំងអស់ រួមទាំងអ៊ីរ៉ង់ និងប្រទេសនៅតំបន់ឈូងសមុទ្រ ហើយត្រូវផ្អែកលើការយល់ព្រមទៅវិញទៅមក មិនមែនការបង្ខិតបង្ខំឡើយ។
ប៉ាគីស្ថាន និងចិន ក៏បានសង្កត់ធ្ងន់លើវិស័យមនុស្សធម៌ ដោយអំពាវនាវឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងបញ្ឈប់ភ្លាមៗនូវការវាយប្រហារលើប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធមិនមែនយោធា ដូចជា តំបន់ថាមពល រោងចក្របម្លែងទឹកសមុទ្រសម្រាប់ទឹកស្អាត និងតំបន់ថាមពលនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍បានព្រមានថា ការវាយប្រហារលើគោលដៅបែបនេះ អាចបង្កគ្រោះមហន្តរាយបរិស្ថាន និងរំខានសេវាសំខាន់ៗសម្រាប់ប្រជាជនរាប់លាននាក់។
ផែនការនេះក៏ផ្ដោតលើសន្តិសុខពាណិជ្ជកម្មតាមសមុទ្រ ជាពិសេសតាមរយៈច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក ដោយអំពាវនាវឱ្យមានការការពារនាវាពាណិជ្ជកម្ម និងធានាការឆ្លងកាត់ដោយសុវត្ថិភាព។ ពួកគេបានព្រមានថា ការរំខានក្នុងច្រកនេះ អាចបង្កវិបត្តិថាមពលសកល និងប៉ះពាល់ដល់ទីផ្សារអន្តរជាតិ។
ជាចុងក្រោយ ផែនការសន្តិភាពនេះគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតក្របខ័ណ្ឌសន្តិភាពយូរអង្វែងស្របតាមច្បាប់អន្តរជាតិ។
លោករដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើគោលការណ៍សន្តិសុខសមូហភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការ ខណៈព្រមានប្រឆាំងនឹងសកម្មភាពឯកតោភាគីដែលអាចបំផ្លាញបទដ្ឋានអន្តរជាតិ។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតប៉ាគីស្ថាន ទីក្រុងប៉េកាំង អះអាងពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយប៉ាគីស្ថាន ដោយពិពណ៌នាទំនាក់ទំនងថាជាដៃគូគ្រប់កាលៈទេសៈ ហើយភាគីទាំងពីរបានយល់ព្រមបន្តទំនាក់ទំនងជិតស្និទ្ធលើស្ថានភាពនៅសង្គ្រាមអ៊ីរ៉ង់ និងជំរុញសន្តិភាព។
ជាមួយគ្នានេះ ប៉ាគីស្ថាន កំពុងមានតួនាទីកាន់តែសំខាន់ក្នុងនាមជាអ្នកសម្រុះសម្រួល ខណៈការទំនាក់ទំនងដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងបន្តតាមរយៈការផ្លាស់ប្ដូរសារគ្នាទៅវិញទៅមក។
សង្គ្រាមនៅអ៊ីរ៉ង់ នេះ បានចាប់ផ្តើមប៉ះពាល់ដល់ទីផ្សារថាមពល និងពាណិជ្ជកម្មសកល បង្កការព្រួយបារម្ភអំពីការរំខានផ្គត់ផ្គង់ និងអស្ថិរភាពសេដ្ឋកិច្ច។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប៉ាគីស្ថាន បានស្វាគមន៍ការចូលរួមរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដោយចាត់ទុកថាជាជំហានវិជ្ជមានក្នុងការកាត់បន្ថយភាពតានតឹង។
គំនិតផ្ដួចផ្ដើមរួមនេះបង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រទៅរកការទូត ក្នុងពេលដែលភាពតានតឹងយោធាកើនឡើងខ្ពស់ ហើយភាពជោគជ័យរបស់ការទូត នឹងអាស្រ័យលើឆន្ទៈរបស់ភាគីពាក់ព័ន្ធក្នុងការចូលរួមសន្ទនា និងផ្តល់អាទិភាពដល់ស្ថិរភាពរយៈពេលវែង។
យ៉ាងណា មកទល់ពេលនេះ ផែនការសន្តិភាពទាំង ៥ចំណុចរបស់ប៉ាគីស្ថាន និងចិន មិនទាន់ទទួលបានប្រតិកម្មជាផ្លូវការជាវិជ្ជមាន ឬអវិជ្ជមានពីភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នោះទេ។
កាលពីពេលថ្មីៗនេះ អ៊ីរ៉ង់ក៏ត្រូវបានគេដឹងថា បានបដិសេធចំពោះផែនការសន្តិភាព ១៥ចំណុចរបស់លោក ដូណាល់ ត្រាំ ផងដែរ ហើយបានដាក់លក្ខខណ្ឌតបតសម្រាប់សហរដ្ឋអាមេរិកបំពេញវិញ។
ទីក្រុងតេហេរ៉ង់ បានឱ្យដឹងថា ខ្លួននឹងមិនអនុញ្ញាតឱ្យអាមេរិក កំណត់ពេលវេលាសម្រាប់បញ្ចប់សង្គ្រាមនោះទេ ហើយថាខ្លួននឹងបញ្ចប់ការប្រយុទ្ធនៅពេលខ្លួនសម្រេចចិត្តថាលក្ខខណ្ឌរបស់ខ្លួនត្រូវបានគោរព។ អ៊ីរ៉ង់ក៏បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តការពារជាតិ និងប្រយុទ្ធដល់ពេលដែលលក្ខខណ្ឌរបស់ខ្លួនត្រូវបានបំពេញ។
ផែនទីសន្តិភាពរបស់ចិន និងប៉ាគីស្ថាន ធ្វើឡើងខណៈអ៊ីរ៉ង់ ទាមទារឱ្យបញ្ឈប់ការវាយប្រហារ ការធ្វើឃាតថ្នាក់ដឹកនាំ ការបង្កើតយន្តការធានាថាសង្គ្រាមមិនត្រូវកើតឡើងវិញម្តងទៀត ការទូទាត់សំណងខូចខាតដោយសារសង្គ្រាម បញ្ចប់សង្គ្រាមនៅគ្រប់ទីកន្លែង និងសម្រាប់ក្រុមតស៊ូប្រដាប់អាវុធអ៊ីរ៉ង់ទាំងអស់ និងការទទួលស្គាល់សិទ្ធិអ៊ីរ៉ង់ ក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស។
មន្ត្រីមួយរូបបានកត់សម្គាល់ថា លក្ខខណ្ឌទាំងនេះជាការបន្ថែមទៅលើការទាមទារមុន ដែលទីក្រុងតេហេរ៉ង់ បានដាក់ជូនក្នុងអំឡុងការចរចាជុំទីពីរនៅទីក្រុងហ្សឺណែវ ដែលបានកើតឡើងប៉ុន្មានថ្ងៃមុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារឈ្លានពានចូលទឹកដីអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។
អ៊ីរ៉ង់ បានប្រាប់ទៅអន្តរការីទាំងអស់ដែលធ្វើសកម្មភាពដោយសុច្ឆន្ទៈថា ការឈប់បាញ់ណាមួយអាចកើតឡើង គឺអាស្រ័យលើការទទួលយកលក្ខខណ្ឌទាំងអស់របស់ខ្លួន។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា «គ្មានការចរចាណាមួយនឹងត្រូវធ្វើឡើងមុនពេលលក្ខខណ្ឌត្រូវបានគោរព» ហើយប្រតិបត្តិការការពារជាតិរបស់អ៊ីរ៉ង់ នឹងបន្តរហូតដល់លក្ខខណ្ឌត្រូវបានបំពេញ។
មន្ត្រីម្នាក់នោះបានបន្ថែមថា ទីបញ្ចប់នៃសង្គ្រាមនឹងកើតឡើងនៅពេលដែលអ៊ីរ៉ង់ សម្រេចចិត្តថាគួរតែបញ្ចប់ មិនមែនលោក ត្រាំ ជាអ្នកកំណត់ឡើយ។
ក្រោយមក អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានអះអាងថា កិច្ចចរចាជាមួយអ៊ីរ៉ង់ នៅតែបន្តកើតឡើង ហើយបានផ្តល់នូវផ្លែផ្កាមួយចំនួនពីការចរចានេះ។ លោកស្រីបាននិយាយថា នេះជាការឆ្លើយតបចំពោះសំណួរអំពីការដែលអ៊ីរ៉ង់ បដិសេធសំណើរបស់សហរដ្ឋអាមេរិក។
អ្នកស្រី Leavitt ក៏បានបញ្ជាក់ថា ផែនការសន្តិភាព ១៥ចំណុចរបស់សហរដ្ឋអាមេរិក កំពុងលេចចេញជាសាធារណៈក្នុងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែអ្នកស្រីក៏បានព្រមានកុំឱ្យស្រង់យកសេចក្តីរាយការណ៍នៃផែនការទាំងនេះពីប្រភពអនាមិក។
កាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនផែនការសន្តិភាពទៅអ៊ីរ៉ង់ បន្ទាប់ពីលោក ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា សង្គ្រាមប្រមាណមួយខែស្ទើរតែត្រូវបានបញ្ចប់ហើយ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval ថា ការចរចាឥឡូវនេះកំពុងបន្ត និងកន្លងមក អ៊ីរ៉ង់បានផ្តល់អំណោយមួយមកដល់ថ្ងៃនេះ។
លោកបានពិពណ៌នាថា វាជាអំណោយដ៏ធំ និងមានតម្លៃសំខាន់ ហើយមានន័យថា «យើងកំពុងដោះស្រាយជាមួយថ្នាក់ដឹកនាំថ្មីនៃប្រទេសអ៊ីរ៉ង់ ហើយថាមានភាពត្រឹមត្រូវ និងទុកចិត្តគ្នា។»
លោក ត្រាំ មិនបានពន្យល់បន្ថែមទេ ប៉ុន្តែបានសម្គាល់ថា វាស្ថិតក្នុងការទាក់ទងជាមួយនឹងច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់ បានបិទភាគច្រើន ដើម្បីឆ្លើយតបការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ការបិទច្រកសមុទ្រ Hormuz បានបណ្តាលឲ្យតម្លៃថាមពលសកលកើនឡើងខ្ពស់ជាសកល៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
