The Cambodia Daily Khmer

រដ្ឋាភិបាល​គុយបា ប្រកាស​ដោះលែង​អ្នកទោស​នយោបាយ​ប្រឆាំង ២០១០​នាក់ ក្រោម​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក

អ្នកទោស​បាន​ចេញពី​ពន្ធនាគារ La Lima ភាគ​ខាងកើត​ទីក្រុង Havana ហើយ​ឱប​សាច់ញាតិ​ដែល​កំពុង​រង់ចាំ​នៅ​ខាងក្រៅ

អ្នកទោស​បាន​ចេញពី​ពន្ធនាគារ La Lima ភាគ​ខាងកើត​ទីក្រុង Havana ហើយ​ឱប​សាច់ញាតិ​ដែល​កំពុង​រង់ចាំ​នៅ​ខាងក្រៅ

រដ្ឋាភិបាល​នៃ​ប្រទេស​គុយបា ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មេសា ថា រដ្ឋាភិបាល​សម្រេច​លើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ​សរុប​ចំនួន ២០១០​នាក់ ដើម្បី​ជា​កាយវិការ​មនុស្សធម៌​មួយ​នៅ​មុន​បុណ្យ​សាសនា​គ្រិស្ត Easter ឈាន​ចូល​មក​ដល់ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក កំពុង​បង្កើន​សម្ពាធ​ខ្លាំង​លើ​ទីក្រុង​ឡាហាវ៉ាន់។

សេចក្តី​ប្រកាស​ស្ដីពី​ការ​ដោះលែង​អ្នកទោស​នេះ ធ្វើឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បន្ធូរបន្ថយ​ការ​បិទ​ខ្ទប់​លំហូរ​ប្រេង​ទៅ​កាន់​ប្រទេស​គុយបា តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹក​ប្រេង​របស់​រុស្ស៊ី បើក​ចូល​ទៅ​ឱ្យ​ប្រទេស​ដែន​កោះ​តំបន់​សមុទ្រ​ការីបៀន (Caribbean) មួយ​នេះ ដែល​កំពុង​ជួប​វិបត្តិ​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរ។

រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​របស់​ប្រទេស​គុយបា ដែល​គ្រប់គ្រង​ដោយ​របប​ដឹកនាំ​បែប​កុម្មុយនីស្ត ដែល​លោក​ប្រធានាធិបតី​អាមេរិក​តែងតែ​លើកឡើង​ពី​លទ្ធភាព​កាន់កាប់​ប្រទេស​នេះ ប្រសិនបើ​មាន​អំពើ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល។

ទាំង​ទីក្រុង​វ៉ាស៊ីនតោន ទាំង​ទីក្រុង​ឡាហាវ៉ាន់ មួយ​រយៈ​ចុងក្រោយ​នេះ បាន​ចាប់ផ្តើម​បើក​កិច្ចពិភាក្សា​ជាមួយ​គ្នា ប៉ុន្តែ​នៅ​ក្រោម​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក។

កាលពី​ថ្ងៃទី​១២ ខែ​មីនា រដ្ឋាភិបាល​គុយបា បាន​ប្រកាស​ថា​នឹង​ដោះលែង​អ្នកទោស​ត្រឹម ៥១​នាក់​ប៉ុណ្ណោះ ដើម្បី​ជា​សញ្ញា​នៃ​សុច្ឆន្ទៈ​ចំពោះ​បុរី​វ៉ាទីកង់ ដែល​បាន​ដើរ​តួនាទី​ជា​អ្នក​សម្រុះសម្រួល​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡាហាវ៉ាន់។

តែ​កាលពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​គុយបា លោក Miguel Diaz-Canel ទទួលស្គាល់​ថា កិច្ចពិភាក្សា​ដែល​មាន​ទំនុកចិត្ត​នឹង​គ្នា ត្រូវ​បាន​ធ្វើឡើង​រវាង​ក្រុម​មន្ត្រី​គុយបា និង​ក្រុម​មន្ត្រី​អាមេរិក ប៉ុន្តែ​រដ្ឋាភិបាល​គុយបា មិន​បាន​ប្រាប់​ឱ្យ​ច្បាស់​អំពី​ករណី​អ្នកទោស​ដែល​ត្រូវ​បាន​លើកលែង​ទោស ឬ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​អំឡុង​អ្នកទោស​ត្រូវ​ដោះលែង​នោះ​ទេ។

ការ​ទាមទារ​ដោះលែង​អ្នកទោស​នយោបាយ គឺជា​គោលបំណង​របស់​រដ្ឋការ​លោក ដូណាល់ ត្រាំ។

ការិយាល័យ​ប្រធានាធិបតី​គុយបា បាន​និយាយ​ថា នេះ​គឺជា​លើក​ទី​៥ ហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០១១ ដែល​រដ្ឋាភិបាល​បាន​លើកលែង​ទោស​ដល់​អ្នកទោស​ដែល​ប្រឆាំង​របប​កុម្មុយនីស្ត​មាន​ចំនួន​ដ៏​ច្រើន​ដូចនេះ។

ចាប់តាំងពី​ឆ្នាំ​២០១១ មក យ៉ាងហោចណាស់​មាន​អ្នកទោស​ជាង ១​ម៉ឺន ១​ពាន់​នាក់​ត្រូវ​បាន​ដោះលែង ក្នុង​នោះ​ភាគច្រើន​ជា​អ្នកទោស​នយោបាយ។

ក្រោយពី​ទ័ព​អាមេរិក​ចាប់​ខ្លួន​ជន​ផ្ដាច់ការ​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦ ផលិតផល​ប្រេង​របស់​វេណេហ្ស៊ុយអេឡា ធ្លាក់​ក្នុង​ដៃ​អាមេរិក​ទាំងស្រុង។

ប្រទេស​គុយបា ដែល​ពឹង​ខ្លាំង​ពី​ការ​នាំ​ប្រេង​ពី​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​រដ្ឋការ​លោក ដូណាល់ ត្រាំ បិទ​ខ្ទប់ បណ្ដាល​ឱ្យ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ពុំ​មាន​ភ្លើង​អគ្គិសនី និង​ប្រេងឥន្ធនៈ​ប្រើប្រាស់​គ្រប់គ្រាន់ ជា​ហេតុ​បង្ក​ឱ្យ​ផ្ទុះ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ មនុស្ស​អត់​ការងារ​ធ្វើ​កាន់តែ​កើន​ឡើង។

ប្រជាជន​គុយបា ដែល​ហត់នឿយ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ឥឡូវ​នេះ​ត្រូវ​រស់​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ច្រើន​សប្តាហ៍។ ការ​កើន​ឡើង​ថ្លៃ​ចំណាយ តម្លៃ​ប្រេងឥន្ធនៈ និង​កង្វះ​ថ្នាំពេទ្យ ជំរុញ​ឱ្យ​មនុស្ស​ជាច្រើន​ទ្រាំទ្រ​លែង​បាន ទើប​បង្ក​ឱ្យ​ផ្ទុះ​កំហឹង​ពី​សំណាក់​យុវជន។

ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​គុយបា បើ​ទោះជា​ផ្ទុះ​ចេញពី​ខេត្ត​មួយ​ក៏ដោយ តែ​វា​ជា​សញ្ញា​អាសន្ន​ធ្ងន់ធ្ងរ​ថា​ប្រទេស​ដែន​កោះ​ដ៏​តូច​មួយ​ក្បែរ​អាមេរិក​នេះ អាច​នឹង​ធ្លាក់​ក្នុង​រលក​បដិវត្តន៍​ផ្ដួល​រដ្ឋាភិបាល​របស់​ខ្លួន​ដូច​នឹង​ប្រទេស​នៅ​អាស៊ី​ខាងត្បូង ហើយ​ចង់​មិន​ចង់ អាមេរិក​ចូល​ជ្រៀតជ្រែក​ទៀត រលក​បះបោរ​ផ្ដួល​រំលំ​របប​ផ្ដាច់ការ​នៃ​រដ្ឋាភិបាល​កុម្មុយនីស្ត​អាច​ជៀស​មិន​រួច​ឡើយ។

លោក ត្រាំ នៅតែ​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ដែល​ជាក់ស្ដែង​ពេល​នេះ អាមេរិក​ហ៊ុមព័ទ្ធ​ប្រេងឥន្ធនៈ​មិន​ឱ្យ​ចូល​គុយបា ស្រប​ពេល​ដែល​អាមេរិក​ជា​អ្នក​គ្រប់គ្រង​ប្រេង​របស់​ប្រទេស​វេណេហ្ស៊ុយអេឡា។

តើ​ប្រទេស​គុយបា មាន​ប្រវត្តិ​ដូចម្ដេច?

គុយបា មាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​គុយបា។ ទោះជា​ដាក់​ជា​ប្រទេស​សាធារណរដ្ឋ​ពិត​មែន តែ​ប្រទេស​ដែន​កោះ​មួយ​នេះ​នៅ​បន្ត​ប្រកាន់​របប​កុម្មុយនីស្ត​តាំងពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

ប្រទេស​ដែល​កោះ​នៃ​សមុទ្រ​ការីបៀន មាន​ផ្ទៃដី​សរុប​ចំនួន ១១​ពាន់ ៨៦០​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ចំនួន​ប្រមាណ ១១​លាន​នាក់។ ប្រទេស​នេះ​មាន​រាជធានី​ឈ្មោះ​ថា ហាវ៉ាន់ណា (Havana)។ គុយបា មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ចន្លោះ​រវាង​សមុទ្រ​បី​ធំៗ គឺ​មហាសមុទ្រ​អាត្លង់ទិច​ខាងជើង (North Atlantic Ocean) ឈូងសមុទ្រ​ម៉ិចស៊ីកូ (Gulf of Mexico) និង​សមុទ្រ​ការីបៀន (Caribbean Sea)។ ប្រទេស​នេះ​មាន​រយៈ​ចម្ងាយ​ត្រឹមតែ​ប្រមាណ ១៦៥​គីឡូម៉ែត្រ​ពី​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក។

បើ​ទោះបីជា​គុយបា ទទួល​បាន​ឯករាជ្យ ក៏​សហរដ្ឋ​អាមេរិក​នៅតែ​អាច​បន្ត​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គុយបា បាន ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ទ្វេភាគី​ឈ្មោះ​ថា Platt Amendment ដែល​ក្នុង​នោះ​មាន​លក្ខខណ្ឌ ៨​ចំណុច ដែល​រដ្ឋាភិបាល​គុយបា ផ្តល់​សច្ចាប័ន​មិន​ឱ្យ​សហរដ្ឋ​អាមេរិក​ចូល​អន្តរាគមន៍​រាល់​កិច្ចការ​ជាតិ និង​អន្តរជាតិ ដើម្បី​ធានា និង​ការពារ​នូវ​ឯករាជភាព​របស់​ខ្លួន។

ការ​គាបសង្កត់ និង​អំពើពុករលួយ​គ្រប់​ទម្រង់​ផ្សេងៗ​ទូទាំង​ប្រទេស ជាពិសេស​ការ​មិន​ចុះ​សម្រុង​រវាង​មេដឹកនាំ​បាន​បន្ត​ជា​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់។

រហូត​ដល់​ឆ្នាំ​១៩៥៩ គុយបា បាន​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ពី​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​អន្តរកាល​នៃ​ការ​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ទៅ​ជា​កុម្មុយនីស្ត​ផ្ដាច់ការ​រណប​សហភាព​សូវៀត តាមរយៈ​បដិវត្តន៍​ដែល​ដឹកនាំ​ដោយ​លោក ហ្វីដែល កាស្ត្រូ (Fidel Castro) ជា​ប្រធានាធិបតី។

បដិវត្តន៍​នៅ​គុយបា នៅ​១៩៥៣ ដល់​ឆ្នាំ​១៩៥៩

ព្រោះតែ​បរាជ័យ​មិន​អាច​ពង្រឹង​របប​ប្រជាធិបតេយ្យ ជា​ឱកាស​ផ្ដល់​ឱ្យ​បុរស​ខ្លាំង លោក ហ្វីដែល កាស្ត្រូ ក្ដោបក្ដាប់​អំណាច​ពេញ​ដៃ​ជាមួយ​ក្រុម​បក្សពួក និង​គ្រួសារ​របស់​គាត់ ក្នុង​ការ​ដឹកនាំ​ប្រទេស​ផ្អែកលើ​មនោគមវិជ្ជា ម៉ាក្សស៊ីស-លេនីន​និយម។ មេដឹកនាំ​រូប​នេះ​ហើយ​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​ថា គុយបា​ជា​រដ្ឋ​កុម្មុយនីស្ត និង​ជា​សម្ពន្ធមិត្ត​ជាមួយ​សហភាព​សូវៀត អំឡុង​ពេល​សង្គ្រាម​ត្រជាក់ និង​រហូត​មក​ដល់​ពេលនេះ។

បន្ទាប់ពី​បដិវត្តន៍​សម្រេច​បាន​ជោគជ័យ​នៅ​ឆ្នាំ​១៩៦១ សហរដ្ឋ​អាមេរិក​បាន​ផ្ដាច់​ទំនាក់ទំនង​ការទូត​ទាំងស្រុង​ជាមួយ​ប្រទេស​គុយបា ព្រមទាំង​បាន​ចាប់ផ្ដើម​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ដែន​កោះ​មួយ​នេះ​តាមរយៈ​ទណ្ឌកម្ម​សេដ្ឋកិច្ច​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

គេ​នៅ​ចងចាំ​អំពី​វិបត្តិ​មីស៊ីល​នៅ​គុយបា នៅ​ក្នុង​១៩៦២

ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​គុយបា បាន​បង្ក​លក្ខណៈ​ឱ្យ​សហភាព​សូវៀត ពង្រឹង​វិស័យ​ការពារ​ជាតិ​ប្រទេស​គុយបា ព្រោះ​ដែន​កោះ​មួយ​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​ប្រកៀក​នឹង​សហរដ្ឋ​អាមេរិក បំផុត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេដឹកនាំ​សហភាព​សូវៀត កាលនោះ គឺ​លោក Nikita Khrushchev មាន​ឱកាស​ពង្រីក​វិសាលភាព​នៃ​យុទ្ធសាស្ត្រ​ត្រៀម​ប្រយុទ្ធ ដោយ​បាន​កសាង​មូលដ្ឋាន​ទ័ព​ជើងទឹក​ឈរជើង​នៅ​ប្រទេស​គុយបា។

សូវៀត បាន​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ជាច្រើន​ទៅ​ដាក់​ពង្រាយ​នៅ​គុយបា គឺជា​ការ​គំរាម​អាមេរិក​ដ៏​គ្រោះថ្នាក់។ ក្នុង​ស្ថានភាព​ដ៏​ផុយ​ស្រួយ​ដូចនេះ បាន​នាំ​ឱ្យ​ពលរដ្ឋ​អាមេរិក​បារម្ភ​ថា​ប្រទេស​ខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត ដោយសារតែ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត អាច​នឹង​ផ្ទុះ​ឡើង។

ក្រោយ​ការ​ចរចា​រយៈពេល ១៣​ថ្ងៃ​រវាង​ប្រធានាធិបតី​អាមេរិក John F. Kennedy និង​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​សូវៀត Nikita Khrushchev ភាគី​សូវៀត យល់ព្រម​ដក​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ប្រទេស​គុយបា ប៉ុន្តែ​ភាគី​សហរដ្ឋ​អាមេរិក​វិញ​ក៏​ត្រូវ​សន្យា​ថា​ខ្លួន​នឹង​មិន​ចូល​ឈ្លានពាន​ប្រទេស​គុយបា។

យ៉ាងណា ភាព​តានតឹង​រវាង​ប្រទេស​គុយបា និង​អាមេរិក នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ បើ​ទោះបីជា​វិបត្តិ​មីស៊ីល​គុយបា ត្រូវ​បាន​ដោះស្រាយ។

និយាយ​ទៅ តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ រហូត​មក​ដល់​ពេលនេះ បើ​ទោះជា​គុយបា អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ក្រោយ​សហភាព​សូវៀត ដួល​រលំ​ក៏ដោយ ក៏​អាមេរិក​នៅតែ​ចិញ្ចឹម​ចិត្ត​បង្ក​ភាព​តានតឹង និង​ដាក់​ទណ្ឌកម្ម​លើ​គុយបា ដដែល៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version