ម្តាយអតីតព្រះសង្ឃ ជា វុទ្ធី អំពាវនាវសុំឱ្យតុលាការដោះលែងកូនគាត់ឱ្យមានសេរីភាពឡើងវិញ ដោយចាត់ទុកការសម្រេចចោទប្រកាន់អំពីបទ «ញុះញង់» លើកូនគាត់ ថាជារឿងអយុត្តិធម៌ ខណៈអតីតភិក្ខុ ជា វុទ្ធី តែងតែឈឺឆ្អាលរឿងសង្គមជាតិ និងបញ្ហាព្រំដែន។
ម្តាយលោក ជា វុទ្ធី ឈ្មោះ ចាន់ ម៉ៅ រៀបរាប់ប្រាប់សារព័ត៌មាន The Cambodia Daily ថា បច្ចុប្បន្ន គាត់បារម្ភអំពីកូនដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ក្នុងពន្ធនាគារ។ រូបគាត់ចាត់ទុកការសម្រេចចោទប្រកាន់អំពីបទ «ញុះញង់» លើកូនគាត់ ជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាន។
ស្ត្រី ចាន់ ម៉ៅ ធ្វើការជាកម្មករស៊ីឈ្នួលដាំត្រាវ នៅខេត្តកំពង់ឆ្នាំង ដោយទទួលបានប្រាក់ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ទុកគ្រាន់ចិញ្ចឹមជីវិត និងមួយផ្នែកទុកសន្សំទិញម្ហូបអាហារផ្ញើកូននៅពន្ធនាគារឯរាជធានីភ្នំពេញ។
សមត្ថកិច្ចខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចាប់ផ្សឹកព្រះតេជព្រះគុណ ជា វុទ្ធី គង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង ដោយមិនបានបញ្ជាក់ពីមូលហេតុ ខណៈព្រះអង្គតែងសកម្មបញ្ចេញមតិតាមបណ្ដាញសង្គម រិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល រួមទាំងបញ្ហាព្រំដែន។
ពីរថ្ងៃក្រោយមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជុំវិញការចាប់ផ្សឹកអតីតព្រះភិក្ខុ ជា វុទ្ធី តាមដីកាបង្គាប់ឱ្យនាំខ្លួនចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសំអាងថាបានប្រព្រឹត្តខុសវិន័យបព្វជិត និងជាប់ចោទពីបទ «ញុះញង់»។
បច្ចុប្បន្ន អតីតព្រះសង្ឃ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ។
រដ្ឋធម្មនុញ្ញ មាត្រា៣៥ បានកំណត់ដែរថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
