The Cambodia Daily Khmer

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន​ឆបោក​តាម​បច្ចេកវិទ្យា​ឡើយ

ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពី​ថ្ងៃទី​២៧ ខែ​មិថុនា ដល់​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥។

ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពី​ថ្ងៃទី​២៧ ខែ​មិថុនា ដល់​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្រសួង​មហាផ្ទៃ ព្រមាន​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពី​រឹបអូស​ទ្រព្យសម្បត្តិ​មេខ្លោង​បណ្ដាញ​ឆបោក ថា​ប្រទេស​កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​ពួក​ឧក្រិដ្ឋជន​ឡើយ ព្រោះ​ថា​យ៉ាងហោចណាស់ ជនបរទេស​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជិត ៤០០​នាក់ (៣៩៨​នាក់) ក្រោយ​បង្ក្រាប​ទីតាំង​ពាក់ព័ន្ធ​បទល្មើស​អនឡាញ ៤​កន្លែង ត្រឹមតែ​រយៈពេល ២​ថ្ងៃ​នៅ​ដើម​សប្តាហ៍​នេះ។

បន្ថែម​លើ​នេះ​ទៀត សមត្ថកិច្ច​ក៏​រឹបអូស​បាន​កុំព្យូទ័រ All In One ជាង ១០០​គ្រឿង (១៣៣​គ្រឿង) កុំព្យូទ័រ​យួរដៃ​ជាង ៦០​គ្រឿង (៦៦​គ្រឿង) ទូរសព្ទដៃ​ជាង ៦០០​គ្រឿង (៦១៩​គ្រឿង) CPU កុំព្យូទ័រ​ជិត ២០​គ្រឿង (១៨​គ្រឿង) និង Tablet៥​គ្រឿង​ផង​ដែរ។

ចំណែក​ឯ​នៅ​ខេត្ត​កែប សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ពាក់ព័ន្ធ​បទល្មើស Online Scams ចំនួន ១​កន្លែង ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ ១៤​នាក់។ រីឯ​ខេត្ត​បន្ទាយមានជ័យ ក៏​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់​ខ្លួន​ជនសង្ស័យ​ជាង ១០០​នាក់ (១៣៩​នាក់) ផង​ដែរ រួម​ទាំង​កុំព្យូទ័រ ទូរសព្ទដៃ និង​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ថែមទៀត។

ប្រភព​ដដែល​អះអាង​ថា យោង​តាម​ការ​ធ្វើ​កោសល្យវិច័យ​លើ​សម្ភារៈ​វត្ថុតាង​ឧបករណ៍​អេឡិចត្រូនិក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ទីតាំង​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនេះ ស្ថិត​ក្រោម​រូបភាព​ក្លែង​បន្លំ​ជា​នគរបាល​ប្រទេស​ជប៉ុន ដែល​មាន​គោលដៅ​ជនជាតិ​ជប៉ុន ឆបោក​ក្រោម​រូបភាព​លួងលោម​ស្នេហា (ROMANCE SCAMS) និង​ក្រោម​រូបភាព​វិនិយោគ ដែល​គោលដៅ​លើ​ប្រទេស​ប៉ាគីស្ថាន បង់ក្លាដេស និង​ប្រទេស​វៀតណាម ផង​ដែរ។

កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៦ អគ្គនាយក​អន្តោប្រវេសន៍ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៦ កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ដែល​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) ជាង ១​ពាន់​នាក់ (១០៨៤​នាក់) ចេញពី​ប្រទេស​របស់​ខ្លួន ដែល​មាន​ជិត ៣០​សញ្ជាតិ (២៧​សញ្ជាតិ)។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ បាន​ផ្សព្វផ្សាយ​អំពី​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​ថា ប្រទេស​កម្ពុជា​ប្ដេជ្ញា​បោសសម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ នេះ។

យ៉ាងណាមិញ អង្គការ​អន្តរជាតិ Amnesty International ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មេសា សប្តាហ៍​មុន ដែល​គេ​ស្រាវជ្រាវ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តល់​អាជ្ញាបណ្ណ​ដល់​បនល្បែង​កាស៊ីណូ​ដែល​មាន​ឈ្មោះ​ជាប់​ទាក់ទិន​នឹង​មុខរបរ​ឧក្រិដ្ឋ​ឆបោក ឬ​ហៅថា online scam ដែល​ខ្លួន​ប្ដេជ្ញា​ថា​នឹង​បោសសម្អាត​ឲ្យ​អស់​នោះ​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២៥ ដល់​ខែ​មករា ឆ្នាំ​២០២៦។

Amnesty International បាន​រក​ឃើញ​ថា គណៈកម្មការ​ចាត់ចែង​បនល្បែង​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួលស្គាល់​បនល្បែង ១២​ទីតាំង​ដែល​មាន​អ្នក​គ្រប់គ្រង​ជា​ម្ចាស់​អគារ និង​ជា​ម្ចាស់​បនល្បែង​ជាមួយ​គ្នា​ដែល​មាន​ឈ្មោះ​ជា​ឧក្រិដ្ឋជន។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​ទំនង​ជា​មិន​លុបបំបាត់​បទល្មើស​អនឡាញ​បាន​ទេ ព្រោះ​រដ្ឋាភិបាល ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច មិន​អាច​អនុវត្ត​ច្បាប់​លើ​សែស្រឡាយ បក្ខពួក អ្នក​មាន​អំណាច​កំពូលៗ​ផង​នោះ ដូចជា ឧកញ៉ា ហ៊ុន តូ ក្មួយបង្កើត​លោក ហ៊ុន សែន ជាដើម ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​ល្មើស​អនឡាញ​រហូត​មក​នោះ។

ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​រូបិយប័ណ្ណ​គ្រីបតូ Chainalysis កាលពី​ចុង​ឆ្នាំ​២០២៤ បាន​ចង្អុល​មុខ​ក្រុមហ៊ុន Huione របស់​លោក ហ៊ុន តូ ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​រូបិយប័ណ្ណ​គ្រីបតូ ព្រមទាំង​ជាប់​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​ខ្មៅ​ងងឹត​ក្នុង​តម្លៃ​ទឹកប្រាក់​រហូត​ដល់​ជាង ៤៩​ពាន់​លាន​ដុល្លារ​អាមេរិក តាំងពី​ឆ្នាំ​២០២១ ផង​ដែរ។

កាលពី​ដើម​ខែ​នេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជា​ឲ្យ​រឹបអូស​យក​ទ្រព្យសម្បត្តិ​មេខ្លោង​ឆបោក​ជនជាតិ​ចិន ទាំង​ពីរ​នាក់ លោក ចេន ហ្ស៊ី (Chen Zhi) និង​លោក លី ស្យ៊ុង (Li Xiong) មាន​ធនាគារ ព្រីនស៍ (Prince), Panda និង ហួយវ័ន (Huione) ដាក់​ចូល​រតនាគារ​ជាតិ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ។

យ៉ាងណាក៏ដោយ គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន បើក​ការ​ស៊ើបអង្កេត​លើ​សាច់ញាតិ​របស់​ខ្លួន​ម្នាក់​នេះ​ឡើយ បើ​ទោះបីជា​លោក ហ៊ុន តូ ត្រូវ​សារព័ត៌មាន​អន្តរជាតិ​ផ្សាយ និង​បង្ហាញ​ភស្តុតាង​ជា​បន្តបន្ទាប់​ក៏ដោយ។

សារព័ត៌មាន The Cambodia Daily នឹង​ព្យាយាម​ចងក្រង​អត្ថបទ​ផ្សាយ​អំពី​បណ្ដាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដូច​សម្បុក​ពីងពាង​នៅ​ស្រុក​ខ្មែរ ដែល​រហូត​ដល់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហៅ​ស្រុកកំណើត​របស់​ខ្លួន​ថា​ជា​ស្រុក​ចោរ ជូន​ជ្រាប​នៅ​ពេល​ក្រោយ ថា​តើ​មាន​អ្នក​ណា ស្ថាប័ន​ណា​ជាប់​ទាក់ទិន ហើយ​និយាយ​ថា​មិន​ដឹង​នោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version