The Cambodia Daily Khmer

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ និង​កូរ៉េខាងត្បូង ធ្វើ​សហប្រតិបត្តិការ​កម្ចាត់​បទល្មើស​ឆបោក​តាម​អនឡាញ

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត (រូប​ស្ដាំ) ជួប​ជាមួយ​អគ្គស្នងការ​ស្តីទី​នៃ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ លោក Yoo Jae Seong ក្នុង​ទីក្រុង​សេអ៊ូល នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៦។

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត (រូប​ស្ដាំ) ជួប​ជាមួយ​អគ្គស្នងការ​ស្តីទី​នៃ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ លោក Yoo Jae Seong ក្នុង​ទីក្រុង​សេអ៊ូល នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៦។

ស្នងការ​នគរបាល​ជាតិ​ប្រទេស​កម្ពុជា កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េខាងត្បូង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

នគរបាល​ជាតិ​កម្ពុជា-កូរ៉េ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា ស្នងការ​នគរបាល​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​ឆបោក​នានា​តាម​គ្រប់​រូបភាព​ផង​ដែរ។ កិច្ចសហប្រតិបត្តិការ​នេះ ក៏​ប្រឆាំង​ទៅ​នឹង​បទល្មើស​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែរ ដូចជា អំពើ​ឃាតកម្ម ការ​ចាប់​ពង្រត់ ចាប់​ជំរិត ការ​បង្ខាំង​ដោយ​ខុស​ច្បាប់ ការ​បាត់​ខ្លួន ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុស​ច្បាប់​ថែមទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ អះអាង​ថា កងកម្លាំង​នគរបាល​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ព្រោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួម​ទាំង​ក្រុម​ធ្វើ​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពិភពលោក។

ប្រភព​ដដែល បញ្ជាក់​ថា រយៈពេល ៤​ខែ ចាប់ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ ដល់​ខែ​មេសា ឆ្នាំ​២០២៦ នគរបាល​កម្ពុជា និង​កូរ៉េ បាន​សហការ​គ្នា​ចាប់​ខ្លួន​ជនសង្ស័យ​ជាង ១០០​នាក់ (១៦៦​នាក់) និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​កូរ៉េ បាន ៥​នាក់ ដែល​នេះ​គឺជា​ការ​បង្ហាញ​នូវ​ចំណុច​របត់​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ។

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៦ នេះ បាន​ជួប​ជាមួយ​អគ្គស្នងការ​ស្តីទី​នៃ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ លោក Yoo Jae Seong ក្នុង​ទីក្រុង​សេអ៊ូល នៃ​សាធារណរដ្ឋ​កូរ៉េ។ ភាគី​ទាំង​ពីរ បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ និង​សាមគ្គីភាព​របស់​កងកម្លាំង​នគរបាល​នៃ​ប្រទេស​ទាំង​ពីរ​នេះ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​កសាង​សន្តិសុខ​សាធារណៈ​ក្នុង​តំបន់ ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​ពាក់ព័ន្ធ​ផ្សេង​ទៀត។

យ៉ាងណាមិញ យោង​តាម​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី​អង្គការ Humanity Research Consultancy គេ​បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​មនុស្ស​យ៉ាងតិច ២៨​នាក់ ដែល​ជា​មេខ្លោង​នៃ​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឧកញ៉ា និង​មនុស្ស​ជំនិត​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រួម​ទាំង​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ។

ចំណែកឯ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ដែល​ត្រូវ​ជា​ក្មួយប្រុស​បង្កើត​លោក ស ថេត ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​មេខ្លោង​នៃ​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ថែមទៀត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​សព្វថ្ងៃ​នេះ ធ្លាប់​បាន​ទម្លាយ​កាលពី​ដើម​ឆ្នាំ​២០២៥ ថា លោក ស សុខា និង​លោក ស ថេត តែងតែ​ទទួល​លុយ​សំណូក​ពី​ឧក្រិដ្ឋជន​ជា​ថ្នូរ​នឹង​ការ​មិន​ឆែកឆេរ​ផ្ទះ និង​កន្លែង​ប្រព្រឹត្ត​បទល្មើស​អនឡាញ ទីតាំង​ចាប់​ជំរិត​មនុស្ស រួម​ទាំង​ទីតាំង​បង្ខាំង​មនុស្ស​រហូត​មក។ រីឯ​ទីតាំង​រកស៊ី​ផ្ទេរ​ប្រាក់​ខ្មៅ​កខ្វក់ មាន​ឈ្មោះ​ជំពាក់ជំពិន​នឹង​លោក ហ៊ុន តូ ដែរ។

លោក​បញ្ជាក់​ថា ការ​ទទួល​សំណូក​ពី​ការ​បង់​ថ្លៃ​ការពារ​ទីតាំង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នានា ដូចជា ទីតាំង​ផលិត និង​ចែកចាយ​គ្រឿងញៀន ទីតាំង​បនល្បែង និង​ទីតាំង​រកស៊ី​ផ្លូវភេទ​ខុស​ច្បាប់ រួម​ទាំង​ការពារ​ក្រុម​ចោរកម្ម និង​ក្រុម​ប្លន់​ប្រដាប់​អាវុធ ជាដើម។ កាលពី​ជំនាន់​មុន ល្បី​ថា​លោក ហុក ឡង់ឌី ក៏​មាន​ជាប់​ពាក់ព័ន្ធ​ដូច​គ្នា​នេះ​ដែរ។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​អំពើ​ឆបោក ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា កំពុង​បំប្លែង​បន្លំ​ខ្លួន​ទៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​រោងចក្រ បុរី ផ្ទះ​ជួល សណ្ឋាគារ និង​អគារ​កំពុង​សង់ ជាដើម បន្ទាប់ពី​មាន​ការ​បង្ក្រាប​តាម​អគារ​ធំៗ ខ្ពស់ៗ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែកឯ​ក្រុម​ឧក្រិដ្ឋជន ក៏បាន​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​រស់នៅ​សម្ងំ​តាម​បុរី និង​ផ្ទះ​ជួល​សិន ក្រោម​កិច្ចសហការ​រវាង​ម្ចាស់​បុរី និង​អាជ្ញាធរ​ផង​ដែរ ប៉ុន្តែ​រាល់​ពេល​មាន​ការ​បង្ក្រាប សមត្ថកិច្ច​តែង​ផ្តល់​ដំណឹង​ដល់​ម្ចាស់​បុរី ដើម្បី​ជម្លៀស​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ទៅ​ទីតាំង​ផ្សេង ដើម្បី​សុវត្ថិភាព៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version