The Cambodia Daily Khmer

ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ

រាជាណាចក្រ កម្ពុជា រំពឹងថា វិនិយោគិនបរទេស ពីស.រ.អា និង សាធារណរដ្ឋកូរ៉េ ឬ កូរ៉េខាងត្បូង នឹងនាំទុនមកប្រទេសកម្ពុជាបើកក្រុមហ៊ុនអាជីវកម្មជាច្រើនរយ ឬ ពាន់លានដុល្លារនាពេលឆាប់ៗនេះ ខណៈសេដ្ឋ កិច្ចកំពុងប្រឈមនឹងឱនភាពដោយសារហេតុផលមួយចំនួន ដូចជាចំនួនទេសចរបរទេសធ្លាក់ចុះ សង្រ្គាម នៅមជ្ឈិមបូព៌ាដែលបង្កឲ្យប្រេងឥន្ធនៈឡើងថ្លៃ ហើយនិងបញ្ហាវញ្ចកម្ម ឬរបរបោកបញ្ឆោត បោកប្រាស់តាមបច្ចេកវិទ្យា ហៅថា online scams ព្រមទាំង ជម្លោះព្រំដែនជាមួយប្រទេសថៃឡង់ដ៍។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែកក្កដានេះថា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតជាកូន និង អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាឪពុក ជាប្រធានព្រឹទ្ធសភា និង ប្រធានបក្សកាន់អំណាច បានជួបជាមួយគណៈប្រតិភូពាណិជ្ជករអាមេរិកាំង និង តំណាងសភាពាណិជ្ជកម្មកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពី

ឱកាសដាក់ទុននៅស្រុកខ្មែរ។ សារព័ត៌មាន Asia News Network ផ្សាយថា លោក ហ៊ុន ម៉ាណែត បានជួបជា មួយភាគីកូរ៉េពិភាក្សាគ្នាអំពីការបង្កើនបណ្តាក់ទុនពីប្រទេសកូរ៉េខាងត្បូង ដោយផ្អែកលើកំណើនពាណិជ្ជកម្មជាមួយគ្នានាពេលកន្លងមក ដែលមានចំនួនប្រមាណ៦០០លានដុល្លារ ដែលកើនជិត៣៧% ក្នុងឆ្នាំ ២០២៥។ ប្រទេសកូរ៉េខាងត្បូងនាំទំនិញចូលប្រទេសកម្ពុជាមានទឹកប្រាក់ជិត ៤០០លានដុល្លារ រីឯប្រទេសកម្ពុជា នាំទំនិញទៅប្រទេសកូរ៉េខាងត្បូងមានទឹកប្រាក់ជាង២០០លានដុល្លារ។ សារព័ត៌មាន Japan Times ឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដាថា ប្រទេសជប៉ុន ក្នុងពេលជាមួយគ្នានេះ ក៏បានផ្តល់ជំនួយ៣លានដុល្លារឧបត្ថម្ភដល់កងនាវាចរណ៍ដើម្បីយាមល្បាតដែនសមុទ្រ និង សមត្ថភាពបណ្តាញទាក់ទងទូរគមនាគមន៍នៃកងទ័ពជើងគោក។

ដំណាលគ្នានេះដែរ ចលនាមាតាធម្មជាតិ បានរាយការណ៍ថា សកម្មភាពបូមកាយកើបខ្សាច់លក់បានផ្តើមទៀតហើយ ដើម្បីដឹកទៅប្រទេសសិង្ហបុរី។ ក្រុមអង្គការសង្គមស៊ីវីលជិត៥០ ក្នុងឆ្នាំ២០១៦ បានសរសេរលិខិតសួរនាយក្រសួងពីរនាក់ គឺលោក ស៊ុយ សែម និង លោក ឌិត ទីណា អំពីការបាត់ចំណូលរាប់រយលានដុល្លារពីការបូមខ្សាច់លក់ និង បរិមាណខ្សាច់ ដែលបូមចេញពីដីខ្មែរ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥។ មកទល់ពេលនេះ គ្មានចម្លើយបំភ្លឺអ្វីឡើយពីមន្រ្តីនាយក្រសួង រ៉ែនិងថាមពល ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ និង ក្រសួង ពាណិជ្ជកម្ម៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version