មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយរូបបានលើកឡើងថា កាលពីម្សិលមិញសាលាដំបូងរាជធានីបានសាកសួរអតីតព្រះសង្ឃដែលត្រូវបានចាប់ផ្សឹកបីនាក់ ជុំវិញការចោទប្រកាន់ពីបទ “ចូលរួមសមាគមទុច្ចរិត”។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ចៅក្រមស៊ើបសួរ នូ វាសនា បានសាកសួរអន្ទិត សឿង ហៃ អាយុ២៨ឆ្នាំ អន្ទិត ឃិត វណ្ណៈ អាយុ២៦ឆ្នាំ និងអន្ទិត សាង កុសល អាយុ១៩ឆ្នាំ ជុំវិញការចោទប្រកាន់ពីបទចូលរួមសមាគមទុច្ចរិត បន្ទាប់ពីអន្ទិត ឃិត វណ្ណៈ និងអន្ទិត សាង កុសល បានយួរបាវដងទង់ជាតិទៅកាន់កន្លែងតវ៉ាដីធ្លីមួយកាលពីថ្ងៃទី១២ ខែវិច្ឆិកា។
ទោះបីជាអន្ទិត សឿង ហៃ ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធការតវ៉ាមួយផ្សេងទៀត ហើយបានជាប់ពន្ធនាគារកាលពីថ្ងៃទី១២ ខែវិច្ឆិកាក្ដី ក៏ក្រោយមកគាត់ត្រូវបានចោទប្រកាន់ពីបទផ្ដល់ដងទង់ជាតិទៅឲ្យអន្ទិតពីរនាក់ទៀត។
ចៅក្រម នូ វាសនា មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញសវនាការកាលពីម្សិលមិញ ប៉ុន្តែលោក អំ សំអាត ដែលបានតាមដានសំណុំរឿងនេះរហូតមក បានមានប្រសាសន៍ថា បទចោទប្រកាន់ទាំងនេះមិនយុត្តិធម៌ទេ។
លោកបានមានប្រសាសន៍ថា “វាជាការសងសឹក [ការចោទប្រកាន់] ជាពិសេស ចំពោះ [អន្ទិត សឿង ហៃ] ពីព្រោះគាត់ជាមនុស្សសកម្មនៅក្នុងការតវ៉ារឿងកម្ពុជាក្រោម និងជាអ្នកដែលបានដុតទង់ជាតិវៀតណាមនៅខាងមុខស្ថានទូតវៀតណាម។ នោះជាមូលហេតុដែលគេចោទប្រកាន់គាត់”។
នៅពេលអន្ទិត សឿង ហៃ ព្យាយាមនិយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីតុលាការសាកសួររួច នគរបាលបានក្រៀកកគាត់ជាប់ ហើយអូសចេញទៅខាងក្រៅសាលសវនាការ។ មុនពេលត្រូវគេអូសចេញទៅក្រៅ គាត់បានស្រែកថា “ខ្ញុំនៅតែមិនទទួលយកការចោទប្រកាន់នេះ។ យើងត្រូវតែតស៊ូ។ យុត្តិធម៌ និងសន្តិភាពត្រូវតែឈ្នះ”៕ សុខុម