លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានផ្តោតលើការប្រគល់រង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក ជារង្វាន់ធំថ្មីដែលគ្រូបង្រៀនកម្ពុជាម្នាក់បានជាប់ក្នុងបញ្ជីជម្រើសចុងក្រោយនាពេលថ្មីៗ ដោយបានមានប្រសាសន៍ថា ការប្រកួតប្រជែងនោះប្រហែលត្រូវបានកំណត់យកអ្នកឈ្នះជាជនជាតិអាមេរិកទៅហើយ។
ថ្លែងនៅក្នុងឱកាសបិទសន្និបាតអប់រំ យុវជន និងកីឡា កាលពីថ្ងៃព្រហស្បតិ៍ នៅក្រុងភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានតាមមើលការប្រកួតប្រជែងនេះពីក្រុងតូក្យូនៅដើមខែនេះ ហើយថាលោកបានបោះឆ្នោតតាមអីុនធឺណិតគាំទ្រអ្នកគ្រូ នាង ផល្លា ជាអ្នកប្រកួតផ្តាច់ព្រ័ត្រកម្ពុជា។ អ្នកគ្រូ ផល្លា បង្រៀននៅអង្គការ គ្រួសារថ្មី ជាសាលាអង្គការក្រៅរដ្ឋាភិបាលសម្រាប់កុមារពិការភ្នែកនិងគថ្លង់ និងបានជួយបង្កើតអក្សរសម្រាប់មនុស្សពិការភ្នែក។
នៅពិធីមួយក្នុងក្រុងឌូបៃ នាថ្ងៃទី១៥ខែមីនា ដែលមានអតីតប្រធានាធិបតីអាមេរិកប៊ីល គ្លិនតុន បានចូលរួមនោះ គ្រូបង្រៀនជាជនជាតិអាមេរិក ណានស៊ី អាតវែល ទទួលបានរង្វាន់ធំមួយលានដុល្លារទៅប្រទេសវិញ។ លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា វត្តមានរបស់លោក គ្លីនតុន អាចសន្និដ្ឋានបានថា ការប្រកួតប្រជែងនេះមិនយុត្តិធម៌ទេ។
លោកបានមានប្រសាសន៍ថា “មានន័យថា ត្រៀមមនុស្សជាប់រួចទៅហើយ។ យើងគ្រាន់តែទៅជាការចូលរួមបង្គ្រប់កិច្ចប៉ុណ្ណោះ។ មូលហេតុងាយយល់ទេ ពីព្រោះ គេអញ្ជើញ គ្លីនតុន រួចទៅហើយ។ មានន័យថា គ្រូអាមេរិកវាត្រូវជាប់”។
លោកបានបន្ថែមថា “ប៉ុន្តែ បានជាប់ចំណោម១០នាក់បានហើយ”។ លោកបានប្រាប់ អ្នកគ្រូ ផល្លា ដែលកំពុងស្តាប់សុន្ទរកថារបស់លោកថា ” កុំថាឡើយក្នុងចំណោម១០ ក្នុងចំណោម៥០នាក់ក៏ខ្ញុំសប្បាយដែរ”។ លោកនាយករដ្ឋមន្ត្រីបន្ទាប់មកបានប្រគល់រង្វាន់ដល់អ្នកគ្រូ ផល្លា ២៥.០០០ដុល្លារ និងមេដាយកិត្តិយសសម្រាប់ស្នាដៃរបស់អ្នកគ្រូ។
នៅថ្ងៃព្រហស្បតិ៍នោះដែរ លោក ហ៊ុន សែន បានប្រកាសថា និស្សិតទាំងអស់ដែលបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុប អាចចូលប្រឡងមុខវិជ្ជាពេទ្យបាន ដែលកន្លងមកអ្នកទទួលបាននិទ្ទេស A B ឬ C ទើបមានសិទ្ធិដាក់ពាក្យប្រឡង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា សិស្សប្រឡងជាប់ឆ្នាំមុន ដែលមានលក្ខខណ្ឌប្រឡងតឹងបំផុត ឥឡូវអាចប្រឡងធ្វើជានិស្សិតពេទ្យបាន ឲ្យតែពួកគេប្រឡងជាប់ទោះជានិទ្ទេស E ក៏ដោយ។ ការប្រឡងលើកទី២ត្រូវបានធ្វើឡើងកាលពីឆ្នាំមុន បន្ទាប់ពីមានសិស្សតែ២៥ភាគរយក្នុងចំណោមសិស្សប្រហែល៩០.០០០នាក់ បានប្រឡងជាប់ ពោលគឺធ្លាក់ចុះពី៨៦ភាគរយក្នុងឆ្នាំ២០១៣។
លោក ហ៊ុន សែន បានមានប្រសាសន៍អំពីនិស្សិតដែលទទូលបាននិទ្ទេស D ឬ E ថា “ពួកគេចេះ ប៉ុន្តែពួកគេ ចៃដន្យ ភ្លេចនៅពេលប្រឡង ដូច្នេះលទ្ធផលបាននិទ្ទេស D ដែលពួកគេមិនអាចចូលប្រឡងរៀនពេទ្យបាន”។
ទោះជាបន្ទាបលក្ខខណ្ឌសម្រាប់ឲ្យនិស្សិតអាចចូលប្រឡងនៅសាលាពេទ្យក៏ដោយ ក៏លោក ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រឡងនេះគួរតែតឹងរ៉ឹងឡើង ដោយលោកបានលើកឡើងអំពីព្រឹត្តិការណ៍ថ្មីៗនៅឃុំរកាខេត្តបាត់ដំបង ដែលមានមនុស្សជាង២០០នាក់បានឆ្លងវីរុសហ៊ីវ ដោយសារគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ ដែលបានប្រើម្ជុលដដែលៗ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “បញ្ហាពេទ្យនេះត្រូវតែប្រយ័ត្ន។ ប្រជាជននៅក្នុងភូមិមួយបានឆ្លងអេដស៍ ដោយសារគ្រូពេទ្យម្នាក់មិនប្រយ័ត្ន។ វាធ្ងន់ធ្ងរណាស់នៅភូមិរកានេះ”។ និត