នគរបាលបាននិយាយថា ប្តីប្រពន្ធជនជាតិវៀតណាមដែលជាប់ចោទទាក់ទិននឹងការជួញដូរមេតាំហ្វេតាមីននៅកាស៊ីណូក្រុងបាវិត ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ តែមួយថ្ងៃបន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធរតាមចាប់ពួកមេខ្លោងជាជាងកូនចៅតូចតាចរបស់ពួកមេខ្លោងទាំងនោះ។
លោក កៅ ហ៊ន អធិការនគរបាលក្រុងបាវិតបានមានប្រសាសន៍ថា ឈ្មោះ យីវ បាវហុង និងប្រពន្ធរបស់គាត់ឈ្មោះ លូ ធីហា ទាំងពីរនាក់អាយុ៣៤ឆ្នាំដូចគ្នា ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៩យប់ថ្ងៃពុធ បន្ទាប់ពីមន្ត្រីសម្ងាត់បានទទួលព័ត៌មាននោះ។ លោកបានមានប្រសាសន៍ថា ប្តីប្រពន្ធនេះបានសារភាពទទួលទោសរបស់ខ្លួន។ លោក កៅ ហ៊ន បាននិយាយថា “ក្នុងពេលសាកសួរជាមួយ[អ្នកបកប្រែ] ភាសាវៀតណាម ដែលអាចនិយាយភាសាខ្មែរ ពួកគេបាននិយាយថា ពួកគេមានគម្រោងនឹងលក់ថ្នាំញៀនទាំងនោះនៅកាស៊ីណូ”។
លោកបានបន្ថែមថា “ពិបាកនឹងបានចម្លើយពីពួកគេណាស់ ពីព្រោះការបកប្រែមិនសូវច្បាស់ ហើយពួកគេមិនចង់ឆ្លើយសំណួររបស់យើងទេ”។
លោក កាន កេន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានមានប្រសាសន៍ថា ប្តីប្រពន្ធនេះត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកាលពីល្ងាចថ្ងៃសុក្រ ដើម្បីរង់ចាំការកាត់ក្តី បន្ទាប់ពីរកឃើញថាពួកគេមានថ្នាំញៀន៣,៣ក្រាម។
ក្នុងសុន្ទរកថាបិទសន្និបាតប្រចាំឆ្នាំនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកាលពីថ្ងៃព្រហស្បតិ៍ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការចាប់តែអ្នកជួញដូរតូចតាចបែបនេះជា “បញ្ហាមួយ” ៕ មានិត