កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសបានផ្ញើកំណត់ទូតទៅក្រសួងការបរទេសឥណ្ឌា ដោយសំដែងពីការព្រួយបារម្ភរបស់ខ្លួនចំពោះគម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាប័ទ្មដូចប្រាសាទអង្គរវត្ត និងបានអំពាវនាវឲ្យមានការបញ្ឈប់គម្រោងសាងសង់នេះ។
គម្រោងសាងសង់ប្រាសាទនេះដែលគ្រោងសាងសង់នៅក្នុងខេត្តប៊ីហា (Bihar)ប្រទេសឥណ្ឌាមានដំណើរការតាំងពីឆ្នាំ២០១២មកម្លេ៉ះ នៅពេលក្រុមហ៊ុនឯកជនមួយឈ្មោះថា Mahavir Mandir Trust បានប្រកាសពីគម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាប័ទ្មប្រាសាទអង្គរវត្តដោយធ្វើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។
ដើម្បីដោះស្រាយចំពោះការព្រួយបារម្ភរបស់ប្រទេសកម្ពុជាអំឡុងពេលនោះ រដ្ឋាភិបាលឥណ្ឌាបានបង្ខំក្រុមស្ថាបត្យករឲ្យកែប្រែរចនាបទរបស់ពួកគេចេញ ប៉ុន្តែ លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាបានលើកឡើងអំឡុងពេលចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ប្រាសាទកាលពីសប្តាហ៍មុនថា ប្លង់ថ្មីនៅតែដូចប្រាសាទអង្គរវត្តដែលលោកបានមានប្រសាសន៍ថា “មិនអាចទទួលយកបាន”។
យោងតាមគេហទំព័រព័ត៌មាន India Today បានឲ្យដឹងថា លោក ហ៊ុន ហាន បានថ្លែងប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាបញ្ហាដ៏រសើុបសម្រាប់កម្ពុជា ហើយរដ្ឋាភិបាលរបស់យើងយកចិត្តទុកដាក់ណាស់ចំពោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការចម្លងរចនាប័ទ្មអង្គរវត្ត”។ លោកបានមានប្រសាសន៍បន្ថែមថា “យើងនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយក្រសួងការបរទេសឥណ្ឌា”។
នៅក្នុងកំណត់ទូតដែលផ្ញើកាលពីម្សិលមិញ ប្រទេសកម្ពុជាបានលើកឡើងថា ការចម្លងតាមរចនាបថអង្គរវត្តគឺវា “រំលោភបំពាន” ដល់រចនាប័ទ្មអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកចុះបញ្ជីទទួលស្គាល់ និងការពារដោយអង្គការយូណេស្កូ។
កំណត់ទូតនេះមានខ្លឹមសារដូច្នេះថា “រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចម្លងតាមរចនាបទប្រាសាទអង្គរវត្តសម្រាប់ប្រយោជន៍ពាណិជ្ជកម្ម គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានតម្លៃជាសាកល និងមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ”។
កំណត់ទូតនេះមានខ្លឹមសារបន្តថា ”ទាក់ទិននឹងបញ្ហាេនះ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា សូមស្នើឲ្យក្រសួងការបរទេសឥណ្ឌាពិចារណាជាបន្ទាន់ និងឲ្យបានហ្មត់ចត់ចំពោះគម្រោងសាងសង់ដែលចម្លងតាមរចនាប័ទ្មប្រាសាទអង្គរវត្ត ដើម្បីរក្សាទំនាក់ទំនងជាយូរមកហើយរវាងប្រជាជាតិ និងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង”។
លោក ឌីណេស ប៉ាតណាអីុក (Dinesh Patnaik) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា ក្រុមហ៊ុន Mahavir Mandir Trust ទំនងជាព្យាយាមធ្វើឲ្យកើតមានភាពចម្រូងចម្រាសនេះដើម្បីទាក់ទាញម្ចាស់ជំនួយដែលមានសក្ដានុពលចំពោះគម្រោងរបស់ខ្លួនដែលគ្រោងនឹងចំណាយប្រាក់ចំនួន២០លានដុល្លារ និងចំណាយពេល១០ឆ្នាំដើម្បីសាងសង់។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនឆ្លាតណាស់។ ពួកគេមានចេតនាធ្វើដូច្នេះព្រោះវាជួយក្នុងការរៃអង្គាសមូលនិធិ”។ លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំបាននិងកំពុងធ្វើយ៉ាងណាកុំឲ្យវាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន”។
លោក ប៉ាតណាអីុក បានលើកឡើងបន្ថែមទៀតថា ក្រុមហ៊ុន Mahavir Mandir Trust បានប្រាប់រដ្ឋាភិបាលឥណ្ឌាថា ខ្លួនមិនមែនព្យាយាមចម្លងតាមរចនាបថប្រាសាទអង្គរវត្តឡើយ គឺគ្រាន់តែធ្វើតាមគំនិតដែលផុសឡើង បន្ទាប់ពីបានឃើញប្រាសាទអង្គរវត្តប៉ុណ្ណោះ។ លោកបានលើកឡើងបន្តថា រដ្ឋាភិបាលឥណ្ឌានឹងមិនអនុញ្ញាតឲ្យការសាងសង់ដែលចម្លងតាមរចនាបថអង្គរវត្តសុទ្ធសាធមានដំណើរការទៅមុខឡើយ។
លោកបានមានប្រសាសន៍ថា “យើងមានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយកម្ពុជា ហើយយើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីដែលបង្កើតបញ្ហានោះឡើយ”។
ទោះជាយ៉ាងណា លោក ប៉ាតណាអីុក បានគូសបញ្ជាក់ថា ក្រុមហ៊ុន Mahavir Mandir Trust នៅមិនទាន់សូម្បីតែទទួលបានដីសម្រាប់គម្រោងសាងសង់ប្រាសាទនេះនៅឡើយទេ។ អ្វីៗទាំងអស់នេះគឺគ្រាន់តែនៅលើក្រដាសប៉ុណ្ណោះ។
លោកថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា កំណត់ទូតនេះ គឺចាំបាច់ណាស់ព្រោះក្រុមហ៊ុនMahavir Mandir Trust បានធ្វើមិនត្រឹមត្រូវឡើយ។
លោកបានមានប្រសាសន៍ថា ”ប្រសិនបើពួកគេចង់ចម្លងតាមសម្បត្តិវប្បធម៌ដ៏អស្ចារ្យគួរឲ្យស្ញប់ស្ញែងរបស់ប្រាសាទអង្គរវត្ត ពួកគេគួរតែបានយ៉ាងហោចណាស់សុំការអនុញ្ញាត ឬក៏ទាក់ទងឲ្យបានច្បាស់លាស់ជាមុន ទើបសម”។
តែទោះជាយ៉ាងណា លោកបានបន្ថែមថា ប្រសិនបើទីបំផុតប្រាសាទដែលចម្លងតាមរចនាបថអង្គរវត្តត្រូវបានសាងសង់រួចរាល់នោះ វាអាចជាប្រយោជន៍របស់ប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា “វានឹងធ្វើឲ្យគេចង់មកមើលប្រាសាទពិតប្រាកដកាន់តែច្រើនថែមទៀត”៕ស៊ុយឈាង