យោងតាមរបាយការណ៍ដែលគ្រោងចេញផ្សាយដោយវិទ្យាស្ថានបើកទូលាយ ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកបច្ចេកវិទ្យា ក្នុងស្រុកបានឲ្យដឹងថា ប្រជាជនកម្ពុជាកាន់តែកើនឡើងកំពុងងាកទៅប្រើប្រព័ន្ធអុីន ធឺណិត និងហ្វេសប៊ុកសម្រាប់ការទទួលបានព័ត៌មាន។
ការសិក្សាស្រាវជ្រាវប្រចាំឆ្នាំលើប្រធានបទ “ទូរស័ព្ទចល័ត និងអីុនធឺណិតក្នុងប្រទេសកម្ពុជាឆ្នាំ២០១៥” ដែលផ្តល់មូលនិធិដោយកម្មវិធី Development Innovations របស់អង្គការ USAID និងមូលនិធិអាស៊ី លើកឡើងថា ខណៈ ដែលប្រជាជនកម្ពុជាភាគច្រើននៅតែមើលទូរទស្សន៍សម្រាប់បច្ចុប្បន្នភាពនៃហេតុ ការណ៍ ថ្មីៗប្រព័ន្ធអីុនធឺណិត និងហ្វេសប៊ុក ផ្តល់ព័ត៌មានឆាប់រហ័សជាង។នៅក្នុងការស្ទង់មតិទូទាំងប្រទេសពីសំណាក់អ្នកចូលរួម២.០៦៤នាក់ដែលមានអាយុពី១៥ទៅ៦៥ឆ្នាំ ២៤,៩ ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍ទាំងនោះបានប្រាប់ក្រុមអ្នកស្រាវជ្រាវថា ហ្វេសប៊ុក/អីុនធឺណិតគឺជាប្រភពព័ត៌មានដ៏”សំខាន់បំផុត” ចំណែក ៣១,៨ ភាគរយលើកឡើងថា ពួកគាត់ពឹងផ្អែកជាសំខាន់លើទូរទស្សន៍។មានអ្នកផ្តល់បទសម្ភាសន៍តែ១៧,៨ភាគរយប៉ុណ្ណោះលើកឡើងថា ពួកគាត់ស្តាប់តាមវិទ្យុ។
លោក ហ្សាវីយេ សូឡា (Javier Sola) ប្រធានកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ និងជាអ្នកសរសេររបាយការណ៍ម្នាក់បាននិយាយ ថា “វាជាការផ្លាស់ប្តូរដ៏ធំ…ពីរបៀបដែលមនុស្សទំនាក់ទំនងគ្នា និងពីរបៀបដែលពួកគាត់ទទួលបានព័ត៌មាន”។
លោក សូឡា បាននិយាយថា “ ប្រព័ន្ធអីុនធឺណិត “នៅពេលឆាប់ៗនេះ ឬប្រហែលជាឆ្នាំក្រោយ នឹងសំខាន់ដូចទូរទស្សន៍ដែរ”។
របាយការណ៍នៅឆ្នាំនេះបានកត់សម្គាល់ថា ភាគច្រើននៃអ្នកផ្តល់បទសម្ភាសន៍ ៣៤,៤ ភាគរយដែលបានរាយការណ៍ថា បានប្រើប្រាស់ហ្វេសប៊ុកនោះ លើកឡើងថា ពួកគាត់ក៏បានប្រើប្រាស់បណ្តាញសង្គម “ដើម្បីទំនាក់ទំនងជាមួយមិត្តភក្តិដែរ (៣៩,២ភាគរយ)”។
សំណួរបន្តក៏បានសួរថា តើហេតុអ្វីបានជាហ្វេសប៊ុកមានតម្លៃសម្រាប់ពួកគាត់នោះ ៣១,៣ភាគរយឆ្លើតតបថា វាគឺដោយសារពួកគាត់ប្រើប្រាស់ “ដើម្បីទទួលបានព័ត៌មានទាក់ទងហេតុការណ៍កើតឡើងក្នុងប្រទេសកម្ពុជា” ចំណែក២៩,៥ភាគរយបានលើកឡើងពីទំនាក់ទំនងជាមួយអ្នកស្គាល់គ្នា។
លោក ជេសេ អនដហ្ស (Jesse Orndorff) អ្នកគ្រប់គ្រងកម្មវិធីគំនិតថ្មីនៅ Development Innovations បាននិយាយថា ការងាកទៅប្រើប្រព័ន្ធអីុនធឺណិតបានឆ្លុះបញ្ចាំងពីវិធីរបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដើម្បីទាក់ទាញក្មេងៗឲ្យចាប់អារម្មណ៍លើព័ត៌មានផ្សេងៗតាមប្រព័ន្ធអីុនធឺណិត។
លោក អនដហ្ស បានលើកឡើងថា “ខ្ញុំគិតថា អ្វីដែលយើងកំពុងឃើញនេះគឺថា ការផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរកាន់តែច្រើនចុះផ្សាយតាមប្រព័ន្ធអីុនធឺណិត និងការប្រើប្រាស់បណ្តាញសង្គមជាផ្នែកមួយនៃអ្វីដែលពួកគេកំពុងធ្វើជាយុទ្ធសាស្ត្រដូចព័ត៌មានទាន់ហេតុការណ៍របស់ VOD ជាដើម”។
លោកបានថ្លែងថា “គេហទំព័រដូចនេះគឺពិតជាភ្ជាក់ទំនាក់ទំនងមនុស្សតាមបណ្តាញសង្គមមែន ហើយអាចផ្តល់ព័ត៌មានដែលអាច
ជាវិធីក្នុងការចែករំលែកព័ត៌មានផងដែរ”។
យោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា ៣៩,៥ភាគរយនៃប្រជាជននៅក្នុងប្រទេស ឥឡូវនេះមានទូរស័ព្ទស្មាតហ្វូនយ៉ាងតិចក៏មួយគ្រឿងដែរ ចំណែក២៨,៦ភាគរយប្រើប្រាស់ប្រព័ន្ធអីុនធឺណិតតាមរយៈទូរស័ព្ទ។
លោក រេម៉ុន លីអូស (Raymond Leos) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របាននិយាយថា ឥទ្ធិពលរបស់យុវជនដែលប្រើប្រាស់ហ្វេសប៊ុកដើម្បីទទួលបានព័ត៌មាននោះ គឺជារឿងជាក់ស្តែង។
លោកបានបន្តថា “ខ្ញុំបានស្នាក់នៅក្នុងប្រទេសកម្ពុជា១៥ឆ្នាំមកហើយ ហើយខ្ញុំបានឃើញនិងប្រាប់ប្រជាជនពីរឿងនេះថា យើងមានផ្លូវវែងឆ្ងាយទៀតត្រូវដើរ ប៉ុន្តែគំនិតរបស់យុវជនទាំងនេះ ការដឹងពីពិភពខាងក្រៅពួកគេគឺនៅវែងឆ្ងាយទៀត។ ហ្វេស ប៊ុកគឺជាវិធីដែលយុវជនប្រើដើម្បីទំនាក់
ទំនងទៅកាន់ពិភពលោក”។
ឌិន ដារ៉ាថី អ្នកប្រើប្រាស់ប្លក់ម្នាក់បាននិយាយថា ការប្រើប្រាស់ភាសាខ្មែរកើនឡើងតាមទូរស័ព្ទស្មាតហ្វូន និងកំុព្យូទ័រគឺជាការនាំប្រជាជនឲ្យងាកមកប្រើប្រព័ន្ធអីុនធឺណិតដែលពីមុនបានប្រឈមឧបសគ្គក្នុងការទទួលបានប្រភពព័ត៌មានតាមអីុនធឺណិតនោះ។របាយការណ៍ដដែលនេះលើកឡើងថា ៣០,៤ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍បានសរសេរភាសាខ្មែរតាមទូរស័ព្ទស្មាតហ្វូន គឺកើនឡើងជិត៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។
ដារ៉ាថី បាននិយាយទៀតថា “នៅពេលមនុស្សកាន់តែច្រើនឡើងៗចាប់ផ្តើមសរសេរ ភាសាខ្មែរ វាបានទាក់ទាញមនុស្សឲ្យចាប់ផ្តើមប្រើវីធីនេះ ពីព្រោះពួកគាត់អាចអានភាសាខ្មែរបាន”។
គាត់បានបន្ថែមថា ចំនួនយុវជនកាន់តែកើនឡើងបានងាកទៅប្រើហ្វេសប៊ុកដើម្បីទទួលបានព័ត៌មាន មិនពេញចិត្តនឹងការប្រើជម្រើសផ្សេងឡើយ។
ដារ៉ាថី បានលើកឡើងទៀតថា “ទូរទស្សន៍ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស្ទើរតែ១០០ភាគរយ ដែលព័ត៌មានមិនទាន់គ្រប់គ្រាន់ទេ។ មានប្រភពព័ត៌មានច្រើននៅក្នុងប្រទេស ដោយសារយុវជនប្រើប្រាស់ហ្វេសប៊ុកជាវិធីក្នុងការផ្សព្វផ្សាយ”។
គាត់និយាយបន្ថែមទៀតថា “វាប្រសើរជាងការទទួលបានព័ត៌មានតាមវិធីតែមួយ។ វាជាការចែករំលែកជាមួយមិត្តភក្តិ ឬសរសេរពីការបញ្ចេញយោបល់ (ខំមិន) និងចែករំលែកបន្តទៅប្រភពផ្សេងទៀត។ វាស្ទើរតែធ្វើឲ្យយុវជនមានអារម្មណ៍ដូចពួកគេចូលរួមក្នុងព័ត៌មានអ៊ីចឹង”៕ សារុន