តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់សហជីពដ៏ចម្រូងចម្រាសជាឯកតោភាគីកាលពីម្សិលមិញ ទោះបីជាមានការតវា៉ពីសំណាក់សហជីព ការព្រួយបារម្ភក្នុងចំណោមនិយោជក និងការព្រមានពីសំណាក់អង្គការពលកម្មអន្តរជាតិ (ILO)ថាច្បាប់នេះបំពានច្បាប់ក្នុងស្រុក និងអនុសញ្ញាស្ដីពីការងារដែលកម្ពុជា បានចុះហត្ថលេខាទទួលស្គាល់យ៉ាងណាក្ដី។
អំឡុងពេលតវ៉ាប្រឆាំងច្បាប់នេះនៅខាងក្រៅរដ្ឋសភាកាលពីពេលព្រឹក សន្តិសុខរបស់រដ្ឋាភិបាលបានដាល់មុខមន្ត្រីសហជីពម្នាក់ និងចាប់គ្រវែងប្រធានសហជីពម្នាក់ទៀតឲ្យដួលទៅនឹងដី ខណៈកំពុងស្រែកដាក់គ្នា។
នៅក្នុងការពិភាក្សាដេញដោលកាលពីរសៀលម្សិលមិញ តំណាងរាស្ត្រគណបក្សកាន់អំណាចបាននិយាយការពារច្បាប់នេះប្រឆាំងការតវ៉ារបស់គណបក្សសង្គ្រោះជាតិ ដែលតំណាងរាស្ត្ររបស់ខ្លួនបានដើរចេញពីរដ្ឋសភាម្នាក់ម្តងៗពេញមួយថ្ងៃនោះ ហើយទីបំផុតបានបោះឆ្នោតប្រឆាំងនៅម៉ោងជាង៦បន្តិច។
លោក ប៉ែន បញ្ញា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានគូសបញ្ជាក់ថា ច្បាប់ដែលកំណត់វិធានថ្មីៗសម្រាប់ការបង្កើត ដំណើរការ និងបិទសហជីពនេះ ត្រូវបានផ្ដួចផ្ដើមឡើងអស់រយៈពេល៧ឆ្នាំហើយ។
លោកបានថ្លែងថា ”សេចក្ដីព្រាងច្បាប់នេះទទួលបានមតិយោបល់ជាច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហជីព និយោជក និងអង្គការ ILO ហើយច្បាប់នេះឆ្លើយតបគ្រប់សំណើរបស់ភាគីពាក់ព័ន្ធទាំងអស់”។
ទោះជាយ៉ាងណា អ្នកដែលពាក់ព័ន្ធក្នុងដំណើរការធ្វើសេចក្ដីព្រាងច្បាប់នេះបានបន្តបញ្ចេញមតិប្រឆាំងច្បាប់នេះរហូតដល់ពេលអនុម័ត ដោយសហជីពនានាបាននាំគ្នាធ្វើការតវ៉ារហូតឈានដល់ការផ្ទុះអំពើហិង្សា។
នៅម៉ោងប្រហែល១០ព្រឹក សន្តិសុខខណ្ឌដូនពេញ បានចូលទៅបំបែកហ្វូងមន្ត្រីសហជីព និងសកម្មជនរាប់សិបនាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភាដើម្បីបង្ហាញពីការតវ៉ារបស់ខ្លួនចំពោះច្បាប់នេះ។
សន្តិសុខទាំងនោះ បានទាញលោក ស៊ុត ចិត្រ មន្ត្រីសហព័ន្ធសហជីពចលនាកម្មករកម្ពុជា ចេញពីរដ្ឋសភា ហើយពេលនោះសន្តិសុខម្នាក់ដែលពាក់មួយសុវត្ថិភាពពណ៌សមានក្បាំងបិទមុខជិត បានដាល់មន្ត្រីសហជីពរូបនោះចំចំណុចក្បែរភ្នែកខាងឆ្វេងបណ្ដាលឲ្យបែកឈាម។ ក្រោយហេតុការណ៍នោះ លោក ស៊ុត ចិត្រ បាននិយាយថា ”ខ្ញុំមិនបាននិយាយទៅកាន់ពួកគេទេ គេបានចាប់ក្រៀកខ្ញុំចេញ ហើយក៏មកវ៉ៃខ្ញុំតែម្ដង”។
អ្នកស្រីបានចោទសួរថា “យើងគ្រាន់តែតវ៉ាដោយសន្តិវិធី ហើយមិនបានបង្កការកកស្ទះចរាចរណ៍ទេ ហេតុអីបានជាអ្នកឯងប្រើហិង្សាមកលើពួកយើង? នេះឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលខ្មែរ មិនការពារកម្មកររបស់យើងទេ”។
ទាក់ទិនអំពើហិង្សាកាលពីម្សិលមិញនេះ លោក គឹម វុត្ថា និងលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ ចំណែកឯលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សាលារាជធានីមិនទាន់ពិនិត្យមើលវីដេអូនៃហេតុការណ៍នេះទេ ប៉ុន្តែបានលើកឡើងថា សហជីពគឺជាអ្នកខុស។ លោកបានថ្លែងថា “ពួកគាត់ធ្វើការតវ៉ាដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរ”។
នៅក្នុងការអំពាវនាវចុងក្រោយសុំឲ្យពន្យារពេលអនុម័តច្បាប់នេះកាលពីពេលរសៀល លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងប្រាប់រដ្ឋសភាថា ធាតុផ្សំដែលមានបញ្ហាមួយចំនួននៃច្បាប់នេះនៅតែមិនទាន់មានការកែប្រែពីសេចក្ដីព្រាងមុនៗទេ។
ជាពិសេសលោកបានមានប្រសាសន៍ថា ច្បាប់នេះមិនបានរាប់បញ្ចូលបទប្បញ្ញត្តិដែលរារាំងប្រធានសហជីពមិនឲ្យធ្វើការបម្រើនិយោជក ឬរដ្ឋាភិបាល ឬបង្កើតតុលាការការងារឯករាជ្យដែលនឹងដំណើរការដាច់ដោយឡែកពីប្រព័ន្ធតុលាការមានស្រាប់ឡើយ។
ទោះជាយ៉ាងណា លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា តុលាការការងារនឹងត្រូវបង្កើតឡើងនៅត្រឹមឆ្នាំ២០១៧។
តាមរយៈសេចក្ដីថ្លែងការណ៍មួយចេញបន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តកាលពីម្សិលមិញ អង្គការ ILO បានលើកឡើងថា គណៈកម្មការត្រួតពិនិត្យរបស់ខ្លួននឹងពិភាក្សាដេញដោលអំពីភាពស្របច្បាប់នៃកំណែច្បាប់ដែលត្រូវបានអនុម័ត។
លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា Central បានមានប្រសាសន៍ថា ការអនុម័តរបស់អង្គការ ILO មានសារៈសំខាន់ចំពោះវិស័យកាត់ដេរដែលផ្ដល់ការងារដល់កម្មករប្រមាណ៧០០.០០០នាក់ដែលភាគច្រើនជាស្ត្រីវ័យក្មេង។
លោកលើកឡើងថា “សេចក្ដីព្រាងច្បាប់នេះពិតជាមិនស្របតាមរដ្ឋធម្មនុញ្ញទេ ហើយប្រឆាំងនឹងអនុសញ្ញា។ ដូច្នេះនៅពេលច្បាប់បំពានរដ្ឋធម្មនុញ្ញ និងអនុសញ្ញា វាក៏នឹងប៉ះពាល់ដល់យីហោសម្លៀកបំពាក់អន្តរជាតិដែរ។ ដោយសារយីហោសម្លៀកបំពាក់ទាំងនោះ នៅពេលគេនិយាយជាមួយអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប គេនិយាយថា កម្ពុជាមានច្បាប់ល្អ។ ប៉ុន្តែនៅពេលមានច្បាប់ដែលបំពានរដ្ឋធម្មនុញ្ញ នោះនឹងប៉ះពាល់ដល់ការជឿទុកចិត្តដែលគេមានជាមួយអ្នកប្រើប្រាស់”។
លោកបានមានប្រសាសន៍ទៀតថា បណ្តាប្រធានសហជីពនឹងជួបជុំគ្នាដើម្បីពិភាក្សាអំពីរបៀបរៀបចំ នៅពេលច្បាប់នេះធ្លាក់ដល់ដៃព្រឹទ្ធសភា និងទីបំផុតទៅដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលគេសុទ្ធតែរំពឹងថានឹងអនុម័តវា។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចេញមតិប្រឆាំងបទប្បញ្ញត្តិនានានៅក្នុងច្បាប់នេះអស់រយៈពេលជាច្រើនខែ ពេលនេះនិយោជកនឹងបង្វែរការចាប់អារម្មណ៍របស់ខ្លួនទៅលើរបៀបអនុវត្តច្បាប់នេះវិញម្តង។
លោកថ្លែងថា “ជាការពិត យើងនឹងលែងស្នើសុំឲ្យរដ្ឋាភិបាលពិចារណាធ្វើវិសោធនកម្មច្បាប់នេះទៀតហើយ ពីព្រោះច្បាប់នេះត្រូវបានអនុម័តហើយ” ហើយថា ក្ដីបារម្ភនៅតែមានចំពោះការកម្រិតទាបសម្រាប់ចំនួនកម្មករដែលត្រូវការដើម្បីបង្កើតសហជីពមួយដែលច្បាប់កំណត់ត្រឹម១០នាក់។
លោកមានប្រសាសន៍ទៀតថា “នោះជាបញ្ហា ប៉ុន្តែប្រសិនបើរដ្ឋាភិបាលម៉ឺងម៉ាត់ចំពោះមាត្រាផ្សេងទៀតៗនៃច្បាប់នេះ វាជាការប្រសើរ។ បើសហជីពគោរពច្បាប់ យើងនឹងគ្មានបញ្ហាច្រើនដូចសព្វថ្ងៃទេ ហើយសហជីពទាំងអស់សុទ្ធតែអាចដំណើរការបានជាមួយនឹងនិទណ្ឌភាព”៕ សុខុម (រាយការណ៍បន្ថែមដោយ Colin Meyn)