The Cambodia Daily Khmer

CPP ​​អបអរ​​​ “ថ្ងៃ​កំណើត​ទី២” ខណៈ​លោក កឹម សុខា ទៅ​គោរព​ផ្នូរ​ កែម ឡី​

ខណៈគណបក្សប្រជាជនកម្ពុជារៀបចំពិធីយ៉ាងអធិកអធមសម្បើម អមដោយការឃោសនានៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ ដើម្បីអបអរសាទរការដួលរលំនៃរបបខ្មែរក្រហម លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិបានហែក្បួនទៅកាន់ផ្នូរលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងធ្វើឃាត ដល់ខេត្តតាកែវ។

គណបក្សកាន់អំណាចចាត់ទុកថ្ងៃ៧មករា ឬថ្ងៃជ័យជម្នះជាកំណើតទី២របស់កម្ពុជា បន្ទាប់ពីការគ្រប់គ្រងដ៏ព្រៃផ្សៃរបស់ ប៉ុល ពត ខណៈមនុស្សជាច្រើននៅក្នុងគណបក្សប្រឆាំងចាត់ទុកវាជាការចាប់ផ្ដើមការត្រួតត្រារយៈពេល១ទសវត្សរ៍ពីសំណាក់ប្រទេសវៀតណាម ដែលខ្លួននិយាយថា បន្តប្រើប្រាស់ឥទ្ធិពលមិនត្រឹមត្រូវមកលើគណបក្សប្រជាជនកម្ពុជា។

ចូលរួមជាគណៈអធិបតីនៃពិធីរបស់គណបក្សកាន់អំណាចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាផ្ដោតសំខាន់លើការនឹកអាឡោះអាល័យដល់អតីតកាល និងការព្រមានអ្នកដែលប្រឆាំងរបបរបស់លោក។

លោក ហ៊ុន សែន បានចាត់ទុកថ្ងៃ៧មករាជា “ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម”។

ចំពោះអ្នកផ្សេងដូចជាលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលមើលមិនឃើញតម្លៃអ្វីដែលគួរអបអរសាទរនៅថ្ងៃ៧មករាជាដើម លោក ហ៊ុន សែន មានប្រសាសន៍ថា សាររបស់ពួកគេគឺបង្ហាញច្បាស់ហើយ។

លោកបានលើកឡើងយ៉ាងដូច្នេះថា “មានតែអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងអ្នកដែលចង់ប្រើប្រាស់កម្ពុជាដើម្បីសម្រេចគោលបំណងអាក្រក់របស់ខ្លួន ដោយពុំគិតដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះដែលប្រឆាំងនឹងជ័យជម្នះ៧មរា”។

ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការពាក់ព័ន្ធដ៏ស្មុគស្មាញរបស់ប្រទេសមហាអំណាចនៅក្នុងប្រវត្តិសាស្ត្រដ៏មហន្តរាយ ដែលបានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០នេះ ហើយបានបញ្ជាក់ថា គណបក្សរបស់លោកនឹងធានាមិនឱ្យការជ្រៀតជ្រែកបែបនេះកើតឡើងទៀតឡើយ។

លោកបានបន្តថា “យើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវរាល់សកម្មភាពប្រទូសរា៉យ ទោះបីចេញពីប្រភពណាក៏ដោយដែលអាចធ្វើឱ្យខ្មែរបែកបាក់គ្នាជាថ្មីទៀត” ហើយលោកបានបញ្ជាក់ជាថ្មីម្ដងទៀតថា រដ្ឋាភិបាលនឹងមិនអត់ឱនឱ្យឡើយចំពោះ “បដិវត្ដន៍ពណ៌” ដែលបង្កឡើងដោយជនបរទេសបង្ករឿង ដែលលោកមិនបញ្ចេញឈ្មោះ។

បន្ទាប់ពីបញ្ចប់សុន្ទរកថារបស់លោក លោក ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានលែងសត្វព្រាប ខណៈប៉េងប៉ោងរាប់រយហោះឡើងទៅលើមេឃ អមដោយបដាសរសេរថា “គណបក្សប្រជាជនកម្ពុជាបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍”។

មុនពេលចាកចេញទៅវិញ លោក ហ៊ុន សែន បានដើរទៅកាន់អ្នកចូលរួមដើម្បីចាប់ដៃស្វាគមន៍ និងថតរូបស៊ែលហ្វី។

ទោះជាយ៉ាងណា ខណៈគណបក្សប្រជាជនកម្ពុជាកំពុងប្រារព្ធអបអរសាទរ លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីបួងសួងនៅពីមុខផ្នូរលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ និងបានជួបជាមួយក្រុមគ្រួសាររបស់លោក ព្រមទាំងថតរូបបង្ហោះតាមហ្វេសប៊ុកទៀតផង។

លោក កឹម សុខា បានសរសេរសារបង្ហោះតាមហ្វេសប៊ុកថា “នេះជាលើកដំបូងដែលខ្ញុំបានមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ផ្ទាល់នៅផ្នូររបស់លោកក្នុងគេហដ្ឋានរបស់លោក” ហើយបានគូសបញ្ជាក់ថា គ្រាចុងក្រោយបង្អស់ដែលលោកទាំងពីរបានជួបគ្នា លោកទាំងពីរបានពិភាក្សាគ្នាផ្ដោតជាសំខាន់លើយុទ្ធសាស្ត្របោះឆ្នោតឃុំ សង្កាត់។

លោកបានសរសេរអំពីអ្នកវិភាគរូបនេះដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់កាលពីខែកក្កដា ដែលមជ្ឈដ្ឋានជាច្រើនជឿថាជារឿងនយោបាយថា “សូមវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅដល់ស្ថានសុគតិភព ហើយយើងខ្ញុំនឹងនៅតែបន្តស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត”។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលត្រូវបាននិរទេសជាផ្លូវការចេញពីប្រទេសកម្ពុជា បានចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលលោកតែងតែធ្វើនៅថ្ងៃ៧មករា  ដោយបានបង្ហោះឡើងវិញនូវសារកាលពីឆ្នាំមុន អមដោយរូបថ្លុកដដែលនៃបុរសវៀតណាមពាក់ដួនម្នាក់ដុតបំផ្លាញផ្ទះនៅឆ្នាំ១៩៧៥ ហើយត្រឡប់មកពន្លត់ភ្លើងវិញនៅឆ្នាំ១៩៧៩។

លោកបានសរសេរថា “បើគ្មានពួកយួនកុម្មុយនីស្តជួយខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ក៏គ្មានថ្ងៃ១៧មេសា ១៩៧៥ដែរ។ ដូច្នេះមួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកុម្មុយនីស្តដើម្បីលេបត្របាក់ទឹកដីយើង និងបំភាន់ភ្នែកប្រជារាស្ត្រខ្មែរ។ មកដល់ពេលនេះ (ឆ្នាំ២០១៧) ពួកអ្នកបម្រើផលប្រយោជន៍បរទេសឈ្លានពាននៅតែធ្វើបាប និងរករឿងខ្មែរគ្នាឯងឥតឈប់ឈរ (រហូតដល់លួចសម្លាប់ ឬតាមចាប់ដាក់គុកអ្នកស្នេហាជាតិ) ដើម្បីឱ្យប្រទេសជាតិយើងបែកបាក់ក្នុងគោលបំណងរក្សាអាណានិគមនិយមវៀតណាមមកលើប្រទេសកម្ពុជា”។

នៅក្នុងកំណត់ត្រាសិក្សាមួយចេញផ្សាយកាលពីថ្ងៃសុក្រដែលមានចំណងជើងថា “ការធ្វើដំណើរឱ្យហួសថ្ងៃ៧មករា” (Moving Beyond the January 7 Narrative) អង្គការវេទិកាអនាគតបានលើកឡើងថា ការជជែកដេញដោលអំពីអត្ថន័យនៃថ្ងៃ៧មករា មិនត្រឹមតែជារឿងចាស់គំរឹលនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគណបក្សទាំងពីរមិនបានផ្ដោតយកចិត្តទុកដាក់លើបញ្ហានានាដែលមានសារៈសំខាន់ជាងនេះឆ្ងាយចំពោះប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្នទៀតផង។

អ្នកសរសេរកំណត់សិក្សានេះបានលើកឡើងថា “ជំនួសឱ្យការបង្កើតកម្មវិធីនយោបាយដែលអាចសម្រេចបាន ដោយផ្ដល់ដំណោះស្រាយអាចទៅរួចដើម្បីដោះស្រាយបញ្ហាជាច្រើនរបស់កម្ពុជា ភាគីទាំងពីរនៅតែស្ថិតក្នុងស្ថានភាពរបស់ខ្លួនដដែល ពោលគឺពួកគេបន្តអះអាងប្រឆាំងគ្នាទៅវិញទៅមកជាច្រើនទសវត្សរ៍ពាក់ព័ន្ធប្រវត្តិសាស្ត្រ”។

សំដៅដល់សមរភូមិច្បាំងគ្នាពេញ១ទសវត្សរ៍ឆ្នាំ១៩៨០ រវាងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាមនៅភ្នំពេញ និងកងកម្លាំងតស៊ូនៅព្រំដែនថៃ ដែលលោក កឹម សុខា និងលោក សម រង្ស៊ី សុទ្ធតែមានចំណែកពាក់ព័ន្ធនោះ កំណត់ត្រានេះបានបន្តថា “កាំភ្លើងបានស្ងប់ស្ងាត់ហើយ ប៉ុន្តែសង្គ្រាមស៊ីវិលចាស់នៅតែបន្ត”។

លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រៅពីថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាច និងអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍តិចតួចណាស់លើថ្ងៃ៧មករា ក្នុងចំណោមអ្នកបោះឆ្នោតដែលអន្ទះសាចង់ដឹងពីវិធីដែលអ្នកនយោបាយអាចធ្វើឱ្យអនាគតរបស់កម្ពុជាប្រសើរឡើង។

លោកបានថ្លែងថា “បើគណបក្សប្រជាជនកម្ពុជាបន្តផ្ដោតលើរឿងនេះ ពួកគេនឹងបាត់បង់អ្នកគាំទ្រ យុវជនមិនចាប់អារម្មណ៍ទេ”

ហើយលោកបានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក្រៅពីលោក សម រង្ស៊ី មិនចាប់អារម្មណ៍រឿងគណបក្សប្រជាជនកម្ពុជាឡើយនៅឆ្នាំនេះ ដោយទំនងជាសង្ឃឹមបន្តការជជែកដ៏រសើប ដើម្បីឱ្យមានការដោះលែងអ្នកទោសដែលត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងនយោបាយ។

ទោះជាយ៉ាងណា លោកបានលើកឡើងថា ពេលវេលានៃការធ្វើដំណើររបស់លោក កឹម សុខា ទៅកាន់ខេត្តតាកែវមិនមែនជារឿងចៃដន្យឡើយ។ លោកមានប្រសាសន៍ថា “ពួកគាត់មិនចង់និយាយអ្វីទាំងអស់ ប៉ុន្តែពួកគាត់ចង់ចំណាយពេលទៅជួបលោក កែម ឡី។ វាបង្ហាញដល់សាធារណជនថា ពួកគាត់យកចិត្តទុកដាក់ចំពោះលោក កែម ឡី មិនមែនថ្ងៃ៧មករានោះទេ”៕ សុខុម (រាយការណ៍បន្ថែមដោយ Colin Meyn)

Exit mobile version