The Cambodia Daily Khmer

មន្រ្តីជាន់ខ្ពស់សង្ឃខេត្តសៀមរាបសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ក្រោយរកឃើញប្រព្រឹត្តខុសវិន័យសង្ឃ

មន្ត្រីជាន់ខ្ពស់សង្ឃខេត្តសៀមរាប បានចេញសង្ឃសម្រេចប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត ដែលគង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបចេញពីភេទជាបព្វជិត កាលពីថ្ងៃម្សិលមិញ។
ក្នុងសេចក្តីសម្រេចរបស់ថេរសភាខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្សឹកព្រះសង្ឃ លួន សុវ៉ាត ក្រោមសេចក្តីសន្មត់ថា ព្រះអង្គបានសេពមេថុនធម្ម ឬសេពកាម ខុសធម៌វិន័យ។
ព្រះប្រធានថេរសភាខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេង បានមានថេរដីការក្នុងលិខិតនោះថា អង្គប្រជុំថេរសភា បានស្ដាប់វីដេអូសារជាសំឡេងសន្ទនារៀបរាប់រវាង ភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្ដាយ និងកូនស្រី នៅក្នុងវីដេអូបែកធ្លាយមួយ រួមទាំងកំណត់ហេតុពីភាគីខាងស្រី ទើបឈានដល់ការសន្មត់ថា ព្រះអង្គសេពមេថុនធម្ម ជាមួយស្ត្រីភេទពិតប្រាកដមែន។
ប្រភពដដែលថា តាមព្រះវិន័យចែងក្នុងសិក្ខាបទ ត្រង់អាបត្តិបរាជិក ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឱ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈ។
លិខិតដដែលនោះ សម្រេចថា ព្រះអង្គ លួន សុវ៉ាត លែងជាបុព្វជិតទៀតហើយ បន្ទាប់ពីចេញសេចក្តីសម្រេចនេះ។ ក្រោយចេញសេចក្តីសម្រេចនេះ ប្រសិនបើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរ ជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគុណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន។
The Cambodia Daily មិនទាន់អាចទាក់ទងព្រះម្ចាស់ លួន សុវ៉ាត បាននៅឡើទេនៅថ្ងៃនេះ។
យ៉ាងនេះក្តី ភិក្ខុ លួន សុវ៉ាត ត្រូវបានសាធារណៈជនស្គាល់ភាគច្រើនថាជាសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសង្គម ដោយព្រះអង្គបានធ្វើការងារសង្គម ព្រមទាំងរឿងមនុស្សធម៌ជាច្រើន។ កន្លងមកព្រះអង្គធ្លាប់រងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរដ្ឋាភិបាល ការបណ្តេញចេញមិនឱ្យគង់នៅវត្តនារាជធានីភ្នំពេញ និងការចោទប្រកាន់ផ្សេងៗផងដែរ៕

Exit mobile version