The Cambodia Daily Khmer

ACU នាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងមកសាកសួរបន្ថែមករណីចោទប្រកាន់ពីបទពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០១ ខែកក្កដា នេះ បាននាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង មកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សាព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានដកស្រង់សម្តីរបស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចុះផ្សាយនៅថ្ងៃទី០១ ខែកក្កដា នេះថា លោក ស៊ូ អារ៉ាហ្វាត់ ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង។ លោកបន្តថា ករណីនេះជាករណីតែមួយ ជាមួយករណីឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួន កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដែរ។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ  ខណៈដែលឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ដែរនោះ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនលោក ហ៊ុន សែន មកសាកសួរករណីបែកធ្លាយព័ត៌មាន អំពីការឲ្យលុយ កញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន១លានដុល្លារ ជាថ្នូដើម្បីបែកចេញពីបក្សសង្គ្រោះជាតិ ហើយបែរមុខព្រួញវាយប្រហារ មកលើគណបក្សសង្គ្រោះជាតិវិញ។

ពួកគេនិយាយថាអង្គភាពប្រឆាំងអំពើពុករលួយគួរមានសេចក្តីក្លាហាន ហើយហ៊ានធ្វើកិច្ចការរបស់ខ្លួនដោយឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច ឬឥទ្ធិពលនៃគ្រួសារត្រកូលហ៊ុន នោះឡើយ៕

Exit mobile version