The Cambodia Daily Khmer

រដ្ឋបាលខេត្តព្រះសីហនុ បញ្ចប់ធ្វើចត្តាឡីស័ក ពលរដ្ឋភូមិ២៣ និងបើកដំណើរការលក់ដូរផ្សារទំនប់រលកឡើងវិញ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទបញ្ចប់ការធ្វើចត្តាឡីស័ក និងបើកដំណើរអាជីវកម្មលក់ដូរ ឡើងវិញ ចំពោះពលរដ្ឋរស់នៅតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ប៉ុន្តែរដ្ឋបាលខេត្តនេះ បានណែនាំឲ្យពលរដ្ឋទាំងអស់ អនុវត្តន៍វិធានការបិទខ្ទប់ក្រុងព្រះសីហនុ ដែលនៅជាធរមាន រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេចស្ដីពីការបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក ចំពោះក្រុមចំនួន ៣៦ នៃភូមិ០៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយបានដាក់មូលដ្ឋាននេះ ជាមណ្ឌលចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ Covid-19 នាពេលកន្លងស្របតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ទោះបីជាអាជ្ញាធរបានបញ្ចប់ការធ្វើចត្តាឡីស័កនៅតំបន់នេះ ដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរចេញចូល និងប្រកបរបរអាជីវកម្មលក់ដូរដូច ធម្មតាវិញក៏ដោយ ប៉ុន្តែតម្រូវឲ្យពលរដ្ឋចូលរួមគោរពគោលការណ៍ និងការសម្រេចបិតតំបន់មួយចំនួនទៀតនៃខេត្តនេះផងដែរ។

សេចក្តីសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គឺតម្រូវឲ្យពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវមានលទ្ធផលតេស្ដអវិជ្ជមានCovid-19 ចំនួន២ដង ដែលបញ្ជាក់ដោយមន្ត្រីសុខាភិបាល។

អាជីវកម្មត្រូវបើកដំណើរការលក់ដូរចាប់ពីម៉ោង ០៦នាទីព្រឹក ដល់ម៉ោង ០៥នាទីរសៀល ហើយអាជីវករត្រូវរៀបចំ ឲ្យមានគម្លាតសុវត្ថិភាព និងត្រូវមានអាល់កុលសម្រាប់អតិថិជនសម្អាត ព្រមទាំងអនុវត្តតាមក្បួនអនាម័យ និងគម្លាតសង្គមផ្សេងទៀត។

មិនត្រឹមតែប៉ុណ្ណោះ ទាំងអាជីវករ និងអតិថិជន ត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវ ហើយជាពិសេស ត្រូវគោរពតាមការណែនាំ របស់អាជ្ញាធរឲ្យបានដាច់ខាត។ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីសម្រេចស្ដីពី ការកំណត់ភូមិសាស្ត្រភូមិចំនួន ០៥ គឺចាប់ពីភូមិ១ ដល់ភូមិ៥ នៃសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺCovid-19 ដាក់ជា «តំបន់ក្រហម» ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ។

ការសម្រេចនេះ បញ្ជាក់ថា ការកំណត់ភូមិសាស្ត្រទាំង ០៥ភូមិ នៃសង្កាត់លេខ៤ ដាក់ជាតំបន់ក្រហមនេះ មានគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្ងន់ធ្ងរ៕

Exit mobile version