មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព និងកំពុងរងការឃ្លាំមើលពីបក្សកាន់អំណាច អះអាងថា រដ្ឋាភិបាលស៊ុយអែត ដែលជាមិត្តរបស់កម្ពុជា នៅតែបន្តជួយពលរដ្ឋខ្មែរក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ រួមទាំងវិស័យមួយចំនួនទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយឯកអគ្គរាជទូតប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះថា ចរន្តនយោបាយធំៗនៅកម្ពុជា គឺចរន្តនយោបាយតស៊ូមតិកម្រិតជាតិ និងចរន្តនយោបាយតស៊ូមតិការបរទេស ដែលទាំងនោះបង្ហាញឲ្យឃើញច្បាស់ថា លោក កឹម សុខា កំពុងមានប្រៀបខ្លាំងលើចរន្តនយោបាយការបរទេសជាងមេដឹកនាំនយោបាយនៅកម្ពុជាណាៗទាំងអស់។
លោកអះអាងថា បណ្តាមន្ត្រីជាន់ខ្ពស់ការបរទេសនៃប្រទេសមហាអំណាច និងអង្គទូតនៃប្រទេសលោកសេរីទាំងអស់ សុទ្ធតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់នូវសេរីភាពដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យ៉ាងម៉ឺងម៉ាត់។
លោក ហ៊ុន កុសល បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តរឹតត្បិតសេរីភាពមេបក្សប្រឆាំង និងនៅតែជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យទៀត នោះកម្ពុជានឹងប្រឈមការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីបណ្តាប្រទេសលោកសេរីជាបន្តបន្ទាប់ សូម្បីដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា ក្នុងឆ្នាំ២០២២ ក៏បណ្តាប្រទេសលោកសេរីទាំងនោះនឹងមិនទទួលស្គាល់ផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះថា ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា ជិតចប់អាណត្តិលោក Bjorn Haggmark បានទៅជម្រាបលាលោកដល់គេហដ្ឋានរបស់លោកផ្ទាល់ក្នុងទីក្រុងភ្នំពេញ។
លោកអះអាងថា ក្នុងជំនួបនេះ ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា លោក Bjorn Haggmark បានបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលស៊ុយអែត ដែលជាមិត្តរបស់កម្ពុជា នៅតែបន្តជួយដល់ពលរដ្ឋខ្មែរក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាវិស័យមួយចំនួនទៀតផងដែរ។
លោក កឹម សុខា បញ្ជាក់ថា ក្រៅពីសកម្មភាពផ្តល់ជំនួយមនុស្សធម៌ដែលលោកបានចែកជូនដល់ពលរដ្ឋខ្មែរដែលខ្វះខាតដោយសាររងផលប៉ះពាល់នៃជំងឺ Covid-19 ក្នុងរយៈពេលមួយខែមិថុនា ឆ្នាំ២០២១ នេះ លោកក៏បានជួបអ្នកការទូតចំនួន ៧ប្រទេសដែលជាមិត្តរបស់កម្ពុជាជាបន្តបន្ទាប់។
កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនពីបទឃុបឃិតជាមួយរដ្ឋបរទេស និងត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំងត្រពាំងផ្លុង។ រហូតមកទល់នឹងពេលនេះ លោក កឹម សុខា នៅតែស្ថិតក្រោមការតាមដានរបស់តុលាការកម្ពុជា ដែលបានហាមមិនឲ្យលោកធ្វើសកម្មភាពពាក់ព័ន្ធនឹងរឿងនយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត។
ទោះជាបែបនេះក្តី ប្រធានបក្សប្រឆាំងរូបនេះនៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការប្រកាសផ្អាកសវនាការរបស់លោកជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា មេបក្សប្រឆាំងលោក កឹម សុខា មិនអាចបន្តនៅស្ងៀមបែបនេះរហូតនោះទេ ព្រោះថាការធ្វើនយោបាយការទូត គឺជាការតស៊ូមតិគ្រប់រូបភាព និងគ្រប់វិធីសាស្ត្រ ដើម្បីរកយុត្តិធម៌ជូនគណបក្សរបស់ខ្លួនដែលត្រូវគេរំលាយទាំងអយុត្តិធម៌ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៥០០៧នាក់ ដែលមិនទាន់ផុតអាណត្តិនៅពេលនេះ៕