មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងថា ការតស៊ូត្រូវតែទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខាន បើទោះបីជាការងើបឡើងរើបម្រះពីការគាបសង្កត់របស់រដ្ឋាភិបាលផ្ដាច់ការដែលនឹងមានវាសនាត្រូវគេចាប់ដាក់គុក រត់ចោលស្រុក ឬត្រូវគេសម្លាប់ដូចជាបណ្ឌិត កែម ឡី ក៏ដោយ។
មន្ត្រីជាន់ខ្ពស់ CCIM បានលើកឡើងបែបនេះនៅក្នុងកម្មវិធីបុណ្យខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ដែលបានធ្វើឡើងនៅវត្តសាមគ្គីរតនារាម ទីក្រុងតាកូម៉ា (Tacoma) ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង អះអាងថា ប្រសិនបើពលរដ្ឋខ្មែរទាំងអស់គ្នាចង់បានយុត្តិធម៌ តែមិនចូលរួមតស៊ូលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គមទេ នោះរឿងអយុត្តិធម៌ទាំងនោះនឹងធ្លាក់មកខ្លួនឯងនៅថ្ងៃណាមួយមិនខាន បើទោះបីជាថ្ងៃនេះភាពអយុត្តិធម៌នោះបានធ្លាក់លើអ្នកដទៃក៏ដោយ។
លោកអះអាងទៀតថា ក្នុងនាមជាពលរដ្ឋខ្មែរដែលធ្លាប់មានបុព្វបុរសជាអ្នកតស៊ូដើម្បីជាតិ ទឹកដី និងប្រជាជន បើទោះបីជាមានការបង្ក្រាបពីសំណាក់រដ្ឋាភិបាលផ្ដាច់ការបច្ចុប្បន្នក៏ដោយ ក៏មិនអស់ពូជពង្សខ្មែរដែលមានឈាមជ័រជាអ្នកងើបឡើងតស៊ូដើម្បីជាតិ ទឹកដី និងប្រជាជននោះដែរ ក្នុងនោះក៏ធ្លាប់មានវរជនខ្មែរដែលហ៊ានលះបង់ជីវិតរួចមកហើយ ដូចជាលោក ឈុត វុទ្ធី លោក ជា វិជ្ជា ព្រះភិក្ខុ សំ ប៊ុនធឿន និងបណ្ឌិត កែម ឡី ជាដើម។
លោក ប៉ា ងួនទៀង អំពាវនាវឲ្យពលរដ្ឋខ្មែរ អ្នកនយោបាយទាំងអស់ ប្រសិនបើពិតជាគោរពស្រឡាញ់បណ្ឌិត កែម ឡី សូមនាំគ្នាបញ្ឈប់នូវការវាយប្រហារលើភរិយារបស់គាត់បន្តទៀត តែគួរនាំគ្នាជួយទំនុកបម្រុងគ្រួសារលោកជំនួសវិញ ដែលនោះគឺជាគំរូល្អមួយឲ្យឃើញថា អ្នកដែលស្នេហាជាតិពិតប្រាកដ គឺត្រូវបានលើកតម្កើង មិនមែនត្រឹមតែខ្លួនគាត់នោះទេ គឺរហូតដល់ក្រុមគ្រួសាររបស់គាត់ថែមទៀត ដើម្បីបង្កើនស្មារតីស្នេហាជាតិឲ្យកាន់តែខ្លាំងដល់កូនខ្មែរជំនាន់ក្រោយ។
ពិធីបុណ្យខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ដែលធ្វើឡើងនៅរដ្ឋវ៉ាស៊ីនតោន (Washington) មានការចូលរួមពីពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកប្រមាណជា ៨០នាក់ ក្នុងនោះរួមមានមន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រធាន KVD លោក ហឿន ឆាយ វឿក និងតំណាងគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋវ៉ាស៊ីនតោន លោក សុស ច័ន្ទតារា ជាដើម ដែលមានការផ្សាយផ្ទាល់ពីសារព័ត៌មាន The Cambodia Daily ពីវត្តសាមគ្គីរតនារាម តែម្តង។
ប្រធាន KVD លោក ហឿន ឆាយ វឿក បានលើកឡើងក្នុងសុន្ទរកថារបស់លោកក្នុងកម្មវិធីបុណ្យខួបបណ្ឌិត កែម ឡី ថា ដើម្បីរកយុត្តិធម៌នៃបណ្ឌិត កែម ឡី ទាល់តែពលរដ្ឋខ្មែរប្តូររដ្ឋាភិបាលផ្ដាច់ការបច្ចុប្បន្ននេះចេញជាមុនសិន នោះទើបទឹកដីខ្មែរ និងប្រជាជនអាចមានសន្តិភាព និងទទួលបានយុត្តិធម៌ចំពោះអ្នកដែលបានបាត់បង់ជីវិតដោយការតស៊ូដើម្បីសេរីភាពនៃទឹកដីនេះ។
លោកអះអាងថា ឲ្យតែរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែដឹកនាំប្រទេស អ្នកស្នេហាជាតិគ្មានឱកាសបញ្ចេញស្នាដៃជួយកសាងទឹកដីជូនជាតិមាតុភូមិរបស់ខ្លួនឡើយ ផ្ទុយទៅវិញនៅពេលអ្នកទាំងនោះចេញមុខដើម្បីទាមទារយុត្តិធម៌ និងសេរីភាពឲ្យជនរួមជាតិរបស់ខ្លួន គឺមានតែស្លាប់ និងជាប់គុកតែប៉ុណ្ណោះ ជាក់ស្តែងដូចជាបណ្ឌិត កែម ឡី ដែលបានចេញមុខលាតត្រដាងការពិតដើម្បីកែប្រែសង្គមរហូតគេបញ្ចប់ជីវិតរបស់លោក។
ចំណែកតំណាងគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋវ៉ាស៊ីនតោន លោក សុស ច័ន្ទតារា ថ្លែងថា ការលះបង់ជីវិតរបស់បណ្ឌិត កែម ឡី គឺជាគ្រាប់ពូជនៃស្មារតីមួយក្នុងការផ្លាស់ប្ដូរសង្គមជាវិជ្ជមានទៅថ្ងៃមុខ។ ដូច្នេះ ក្នុងនាមជាអ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី ត្រូវតែនាំគ្នាធ្វើជាពលរដ្ឋសកម្មក្នុងការបន្តស្មារតីនេះឲ្យបានកាន់តែច្រើនឡើង ដើម្បីសង្គមខ្មែរមានយុត្តិធម៌ និងមាននីតិរដ្ឋពេញលេញនៅថ្ងៃអនាគត។
លោកបញ្ជាក់ថា ដើម្បីតបស្នងសងគុណបណ្ឌិត កែម ឡី ដែលបានលះបង់ជីវិតដើម្បីប្រជាពលរដ្ឋខ្មែរ គឺត្រូវតែនាំគ្នាបន្តការងាររបស់លោកជានិច្ច ប៉ុន្តែបើគ្រាន់តែនាំគ្នាឈឺចាប់ ហើយមិនបានរួមគ្នាធ្វើឲ្យសង្គមមួយដែលពោរពេញទៅដោយភាពអយុត្តិធម៌នោះនៅតែបន្តបែបនេះទៀត នោះការឈឺចាប់នេះនឹងមិនបានជាប្រយោជន៍អ្វីទាល់តែសោះសម្រាប់សង្គមជាតិ ក៏ដូចជាការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងអ្នកដែលបានបាត់បង់ជីវិតដទៃទៀតនោះដែរ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅហាងស្តារម៉ាតកាល់តិច (Star Mart Caltex) ស្តុបបូកគោ កណ្តាលទីក្រុងភ្នំពេញ ក្នុងវ័យ ៥០ឆ្នាំ ទាំងកណ្តាលថ្ងៃ។ រហូតមកទល់នឹងពេលនេះ ពន្លឺយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារលោក ហាក់ងងឹតសូន្យសុង ស្របពេលដែលតុលាការកម្ពុជាបានកាត់ទោសឃាតកសិប្បនិមិត្តឲ្យជាប់ពន្ធនាគាររួចទៅហើយនោះ៕