The Cambodia Daily Khmer

មន្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-A ប្រកាស​លាឈប់​ពី​តួនាទី

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A លោក យ៉ង់ ណុយ ឬ​លោក យ៉ង់ ប្រេឌី ណុយ ឬ Brady Young

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស CNRP-A (CNRP-American) បាន​សម្រេច​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ប្រចាំ​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ក្រុម CNRP-A និង​ក្រុម CNRP-O (CNRP Oversea) លួច​ជួយ​គណបក្ស​បេះដូង​ជាតិ​នៅ​កម្ពុជា ដែល​ទើប​នឹង​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A លោក យ៉ង់ ណុយ ឬ​លោក យ៉ង់ ប្រេឌី ណុយ ឬ Brady Young បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​លាលែង​ពី​តំណែង​នេះ គឺ​ដោយសារតែ​ក្រុម CNRP-A និង​ក្រុម CNRP-O នៅតែ​បន្ត​គាំទ្រ និង​ជួយ​ផ្គត់ផ្គង់​គណបក្ស​បេះដូង​ជាតិ ដែល​ផ្ទុយ​ស្រឡះ​ពី​គោលការណ៍ សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​ដែល​ជា​ជំហរ​ដើម​របស់​គណបក្ស​ពីមុន​មក។

លោក​អះអាង​ថា ក្រុម CNRP-A និង​ក្រុម CNRP-O តែង​វាយប្រហារ​ជេរប្រមាថ​អ្នក​បង្កើត​បក្ស​ថ្មីៗ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​សូម្បីតែ​អ្នក​ដែល​ធ្លាប់​ជេរ​គេ​ឯង​នោះ​ក៏​លួច​ទៅ​បង្កើត​បក្ស​ថ្មី ឬ​គាំទ្រ និង​ជួយ​ឧបត្ថម្ភ​ដល់​បក្ស​ថ្មី​ដែរ​នោះ គឺ​មានន័យ​ថា​ពួកគេ​បាន​រត់ចោល​គណបក្ស​សង្គ្រោះ​ជាតិ​បាត់​ហើយ។ លោក​ថា ករណី​នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​ថា ពួកគេ​បាន​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នៅ​ពេលនេះ ដូច្នេះ​លោក​ត្រូវតែ​លាឈប់​ដើម្បី​រក្សា​ជំហរ​នៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត។

លោក យ៉ង់ ប្រេឌី ណុយ ឬ Brady Young បញ្ជាក់​ជំហរ​ថា បេះដូង​លោក​នៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច ទោះ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ ក៏​មិន​ប្រែប្រួល​ដែរ ដូច្នេះ​បើ​សមាជិក​ដទៃ​ទៀត​មាន​បេះដូង​សង្គ្រោះ​ជាតិ​ពិតប្រាកដ អាច​មក​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​លោក​បាន​នៅ​ទីក្រុង​ឡងប៉ិច ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ថា ការ​សម្រេច​ចិត្ត​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A លោក យ៉ង់ ប្រេឌី ណុយ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ការ​លួច​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​ចោល​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អំពើ​ក្បត់​ដៃគូ​នយោបាយ​របស់​ខ្លួន​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន។

លោក​បញ្ជាក់​ថា ការ​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី គឺ​កំពុងតែ​ដើរ​ចូល​ក្នុង​អន្ទាក់​ល្បែង​នយោបាយ​របស់​បក្ស​កាន់​អំណាច ព្រោះ​ថា​មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ជំហរ​របស់​លោក​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា កន្លងទៅ​នេះ​ថា អ្នក​ចង់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាល់តែ​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​ជា​មុន​សិន ដូច្នេះ​ការ​បង្កើត​បក្ស​ថ្មី​នេះ​គ្រាន់តែ​ចូលរួម​បំពេញ​មហិច្ឆតា​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A ប្រចាំ​សហរដ្ឋ​អាមេរិក លោក យ៉ង់ ប្រេឌី ណុយ បាន​ដាក់​លិខិត​លាលែង​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A និង​លាលែង​ពី​គណៈកម្មការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណបក្ស​នេះ​ផង​ដែរ។

យ៉ាងណាក៏ដោយ លោក យ៉ង់ ប្រេឌី ណុយ ធ្លាប់​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចប់​សមាជិកភាព​របស់​លោក​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ដោយ​ចោទ​កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ថា​ជា​កូន​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ នៅ​ពេល​នោះ។

ប៉ុន្តែ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​គណបក្ស​តែងតាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A សាជាថ្មី នៅ​ក្នុង​ពិធី​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​២ នៅ​សហរដ្ឋ​អាមេរិក ទីក្រុង​អាតាឡង់តា កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅ ក៏​ជា​ថ្ងៃ​ដែល​ប្រកាស​ជា​ឯកតោភាគី​តែងតាំង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ស្តីទី​នៅ​ពេល​នោះ​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស CNRP-O លោក ប៉ុន សៅរី កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ បាន​រិះគន់​ចំៗ​ថា សកម្មជន​នៅ​មូលដ្ឋាន​ដែល​បាន​តស៊ូ​លះបង់​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កន្លងមក បាន​ផ្តល់​ក្តី​សង្ឃឹម​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​ទាំងនោះ​មិន​ដឹង​ខ្លួន​ទេ​ថា ទង្វើ​របស់​ពួកគេ​ក្នុង​ពេលនេះ គឺជា​ការ​ចូលរួម​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​បំផ្លាញ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ពេញ​ទំហឹង៕

Exit mobile version